ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម ស ខេង និងប្រតិភូនៃអគ្គរដ្ឋទូតសហភាពអឺរ៉ុបចំនួន៤ប្រទេស ជួបពិភាក្សាការងារ អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់

155

 

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូនៃអគ្គរដ្ឋទូតសហភាពអឺរ៉ុបចំនួន៤ប្រទេស ដឹកនាំដោយលោកជំទាវ ខាមិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ប្រធានបទដ៏សំខាន់នៃជំនួបនារសៀលនេះ គឺភាគីសហភាពអឺរ៉ុបមានបំណងចង់ស្វែងយល់បន្ថែមអំពីដំណើរការ និងស្ថានភាពនៃយុទ្ធនាការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងមកដល់នាពេលឆាប់ឆាប់ខាងមុខនេះ និងក៏ចង់ដឹងអំពីការវាយតម្លៃរបស់សម្ដេចក្រឡាហោមអំពីស្ថានភាពទូទៅនៃដំណើរការឈានទៅការបោះឆ្នោត និងស្ថានភាពទូទៅនៃយុទ្ធនាការក្នុងរយៈពេលកន្លងមក។

សម្ដេចក្រឡាហោម បានជម្រាបជូនប្រតិភូអឺរ៉ុបថា ជាការអនុវត្តតាមអ្វីដែលបានកំណត់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលនេះ គឺជាលើកទី៥ហើយ។ សម្ដេចក៏យកឱកាសនេះ អរគុណសហភាពអឺរ៉ុបដែលធ្លាប់បានផ្តល់ការគាំទ្រកម្ពុជាក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ- សង្កាត់ កាលពីអាណត្តិទី១ ដែលជាពេលចាប់ផ្ដើមបោះឆ្នោតលើកដំបូង។

សម្តេចក៏បានជម្រាបជូនបន្ថែមថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មានគោលបំណងកសាងប្រជាធិបតេយ្យឲ្យមានភាពចម្រុះនៅមូលដ្ឋាន ដើម្បីធ្វើឲ្យមូលដ្ឋានកសាងភាពម្ចាស់ការជាមួយប្រជាពលរដ្ឋរបស់ខ្លួនផ្ទាល់ ពោលគឺផ្លាស់ប្តូរពីការតែងតាំងអ្នកដឹកនាំមូលដ្ឋានទៅជាការបោះឆ្នោតដោយពលរដ្ឋ ដែលបានអនុវត្តជបន្តបន្ទាប់កន្លងមក។

សម្ដេចបន្តថា ក្រុមប្រឹក្សាដែលកើតចេញពីការបោះឆ្នោតនេះ ក៏ត្រូវធ្វើគណនេយ្យភាពជាមួយប្រជាពលរដ្ឋម្ចាស់ឆ្នោតនៅមូលដ្ឋានផងនិងធ្វើគណនេយ្យភាពជាមួយរាជរដ្ឋាភិបាលផងដែរ ហើយថាក្នុងការងារពង្រឹងប្រជាធិបតេយ្យនៅមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានកំពុងខិតខំអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដោយបន្តផ្ទេរមុខងារ ធនធានថវិកា និងធនធានហិរញ្ញវត្ថុដល់ថ្នាក់មូលដ្ឋានដើម្បីអនុវត្តភារកិច្ចប្រកបដោយប្រសិទ្ធភាព។

ចំពោះការវាយតម្លៃជារួមលើការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នេះ សម្ដេចបានបង្ហាញក្ដីរីករាយដោយឃើញនូវវឌ្ឍនភាពពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយឃើញថា ប្រជាពលរដ្ឋកាន់តែមានការគាំទ្រទៅលើការបោះឆ្នោតថ្នាក់មូលដ្ឋាននេះ ខណៈពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយនោះដែរប្រជាពលរដ្ឋក៏មានការយល់ដឹងកាន់តែច្រើន។

សម្ដេចបន្តថា គិតមកដល់ពេលនេះមិនមានព័ត៌មាននៃអំពើហិ.ង្សាណាមួយកើតឡើងនោះទេ ហើយបណ្ដាគណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះក៏បានធ្វើសកម្មភាព តាមអ្វីដែលបានកំណត់ដោយច្បាប់ ពោលគឺជារួមឃើញថាមានការវិវត្តល្អប្រសើរ។

សម្ដេចក៏បង្ហាញសេចក្ដីសង្ឃឹមជឿជាក់ថា ថ្ងៃបោះឆ្នោតខាងមុខ ក៏នឹងមិនមានបញ្ហាអ្វីកើតឡើងនាំដល់ការរំខានការបោះឆ្នោតនោះដែរ ដោយសម្ដេចសង្ឃឹមថា ដំណើរការល្អនៃការបោះឆ្នោតនេះ ក៏ជាការឆ្លុះបញ្ចាំងឲ្យឃើញនូវការអនុវត្តស្របតាមអ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ គឺលទ្ធិប្រជាធិបតេយ្យ និងសេរីពហុបក្សនៅកម្ពុជា។

សម្តេចក៏បានជម្រាបជូនប្រតិភូដែរថា ពាក់ព័ន្ធនឹងតួនាទីក្រសួងមហាផ្ទៃក្នុងដំណើរការរៀបចំការបោះឆ្នោតនេះ កិច្ចការសំខាន់គឺពាក់ព័ន្ធទៅនឹងបញ្ហាសន្តិសុខ ដែលក្រសួងមហាផ្ទៃសហការជាមួយ គ.ជ.ប រៀបចំផែនការដើម្បីការពារសុវត្ថិភាព សំដៅធ្វើយ៉ាងណាបង្កលក្ខណៈឲ្យការបោះឆ្នោតប្រព្រឹត្តទៅក្នុងបរិយាកាសសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយចំពោះបញ្ហាអ្វីផ្សេងទៀត គឺស្ថិតក្នុងសមត្ថកិច្ចដោះស្រាយរបស់ គ.ជ.ប ដែលជាស្ថាប័នមានសមត្ថកិច្ចក្នុងការពិនិត្យទៅលើបញ្ហាផ្សេងៗដែលកើតមានពាក់ព័ន្ធនឹងការបោះឆ្នោត។

ក្រៅពីការងារដែលបានលើកឡើងទាំងនេះ សម្ដេចក្រឡាហោម និងឯកឧត្តម លោកជំទាវ ជាអគ្គរដ្ឋទូតនៃប្រទេសក្នុងសហភាពអឺរ៉ុប ក៏បានជជែកផ្លាស់ប្ដូរយោបល់ទៅលើកិច្ចការមួយចំនួនដែលមានកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ សម្រាប់នាពេលអនាគតពាក់ព័ន្ធទៅនឹងការងារបោះឆ្នោត និងក្នុងនោះក៏បានជជែកពិភាក្សាអំពីលទ្ធភាពនៅក្នុងការធ្វើទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក សំដៅធ្វើយ៉ាងណាគាំទ្រដល់ដំណើរការពង្រឹងប្រជាធិបតេយ្យនៅព្រះរាជាណាចក្រកម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានរបស់កម្ពុជាផងដែរ។

សម្ដេចក៏យកឱកាសនេះអំពាវនាវដល់សហភាពអឺរ៉ុបបន្តគាំទ្រដល់កិច្ចការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែអនុវត្តក្នុងការពង្រឹងភាពជម្ចាស់ការរបស់ថ្នាក់មូលដ្ឋាន ជាពិសេស គឺបន្តជួយគាំទ្រការចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីមានសមត្ថភាពកាន់តែសមស្រប បម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាការងារអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង