ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជុំក្រុមប្រឹក្សា កីឡាអាស៊ីអាគ្នេយ៍ ខែក្រោយអាចតឹងតែង

274

ភ្នំពេញ៖ថ្ងៃទី៩និង១០មេសាខែក្រោយនេះការប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍នឹងធ្វើនៅខេត្តសៀមរាបដោយមានឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)ជាប្រធាន ។

ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំ នៅល្ងាចថ្ងៃទី២៤ ខែមីនានេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានឲ្យដឹងថា ការត្រៀមទទួលធ្វើម្ចាស់ផ្ទះ កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដែលគ្រោងធ្វើឡើងនៅខេត្តសៀមរាប គឺក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតថោង ខុន ក្នុងនាមជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍។
នៅក្នុងមហាសន្និបាតCAMSOC កន្លងទៅនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC បានចង្អុលបង្ហាញឲ្យយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំទទួលធ្វើម្ចាស់ផ្ទះ ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដើម្បីសម្រួចគោលដៅឆ្ពោះ ទៅរៀបចំធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម ២០២៣ ជាប្រវត្តិសាស្ត្រដំបូង ឲ្យទទួលបានកិត្តិយសជាតិ និងជោគជ័យ។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលកីឡាអាស៊ីអាគ្នេយ៍ នាខែក្រោយនេះពិតជា មានសារសំខាន់ណាស់ ដើម្បីស្វែងរកការគាំទ្របន្ថែម ជាពិសេសគឺដើម្បីធានា ឲ្យបាននូវអ្វីដែលជាសំណើ និងបញ្ហាប្រឈមរបស់ម្ចាស់ផ្ទះកម្ពុជា ជូនដល់បណ្តាប្រទេស ជាសមាជិកអាស៊ីអាគ្នេយ៍។
នៅមានបញ្ហាខ្លះៗដែលកម្ពុជា កំពុងខិតខំប្រឹងប្រែងធ្វើប្រកប ដោយភាពជឿជាក់ និងសកម្ម ដើម្បីឲ្យ ស៊ីហ្គេម ជាលើកដំបូងរបស់កម្ពុជានេះ មានភាពប្រែប្រួលខ្លះ ក្នុងនាមកម្ពុជា ជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍។
ក្នុងនាមជាប្រធានក្រុមប្រឹក្សា កីឡាអាស៊ីអាគ្នេយ៍ឯកឧត្តមបណ្ឌិត ថោង ខុន តែងតែយកចិត្តទុកដាក់ខ្ពស់ ហើយឲ្យពិនិត្យថាអ្វីដែលកម្ពុជា អាចធ្វើទៅបាននិងដឹកនាំ អាស៊ានបានល្អ។
ក្នុងនេះយើងនឹងរៀបចំ កិច្ចប្រជុំក្របខណ្ឌអាស៊ាននៅខេត្តសៀរាប ដោយផ្ទាល់ភាគច្រើន និងតាមប្រព័ន្ធអនឡាញខ្លះៗ ដោយសារសមាជិកអាស៊ានខ្ លះគាត់មានវ័យចំណាស់ពិបាក
ក្នុងការធ្វើដំណើរ និងក្នុងបរិបទជំងឺកូវីដ-១៩ផងដែរ។
នៅក្នុងកិច្ចប្រជុំដ៏សំខាន់ នៅខេត្តសៀមរាបនាខែក្រោយនេះ នឹងអាចមានភាពតឹងតែង ដែលត្រូវដោះស្រាយបញ្ហាច្រើន ហើយបន្ទាប់ពីនោះជាថ្ងៃ ដែលយើងរៀបចំឲ្យសមាជិកទាំង
អស់ បានបន្ធូរអារម្មណ៍ តាមរយៈការទៅទស្សនា ប្រាសាទអង្គរវត្ត ដើម្បីបង្កើនមិត្តភាព សាមគ្គីភាព ហើយក៏ជាឱកាសដែល យើងឆ្លៀតបញ្ចុះបញ្ចូលក្នុងការស្វែង រកការគាំទ្របន្ថែម។

