ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្កើនសមត្ថភាព អាជ្ញាកណ្តាល- ចៅក្រមការ៉ាតេឆ្ពោះទៅ ប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ២០២២ និងស៊ីហ្គេម ២០២៣

48

ភ្នំពេញ៖លោកសាយ ណូរ៉ា អនុប្រធាន សហព័ន្ធកឡាការ៉ាតកម្ពុជា ថ្លែងថា សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាល អាជ្ញាកណ្ដាល-ចៅក្រមការ៉ាតេ ថ្នាក់ជាតិ ឆ្នាំ២០២១ ដែលបាន បញ្ចប់នាល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ គឺដើម្បី លើកកម្ពស់សមត្ថភាព អាជ្ញាកណ្ដាល ចៅក្រមការ៉ាតេថ្នាក់ជាតិ និងប្រមែលប្រមូលនូវ ធនធានអាជ្ញាកណ្ដាល-ចៅក្រម ឱ្យមានសក្តានុពល ដើម្បីត្រៀមរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាការ៉ាតេ ជ្រើសរើសជើងឯក អាស៊ីអាគ្នេយ៍ លើកទី៩ នាខែមីនា ឆ្នាំ២០២២ និងត្រៀមឆ្ពោះ ធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្តដំបូងរបស់កម្ពុជា។

លោកបន្ដថា ឆ្លងតាមរបាយការណ៍របស់ លោក ដែក ភារៈ អគ្គលេខាធិការរង សហព័ន្ធកីឡាការ៉ាតេកម្ពុជាបានបង្ហាញ ថា វគ្គបណ្តុះបណ្តាល អាជ្ញាកណ្ដាលចៅក្រម ការ៉ាតេ ថ្នាក់ជាតិ ឆ្នាំ២០២១នេះ សិក្ខាកាមមានការចេះដឹងច្បាស់លាស់ល្អ មានការវិវឌ្ឍ និងរីកចម្រើនពីមួយថ្ងៃ ទៅមួយថ្ងៃ ទាំងផ្នែកបរិមាណ និងគុណភាព ដោយទទួលបានលទ្ធផល ជាផ្លែផ្កាល្អប្រសើរ គួរជាទីមោទន។
លទ្ធផលនៃ នេះ ជាការឆ្លុះបញ្ចាំងនូវសមត្ថភាព ចំណេះដឹងបទពិសោធន៍​និងទេពកោសល្យរបស់ សិក្ខាកាមដែលជាអាជ្ញា កណ្ដាល-ចៅក្រមដែល បានធ្វើការហ្វឹកហាត់រៀន សូត្រអស់រយៈពេល ជាច្រើនឆ្នាំកន្លងមក។ក្នុងឱកាសដ៏ថ្លៃថ្លានេះ លោកអនុប្រធានបានផ្ដាំផ្ញើនូវ ចំណុចមួយចំនួនដល់ អាជ្ញាកណ្ដាល-ចៅក្រម គណៈកម្មការ បច្ចេកទស គ្រូបង្វឹក ត្រូវលើកកម្ពស់ស្មារតីចំពោះ កិច្ចការនេះ តាមរយៈការបង្កើនសមត្ថភាពរបស់ខ្លួន ដើម្បីអភិវឌ្ឍន៍វិស័យកីឡាការ៉ាតកម្ពុជា ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ក្នុងនាមសហព័ន្ធ ឯកឧត្តមក៏ថ្លែង អំណរគុណចំពោះក្រសួងអប់រំ យុវជន និងកីឡា និង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានជួយជ្រោមជ្រែង ឧបត្ថម្ភឲ្យមានវគ្គបណ្តុះបណ្តាលនេះ កើតឡើង ដើម្បីប្រមូលធនធានអាជ្ញាកណ្ដាល ចៅក្រមដែល មានសក្តានុពល និងទេពកោសល្យ ក្នុងការត្រៀម លក្ខណៈសម្បត្តិក្នុងដំណើរឆ្ពោះ ទៅរកជោគជ័យនៃការធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួត កីឡាស៊ីហ្គេម លើកទី ៣២ ឆ្នាំ២០២៣។

លោក ដែក ភារៈ អគ្គលេខាធិការរង សហព័ន្ធកីឡាការ៉ាតេកម្ពុជាបញ្ជាក់ថា វគ្គបណ្តុះបណ្តាល អាជ្ញាកណ្ដាល-ចៅក្រមកីឡាការ៉ាតថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១នេះបាន ដំណើរការរយៈ ពេល៣ថ្ងៃ (០៤-០៦ ខែកុម្ភៈ ឆ្នាំ២០២២) នៅទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានសិក្ខាកាម ចំនួន២៥នាក់ (នារី១២នាក់) មកពីសាលាគុន សមាគម និងក្លិបចំនួន៩ ក្រោមការបង្ហាត់បង្រៀនពីគ្រូឧទ្ទេស អ្នកគ្រូ ថា ថារី អាជ្ញាកណ្តាល-ចៅក្រមការ៉ាតេអាស៊ីកម្រិត A និងគ្រូជំនួយ លោក ថាំង វិបុល លោកគ្រូ យ៉េក លីអេង ដែលជាអាជ្ញាកណ្តាល -ចៅក្រម ការ៉ាតេអាស៊ី កម្រិត B ។ចំពោះលទ្ធផលនៃវគ្គ បណ្តុះបណ្តាលនេះ មានសិក្ខាកាមចំនួន១៧នាក់ ទទួលបាននិទ្ទេសល្អ និង៤នាក់ ល្អបង្គួរ និង៤នាក់ទៀត ទទួលបាននិទ្ទេសមធ្យម។
លទ្ធផលដែលសម្រេច បានជោគជ័យនាពេលនេះ គឺបានដោយសារមាន ការយកចិត្តទុកដាក់ខ្ពស់ ពីក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាការ៉ាតេកម្ពុជា ដែលមានឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិង ជាប្រធានសហព័ន្ធ កីឡាការ៉ាតេកម្ពុជា ដែលបានផ្តល់នូវអ្វីៗ គ្រប់យ៉ាងតាមសំណើ និងសំណូមពរ ចំពោះវគ្គបណ្តុះបណ្តាល អាជ្ញាកណ្ដាល-ចៅក្រមកីឡាការ៉ាតេថ្នាក់ជាតិ ឆ្នាំ២០២១នេះ ជាពិសេស បានផ្តល់នូវកម្លាំចិត្ត បញ្ញាស្មារតី សម្ភារ និងថវិកាដើម្បីឲ្យដំណើរការ នៃវគ្គបណ្ដុះបណ្ដាលនេះបាន ប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផល គួរជាទីមោទន។ ពិសេសជាងនេះ ទៅទៀតវគ្គបណ្តុះបណ្តាលនេះ ជាការត្រៀមលក្ខណៈសម្រាប់ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើ ជាម្ចាស់ផ្ទះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង