ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី២០ឧសភានេះ ជាថ្ងៃរំលឹកទិវាជាតិនៃការចងចាំ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

149

 

ភ្នំពេញ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរសារនៅផេកហ្វេសប៊ុកផ្លូវការថា នៅថ្ងៃទី២០ឧសភា នេះ ជាថ្ងៃរំលឹកទិវាជាតិនៃការចងចាំ ដែលប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅនិងខ្មៅងងឹត។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

សម្តេចតេជោ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើន លើសលប់បានដឹង និងបានយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

ដើម្បីកុំឲ្យរបបនេះវិលត្រឡប់មកវិញ យើងត្រូវចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត។

សូមរំលឹកផងដែរថា ប្រជាពលរដ្ឋទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផងដែរនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះ បានរួមគ្នាប្រារព្ធ «ទិវាជាតិនៃការចងចាំ» ដើម្បីរំលឹកដល់របបដ៏សែនឃោរឃៅ និងព្រៃផ្សៃនៃរបបប្រល័យពូជសាសន៍។ ក្រៅពីរំលឹកដល់ភាពឃោរឃៅព្រៃផ្សៃ និងទុក្ខវេទនានៅក្នុងរបបនេះហើយ ការប្រារព្ធទិវានេះ ក៏ដើម្បីធ្វើពិធីបុណ្យបង្សុកូលឧទ្ទិសកុសល ដល់ប្រជាពលរដ្ឋដែលស្លាប់បាត់បង់ជីវិតនៅក្នុងរបបនោះផងដែរ។

សម្រាប់នៅរាជធានីភ្នំពេញការប្រារព្ធទិវាជាតិនៃការចងចាំត្រូវបានធ្វើឡើងនៅសារមន្ទីរប្រល័យពូជសាស្ត្រជើងឯក ដោយមានការអញ្ជើញចូលរួមអភិបាលរាជធានីភ្នំពេញ ព្រមទាំងមានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើនផ្សេងទៀត។ ក្នុងពិធីនាព្រឹកមិញក៏មានការនិមន្តព្រះប្រមាណ ២០៧អង្គសូត្រមន្តរាប់បាត្រឧទ្ទិសកុសលដល់ជនរងគ្រោះដែលស្លាប់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតទាំងអយុត្តិធម៌។

នៅក្នុងពិធីនាព្រឹកនេះ ក៏មានការសម្តែងសិល្បៈបង្ហាញពីទិដ្ឋភាពនៃការធ្វើទារុណកម្ម ក៏ដូចជាកាប់សម្លាប់ដ៏សែនព្រៃផ្សៃនៅក្នុងរបបប្រល័យពូជសាសន៍នេះ។

តាមរយៈផ្ទាំងទស្សនីយភាពសិល្បៈទាំងនេះ បានដាស់ស្មារតីរបស់គាត់ឲ្យនឹករលឹកឡើងវិញនូវទុក្ខវេទនាទាំងឡាយ ដែលពួកគាត់បានឆ្លងកាត់ក្នុងរបប ប៉ុល ពត ហើយអ្នកខ្លះបានរមៀលធ្លាក់ដំណក់ទឹកភ្នែកទាំងមិនដឹងខ្លួនថែមទៀតផង។ ប្រជាពលរដ្ឋធ្លាប់ឆ្លងកាត់របបដ៏សែនឃោរឃៅនេះ បានអះអាងថា ទោះបីរបបនេះបានរសាត់កន្លងផុតទៅអស់រយៈពេលជិត ៤០ឆ្នាំកន្លងទៅហើយក្តី តែស្លាកស្នាមដ៏សែនឈឺចាប់ទាំងអស់មិនអាចរសាត់បាត់ពីការចងចាំរបស់គាត់បាននោះឡើយ។

ស្រ្តីអាយុ ៦៧ឆ្នាំ រស់នៅក្នុងរាជធានីភ្នំពេញ បានរំលឹកថា ក្នុងរបបអាវខ្មៅរូបគាត់ត្រូវបានគេយកទៅឲ្យរស់នៅស្រុកពារាំង ខេត្តព្រៃវែង។ អ្នកស្រីបានរំលឹកថា ក្នុងនាមជាកងចល័តអ្នកស្រីត្រូវបានរបបមួយនេះបង្ខំឲ្យធ្វើការស្ទើរតែ ២៤ម៉ោងក្នុងមួយថ្ងៃ ពុំមានពេលសម្រាកគ្រប់គ្រាន់ ពុំមានអាហារហូបចុកគ្រប់គ្រាន់ គឺហូបតែបបរគ្រប់ពេល។

ក្រៅពីការរងនូវទារុណកម្មការងារហើយនោះ អ្វីដែលធ្វើឲ្យអ្នកស្រី វួចម៉េង មិនអាចបំផ្លេចបានរហូតមកដល់ពេលបច្ចុប្បន្ននេះ គឺឪពុកជាទីគោរពស្រឡាញ់របស់អ្នកស្រីត្រូវបានបនប្រល័យពូជសាសន៍សម្លាប់ចោលដោយចោទប្រកាន់ថា ជានាយទុន។

អ្នកស្រី បានរំលឹកទាំងភាពក្តុកក្តួលដោយមានដំណក់ទឹកភ្នែករមៀលធ្លាក់ផងយ៉ាងដូច្នេះ «អ្នកពិសេសសម្រាប់ជីវិតខ្ញុំ គឺប៉ាខ្ញុំ ត្រូវប៉ុលពតយកទៅប្រហារជីវិតតាំងពីឆ្នាំ១៩៧៦។ ដូច្នេះខ្ញុំក្តុកក្តួលមកទីនេះខ្ញុំក្តុកក្តួល ខ្ញុំរន្ធត់ចិត្តខ្លាំងណាស់ ខ្ញុំមិនអាចទប់ទឹកភ្នែកឈ្នះ ព្រោះខ្ញុំនឹកប៉ាខ្ញុំ ហើយខ្ញុំនឹកបងប្អូនមាមីងខ្ញុំបាត់បង់ជីវិតក្នុងរបបប៉ុលពតហ្នឹងច្រើនណាស់ដែរ ទាំងគ្រួសារៗ គឺមិនមានសេរីភាពទាល់តែសោះ»។