ឯកឧត្តមបណ្ឌិតថោងខុនបានជំរុញឲ្យ ការទទួលរៀបចំធ្វើម្ចាស់ផ្ទះជូន សមាជិកអាស៊ីអាគ្នេយ៍ទាំងអស់ ទទួលបានភាព
កក់ក្តៅជាទីបំផុតដើម្បីជាកិត្តិយស ជាតិក្នុងនាមជាប្រធាន ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ផង និងក្នុងនាមជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ២០២៣ផង។
បើកាលណា ការរៀបចំកិច្ចប្រជុំខាងមុខនេះ ជោគជ័យ នោះមានន័យថា បណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ នឹងត្រៀមបញ្ជូនប្រតិភូ កីឡាករ កីឡាការិនី មកកាន់តែច្រើន។ បើប្រតិភូកីឡាមកច្រើននោះមានន័យថា ពួកគាត់មកលើកទឹកចិត្តដល់ ម្ចាស់ផ្ទះស៊ីហ្គេមរបស់កម្ពុជា យើងកាន់តែខ្ពស់ទៅតាមនោះដែរ ហើយម្ចាស់ផ្ទះកម្ពុជាក៏នឹងទទួល បាននូវភាពជោគជ័យផងដែរ។
ឯកឧត្តមអគ្គលេខាធិការអះអាងថា កម្ពុជាទើបតែរៀបចំស៊ីហ្គេមជា លើកដំបូងប៉ុន្តែបណ្តាប្រទេស ជាសមាជិកហាក់ផ្តល់សេចក្តីទុក ចិត្តខ្ពស់និងមានភាពកក់ក្តៅយ៉ាងខ្លាំងចំពោះកម្ពុជា។យើងមិនហ៊ានថាយើងអស្ចារ្យនោះទេ ប៉ុន្តែយើងកំពុង ខិតខំប្រឹងប្រែងយ៉ាងខ្លាំង នៅក្នុងគោលដៅរបស់យើងទាំងមូល ដោយសន្សំសំចៃថវិកា ប៉ុន្តែយើងសម្រួច ការរៀបចំឲ្យអស្ចារ្យ និងគួរជាទីមោទនៈសម្រាប់ កំណត់ត្រាជាប្រវត្តិសាស្ត្រនៃ ព្រឹត្តិការណ៍កីឡាដ៏ធំក្នុងតំបន់រៀង រាល់២ឆ្នាំម្តងនេះដែល កម្ពុជាគឺជាស្ថាបនិក១ នៅក្នុងចំណោម៦ប្រទេស ក្នុងឆ្នាំ១៩៥៩។
យើងជាស្ថាបនិកផង ហើយឥឡូវនេះយើងធ្វើម្ចាស់ផ្ទះ ជាលើកទី១ទៀត ដើម្បីបំពេញកាតព្វកិច្ចប្រកប ដោយមោទនភាពជាតិទៀតផង។
អ្វីដែលឯកឧត្តមសង្កត់ធ្ងន់ គឺថាជំរុញធ្វើយ៉ាងណា ឲ្យកិច្ចប្រជុំលើកទី១នេះ ទទួលបានជោគជ័យ ហើយពេលប្រជុំលើកទី២ទៀត នឹងកាន់តែរលូន។ ដូច្នេះ គោលដៅចម្បងរបស់កម្ពុជា គឺដើម្បីឲ្យទទួលបាន ការគាំទ្រពីថ្នាក់ដឹកនាំកីឡា ជាសមាជិកអាស៊ីអាគ្នេយ៍ទាំងអស់ និងឲ្យពួកគាត់អនុម័ត នូវអ្វីជាសំណើ របស់កម្ពុជាដូចជា បញ្ចូលបន្ថែម ប្រភេទកីឡាប្រពៃណីជាតិខ្មែរយើង ទៅក្នុងការប្រកួតស៊ីហ្គេម ២០២៣ ដូចជាប្រភេទកីឡាគុនល្បុក្កតោ និងអុកចត្រង្គ។ ដូច្នេះ នេះជាការលើកទឹកចិត្ត សណ្តានចិត្ត មិត្តភាព សាមគ្គីភាពដ៏ក្លៀវក្លារបស់ សមាជិកអាស៊ីអាគ្នេយ៍សម្រាប់ ម្ចាស់ផ្ទះកម្ពុជាយើង៕

អត្ថបទដែលជាប់ទាក់ទង