ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួប សម្តែងការគួរសមជាមួយ ឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានប្រចាំនៅកម្ពុជា

332

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានប្រចាំទីក្រុងភ្នំពេញ និងសហការី នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សាការងារ និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះ ឯកឧត្តម Zaheeruddin Babar Thaheem ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានប្រចាំនៅកម្ពុជា ព្រមទាំងអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ប៉ាគីស្ថាន ដោយសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងទ្វេភាគីនេះនឹងកាន់តែជិតស្និទ្ធនៅថ្ងៃអនាគត។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាប ឯកឧត្តមអគ្គរដ្ឋទូត អំពីយុទ្ធសាស្រ្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលធ្វើឱ្យកម្ពុជាអាចបើកដំណើរការសេដ្ឋកិច្ចឡើងវិញទាំងស្រុង។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបអំពីសក្តានុពលទីផ្សារដែលកម្ពុជាមានតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា និងប្រព័ន្ធអនុគ្រោះពន្ធ GSP ព្រមទាំងបានលើកទឹកចិត្តឱ្យវិស័យឯកជនរវាងភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតដើម្បីជំរុញវិស័យធុរកិច្ច និងពាណិជ្ជកម្មកប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។

ជាកិច្ចឆ្លើយតប ឯកឧត្តមអគ្គរដ្ឋទូត បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋលេខាធិការចំពោះការទទួលស្វាគមន៍ និងបានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែរឹងមាំតាមរយៈកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម។

ជាមួយគ្នានេះ ឯកឧត្តមអគ្គរដ្ឋទូត បានកត់សម្គាល់អំពីសក្តានុពលក្នុងការពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរបន្ថែមទៀត និងបានបញ្ជាក់ជូនអំពីការត្រៀមបន្តការងារ និងកិច្ចសហការជាមួយភាគីរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន ក្នុងការបង្កើតយន្តការចាំបាច់នានា សំដៅជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ ក្នុងនោះ ឯកឧត្តមអគ្គរដ្ឋទូត ក៏បានបង្ហាញពីចំណាប់អារម្មណ៍វិនិយោគ និងផ្គត់ផ្គង់ម្ហូបហាឡាលនៅកម្ពុជា និងនាំចេញផងដែរ។

នៅកិច្ចបញ្ចប់ ភាគីទាំងពីរ បានសម្តែងសារជាថ្មីនូវការប្តេជ្ញាចិត្ត បន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងបានឯកភាពធ្វើការសិក្សាលទ្ធភាពបង្កើតអនុស្សារណៈយោគយល់គ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែប្រសើរឡើង៕

អត្ថបទដែលជាប់ទាក់ទង