ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងទេសចរណ៍ ៖ “កម្មវិធីផ្សព្វផ្សាយពីនីតិវិធី និងលក្ខខណ្ឌកម្ចីក្នុងគម្រោង សហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍”

246

ភ្នំពេញ៖ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការ និងជាប្រធានអនុក្រុមការងារគាំពារសហគ្រាស និងការងារក្នុង វិស័យទេសចរណ៍តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំ “កម្មវិធីផ្សព្វផ្សាយពីនីតិវិធី និងលក្ខខណ្ឌកម្ចីក្នុងគម្រោង សហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍” ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ថ្មីៗនេះ។

កម្មវិធីនេះត្រូវបានរៀបចំទ្បើងក្នុងគោលបំណង ជំរុញការអនុវត្ត និងផ្សព្វផ្សាយកម្មវិធីសហហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ឱ្យបានលម្អិតដល់ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ដើម្បី ងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនង និងយល់ដឹងពីនីតិវិធី-លក្ខខណ្ឌក្នុងការទទួលបានកម្ចីក្នុងអត្រាការប្រាក់សម្បទាន យកទៅគាំទ្រក្នុងការជួសជុលកែលម្អទីតាំងអាជីវកម្មទេសចរណ៍ ឬធ្វើទំនើបកកម្ម-ពិពិធកម្មសេវាកម្មនិងផលិតផលទេសចរណ៍សំដៅត្រៀម ខ្លួនទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិទ្បើងវិញក្នុងពេលនិងបន្ទាប់ពី វិបត្តិជំងឺកូវីដ-១៩បានធូរស្រាល។

គម្រោងសហហិរញ្ញប្បទាននេះមានទំហំទឹកប្រាក់កម្ចី១៥០លានដុល្លារអាមេរិក ដែលមានបដិភាគរបស់រាជរដ្ឋាភិបាលចំនួន៧៥លានដុល្លារអាមេរិក តាមរយៈធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (SME Bank) និងរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ចំនួន៧៥លានដុល្លារអាមេរិក ដោយផ្តល់អាទិភាពទាំងស្រុងដល់អាជីវកម្មទេសចរណ៍ដែលទទួលរងផលប៉ៈពាល់ដោយវិបត្តិជំងឺកូវីដ-១៩ ទូទាំងប្រទេស។

សូមបញ្ជាក់ថា ដោយសារឥណទានមានចំនួនកំណត់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមនឹង អនុវត្តគោលការណ៍ទៅមុន ទទួលបានកម្ចី មុន (First come, First served) ដោយទាមទារឱ្យអាជីវកម្មទេសចរណ៍សាកសួរព័ត៌មានពីគ្រឹះស្ថាន ហិរញ្ញវត្ថុចូលរួមឱ្យបានឆាប់ ករណីមានតម្រូវការឥណទានក្នុងគោលដៅខាងលើ។

ក្រសួងទេសចរណ៍ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលដែលបានទម្លាក់គម្រោងសហហិរញ្ញប្បទាននេះ ទាន់ពេលវេលា និងស្របតាមតម្រូវការរបស់វិស័យទេសចរណ៍៕

អត្ថបទដែលជាប់ទាក់ទង