ជាមួយនឹងការនឹករលឹកដល់ភាពព្រៃផ្សៃនៃរបបនេះហើយ អ្នកស្រី ក៏បានរីករាយចំពោះរបបបច្ចុប្បន្នដែលបានធ្វើឲ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញក្នុងការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតផ្សេងៗ។ ស្រ្តីដែលធ្លាប់ហែលឆ្លងទុកវេទនារបបប្រល័យពូជា និងការព្រាត់ប្រាស់ឪពុកសាច់ញាតិបងប្អូនរូបនេះ មិនចង់ឃើញរបបដ៏សែនប្រល័យនេះវិលមកលងបន្លាចប្រជាជនកម្ពុជាជាថ្មីនោះឡើយ។

អ្នកស្រី បានអំពាវនាវដល់ថ្នាក់ដឹកនាំជាតិកម្ពុជា អ្នកនយោបាយខ្មែរ ព្រមទាំងប្រជាពលរដ្ឋខ្មែរឲ្យរួបរួមសាមគ្គីគ្នាកសាងអភិវឌ្ឍន៍ជាតិ ជាពិសេសទប់ស្កាត់កុំឲ្យកម្ពុជាកើតមានរបបដ៏សែនឃោរឃៅព្រៃផ្សៃនោះកើតមានជាថ្មី។

សូមបញ្ជាក់​ថា ទិវាចងចាំ ២០ ឧសភា កន្លងទៅត្រូវបានគេហៅថា ទិវាចងកំហឹង។ ទិវានេះ​ត្រូវបានសភា​នៃសាធារណរដ្ឋ​ប្រជាមានិត​កម្ពុជានៅឆ្នាំ១៩៨៣ កំណត់យកជាថ្ងៃចងកំហឹងទៅនិងរបបខ្មែរក្រហមដែលបានកាប់សម្លាប់​ប្រជា​ពលរដ្ឋ​។

ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃកំណើត​របស់សហករណ៍របស់របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមបាន ហើយបានបន្តសង្គ្រាមរហូតដល់ឈានដល់ការគ្រប់គ្រងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។

ទិវាជាតិនៃការចងចាំ ទើបនឹងត្រូវរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាថ្ងៃបុណ្យជាតិ​ កាលពីថ្ងៃ​ទី​១៤​ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៨​។​ ការកំណត់យកថ្ងៃនេះធ្វើជា​ថ្ងៃ​បុណ្យ​ជាតិ​ផ្លូវការ ​សម្រាប់​ជា​ការ​រំឭក​ដល់​ជន​រងគ្រោះ​ ​និង​ការ​ឈឺចាប់​ពី​ឧក្រិដ្ឋកម្ម​ដែល​កើត​មាន​ក្នុង​របបកម្ពុជា​ប្រជា​ធិបតេយ្យ​ចាប់ពីថ្ងៃទី​១៧ ​ខែ​មេសា​ ​ឆ្នាំ​១៩៧៥​ ​ដល់​ថ្ងៃទី​៦ ​ខែ​មករា​ឆ្នាំ​១៩៧៩។

ក្នុងអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ​ទិវា​ជាតិ​នៃ​ការ​ចងចាំ​នេះ ធ្វើ​ឡើង​ដើម្បីលើក​តម្កើង​ការ​គោរព​វិញ្ញាណក្ខន្ធ និង​ការ​ធ្វើ​បុណ្យ​ឧទ្ទិស​ដល់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ ​លើក​តម្កើង​ការ​រំឭក​ដល់​ជន​រងគ្រោះ​ ​ការ​ស្តារ​កិត្តិយស​ ​និង​សេចក្តី​ថ្លៃថ្នូរ​របស់​ជន​រងគ្រោះ​ ​ប៉ះប៉ូវ​ការ​ឈឺចាប់​ផ្លូវចិត្ត​ ​និង​ផ្នែក​សង្គម​ដល់​ជន​រងគ្រោះ​ ​និង​ក្រុម​គ្រួសារ​ ​ចូល​រួមក្នុង​ការ​ផ្សះ​ផ្សារ​ជាតិ​ ​និង​ជំរុញ​ឲ្យ​មាន​សុខដុម​នីយកម្ម​ ​ក្នុង​សង្គម​កម្ពុជា​ ​និង​លើក​កម្ពស់​ការ​ផ្សព្វផ្សាយ​ ​និង​ការ​យល់​ដឹង​អំពី​អំពើ​ឃោរឃៅ​ ​ដែល​កើត​មាន​ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យនោះ ដើម្បីកុំ​ឲ្យ​វា​កើត​មាន​សារ​ជាថ្មី។

មាត្រា​២​នៃ​អនុក្រឹត្យ​នេះ​ចែង​​ថា ទិវា​ជាតិ​នៃ​ការ​ចងចាំ​នេះ​ត្រូវ​បាន​កំណត់​ជា​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ។​ ប្រជា​ពលរដ្ឋ​គ្រប់រូប​ត្រូវ​បាន​ផ្តល់​ឱកាស​ឲ្យ​រៀបចំ​ពិធី​តាម​ជំនឿ​សាសនា​ ឬ​ទំនៀម​ទម្លាប់​របស់​ខ្លួន​៕

អត្ថបទដែលជាប់ទាក់ទង