ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី៖ “វិស័យអប់រំ កំពុងបោះជំហាន ទៅរកទម្រង់នៃការអប់រំតាមបែបឌីជីថល”

35

ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅឆ្នាំសិក្សា២០២១-២០២២ បានមានប្រសាសន៍ថា “ខ្ញុំពិតជារីករាយ និងមានមោទនភាពខ្ពស់ ដោយបានកត់សម្គាល់ឃើញថា វិស័យអប់រំ កំពុងបោះជំហានទៅរកទម្រង់នៃការអប់រំតាមបែបឌីជីថល ដែលទម្រង់នៃការអប់រំបែបនេះ កំពុងឆ្លើយតបយ៉ាងប្រត្យក្ស ទៅនឹងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ ២០២១-២០៣៥”។

ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្ដី បានកោតសរសើរចំពោះថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា អង្គភាពក្រោមឱវាទ មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត គ្រឹះស្ថានសិក្សាគ្រប់កម្រិត លោកគ្រូ អ្នកគ្រូ ដែលបានខិតខំបំពេញកាតព្វកិច្ច ក្នុងការអភិវឌ្ឍវិស័យអប់រំ ដល់សិស្សានុសិស្ស ក្នុងអំឡុងនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្ដី ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួង បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ លោកគ្រូ អ្នកគ្រូ ដែលបានសហការ និងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ប្រកបដោយជោគជ័យក្នុងឆ្នាំសិក្សាកន្លងមក និងលើកទឹកចិត្តឱ្យបន្ដសកម្មភាពនេះតទៅមុខទៀត។

សន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្តវិស័យអប់រំ យុទ្ធសាស្រ្តកំណែទម្រង់វិស័យអប់រំ ការអនុវត្តការងារប្រចាំឆ្នាំធៀបនឹងទិសដៅដែលបានដាក់ចេញក្នុងសន្និបាតកន្លងមក ការអនុវត្តផែនការប្រតិបត្តិប្រចាំឆ្នាំ។ សន្និបាតអប់រំ បានផ្តល់កាលានុវត្តភាពសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក្រសួងពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍនានា ពិភាក្សាអំពីការបំពេញការងារ កំណត់ពីបញ្ហាប្រឈមជាក់លាក់សម្រាប់ឆ្នាំខាងមុខ និងឯកភាពលើសកម្មភាពចាំបាច់មួយចំនួន។ លទ្ធផលសន្និបាតអប់រំ នឹងផ្តល់ជាធាតុចូលដ៏មានសារសំខាន់សម្រាប់កែលម្អផែនការយុទ្ធសាស្រ្តវិស័យអប់រំ រៀបចំផែនការយុទ្ធសាស្ត្រថវិកា ផែនការវិនិយោគសាធារណៈ ផែនការប្រតិបត្តិប្រចាំឆ្នាំ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីបានរាយការណ៍អំពីសមិទ្ធិផលការងារសំខាន់ៗដែលក្រសួងអប់រំ យុវជន និងកីឡា សម្រេចបាន ក្នុងឆ្នាំសិក្សា ២០២០-២០២១ កន្លងមក ដំណើរការនៃការបង្រៀន និងរៀនក្នុងបរិបទកូវីដ-១៩ ជាពិសេសដំណាក់កាលនៃកំណែទម្រង់វិស័យអប់រំ ព្រមទាំងបាឋកថាស្តីពី ការសម្រួចអាទិភាពសកម្មភាពផ្ដោតលើលទ្ធផល ដើម្បីកសាងមូលធនមនុស្សកម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្ដល់អាទិភាពឱ្យមានយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដើម្បីឆ្លើយតបទៅនឹងការសិក្សាក្នុងគន្លងប្រក្រតីភាពថ្មី និងការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ។

សូមជម្រាបថា សន្និបាតអប់រំនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ព្រមទាំងការផ្សាយផ្ទាល់តាមបណ្ដាញសង្គមផ្លូវការក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមដោយផ្ទាល់ និងពីចម្ងាយពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងនាយកដ្ឋាន មន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត បុគ្គលិកអប់រំថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក្រសួងពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍនានា៕

អត្ថបទដែលជាប់ទាក់ទង