ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចបង្ក្រាបករណី កែច្នៃផលិតគ្រឿងញៀន ចាប់ខ្លួនជនជាតិចិនតៃវ៉ាន់ ៤នាក់ គ្រឿងញៀនជាង ២២០ គីឡូក្រាម និងសារធាតុគីមីជាង ១១តោន

242

 

ភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបមន្ទីរពិសោធន៍លួចលាក់ កែច្នៃផលិតគ្រឿងញៀន ចាប់ខ្លួនជនជាតិចិនតៃវ៉ាន់ ៤នាក់ ចាប់យកវត្ថុតាងគ្រឿងញៀនជាង ២២០ គីឡូក្រាម និងសារធាតុគីមីជាង ១១តោន នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ។

ដោយអនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៨ និង៣០នាទី សមត្ថកិច្ចបានបើកប្រតិបត្តិការបង្រ្កាបមន្ទីរពិសោធន៍លួចលាក់កែច្នៃផលិតសារធាតុញៀន នៅ ៣ទីតាំងផ្សេងៗគ្នាជាបន្តបន្ទាប់ ។

ទាំង៣ទីតាំងនោះ រួមមាន ចំណុចទី១៖ នៅបន្ទប់លេខ៨០២ ក្នុងខុនដូ J CITY ផ្លូវលេខ ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ចំណុចទី២៖ ស្ថិតនៅក្នុងចំការស្វាយ ភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងចំណុចទី៣៖ ស្ថិតនៅក្នុងចំការស្វាយ ភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រតិប្រត្តិការនេះសមត្ថកិច្ចចម្រុះឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ជនជាតិចិន (តៃវ៉ាន់) ១-ឈ្មោះ TIEN CHAN FU ភេទប្រុស អាយុ ២៨ឆ្នាំ (មេការ)

២-ឈ្មោះ KHOU PO WEN ភេទប្រុស អាយុ ២៨ឆ្នាំ (អ្នកបច្ចេកទេស)

៣-ឈ្មោះ TENG KUO CHING ភេទប្រុស អាយុ ៣៩ឆ្នាំ (អ្នកបច្ចេកទេស)

៤-ឈ្មោះ LIN YI CHHENG ភេទប្រុស អាយុ ៣១ឆ្នាំ (អ្នកបច្ចេកទេស)។

ចំពោះវត្ថុតាងដែលរឹបអូសបានរួមមាន៖ ម៉ាស៊ីន ឧបករណ៍ សម្ភារសម្រាប់កែច្នៃ ផលិត វេចខ្ចប់មួយចំនួនធំ ,សារធាតុញៀនប្រភេទកេតាមីន ទម្ងន់ ៤១ គីឡូ៥១.៧ក្រាម -ល្បាយសារធាតុញៀនកេតាមីន ទម្ងន់១៤២៥ គីឡូក្រាម-ថ្នាំគ្រាប់នីមេតាហ្សេប៉ាម ទម្ងន់ ០.៩ក្រាម , សារធាតុគីមីផ្សំ ១១តោន ៥២៥គីឡូក្រាម ។

ចំពោះជនសង្ស័យ ព្រមទាំងវត្ថុតាងទាំងអស់​មន្ទីរប្រឆាំងគ្រឿងញៀន​បានកសាងសំណុំរឿង​បញ្ជូន​ទៅសាលា​ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង