ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល ចេញសេចក្តីណែនាំ ក្រើនរំលឹក វិធានការការពារជាមុននូវការចម្លងជំងឺអុតស្វា (Monkeypox)

157

 

ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្តីណែនាំក្រើនរំលឹក ស្តីពីវិធានការការពារជាមុននូវការចម្លងជំងឺអុតស្វា (Monkeypox)។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានដឹងថា ក្រោយពីមានការផ្ទុះចេញនូវជំងឺអុតស្វាក្នុងពេលថ្មីៗនេះ បណ្តាប្រទេសចំនួន ២៣ នៅលើសាកលលោកដែល មិនមែនជាប្រទេសអង់ដេមីនៃជំងឺនេះបានរាយការណ៍ជូនទៅអង្គការសុខភាពពិភពលោក (WHO) អំពីករណី ជំងឺអុតស្វា (Monkeypox) មានចំនួនសរុបករណ៏ឈឺ ២៥៧នាក់ និងករណីសង្ស័យ ១២០នាក់ គិតត្រឹម ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ និងមិនទាន់មានករណីស្លាប់នៅឡើយ។

បច្ចុប្បន្ននេះ ក្រៅពីករណីចំនួន២នាក់ដែលបានរាយការណ៍ពីបណ្តាប្រទេស នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ក៏មានការរកឃើញ ករណីឆ្លងជំងឺនេះលើអ្នកដំណើរម្នាក់ទៀត ដែលបានមកដល់ប្រទេសអូស្ត្រាលី បើយោងតាមសារ ព័ត៌មានឌីសាន់ដេលី (theSundaily) ចេញផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ដោយបុគ្គលនោះ បានហោះហើរឆ្លងកាត់តាមព្រលានយន្តហោះនៃប្រទេសថៃ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋដែល រស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមបន្តអនុវត្តវិធានការ ការពារទុកជាមុននូវការចម្លងជំងឺអុតស្វានេះ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលបាន ចេញផ្សាយតាំងពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ ហើយក្រសួង ក៏សូមធ្វើការក្រើន រំលឹកជូនដល់ប្រជាជនទូទៅ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយបុគ្គល គ្រួសារ និងសហគមន៍ ត្រូវ បន្តយកចិត្តទុកដាក់អនុវត្តវិធានការបង្ការការចម្លងជំងឺផ្ទាល់ខ្លួន និងទៅអ្នកដទៃ មានដូចខាងក្រោមនេះ៖

១. សម្រាប់ករណីសង្ស័យ ឬករណីឈឺ ៖

– ក្នុងករណីសង្ស័យដោយបុគ្គលមានរោគសញ្ញា ចេញកន្ទួលរមាស់បែបពងទឹកនៅលើដងខ្លួន បាតដៃ បាតជើង និងផ្ទៃមុខ អមដោយរោគសញ្ញាក្តៅខ្លួនលើសពី ៣៨៥ អង្សាសេ និងមានឈឺក្បាល ហើមកូនកណ្ដុរ ឈឺសាច់ដុំនិងខ្លួនប្រាណ ឈឺចង្កេះ អស់កម្លាំងខ្លាំង រួមជាមួយនឹងប្រវត្តិធ្វើដំណើរទៅ កន្លែងដែលមានកើតជំងឺអុតស្វា ត្រូវដាក់បុគ្គលនោះឱ្យនៅដាច់ដោយឡែក ដើម្បីធ្វើការពិនិត្យសុខភាព ដោយក្រុមគ្រូពេទ្យជាចាំបាច់ភ្លាមៗ ឬអាចបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅជិតៗ សម្រាប់បុគ្គលខាងលើនេះ ត្រូវធ្វើតេស្តវិភាគនៅមន្ទីរពិសោធន៍ ដោយយកវត្ថុសំណាកដំបៅនៅលើដងខ្លួនអ្នកសង្ស័យ ឬអ្នកឈឺ តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ហើយបញ្ជូនទៅធ្វើវិភាគនៅមន្ទីរពិសោធន៍ប៉ាស្ទ័រកម្ពុជា។

– ការដាក់ឱ្យនៅដាច់ដោយឡែកខាងលើនេះ ត្រូវធ្វើរហូតដល់អ្នកជំងឺបានព្យាបាលជាសះស្បើយ ឬមានការបញ្ជាក់ពីមន្ទីរពិសោធន៍នូវលទ្ធផលអវិជ្ជមានវីរុសអុតស្វានេះ។

– ត្រូវសាកសួរដល់អ្នកនៅជុំវិញជាពិសេសក្រុមគ្រួសារ ឬសាច់ញាតិ ឬអ្នកប៉ះពាល់ផ្សេងៗ ដើម្បីតាមដានរកអ្នកឆ្លងបន្តគ្នា។

– បង្កើនការតាមដាន និងរាយការណ៍ករណ៏ជំងឺនេះ នៅក្រោមច្បាប់និយ័តកម្មអន្តរជាតិ

– ២០០៥(IHR 2005) ទៅតាមបណ្តាញរាយការណ៍ដែលមានស្រាប់។

២សម្រាប់ប្រជាជនទូទៅ ៖

– ត្រូវអនុវត្តអនាម័យខ្លួនប្រាណ និងរស់នៅស្អាត ដោយធ្វើអនាម័យដៃស្អាតដោយសម្អាតជាមួយ សាប៊ូ ឬដែលអាល់កុល និងអនុវត្តការការពារការចម្លងតាមផ្លូវដង្ហើម។

– ជៀសវាងការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកដែលមានជំងឺនេះ ឬបុគ្គលដែលសង្ស័យ រួមទាំង ការរួមភេទ ជាពិសេសការប៉ះពាល់ស្បែក ឬកន្លែងដែលមានចេញពងទឹកបែកជាដើម រហូតដល់ជំងឺ បានជាសះស្បើយ។

– ចៀសវាងប៉ះពាល់សម្ភារៈប្រើប្រាស់របស់អ្នកជំងឺ ឬបុគ្គលដែលសង្ស័យ ដូចជាសម្លៀកបំពាក់ ពូក ខ្នើយ ចាន ស្លាបព្រា កែវទឹក ជាដើម ហើយត្រូវបោកគក់ ឬលាងសម្អាតឱ្យបានត្រឹមត្រូវនូវសម្ភារៈ ប្រើប្រាស់របស់បុគ្គលនេះ ដោយឡែក។

– បុគ្គលសង្ស័យដែលមិនមានរោគសញ្ញា មិនត្រូវដាក់ធ្វើចត្តាឡីស័កទេ ហើយអាចធ្វើការងារជា ធម្មតា គ្រាន់តែមានការប្រុងប្រយ័ត្ន ដោយមិនត្រូវមានការប៉ះពាល់អ្នកដទៃក្នុងកំឡុងពេលធ្វើការតាម ដានសុខភាពរយៈពេល ២១ថ្ងៃបន្ទាប់ពីបានប៉ះពាល់ជាមួយអ្នកឈឺជំងឺអុតស្វានេះ។

– ត្រូវបរិភោគចំណីអាហារដែលឆ្អិនល្អ និងរក្សាអនាម័យចំណីអាហារ ទាំងការចម្អិនអាហារឱ្យបានល្អ។

– ចៀសវាងការប៉ះពាល់ជាមួយសត្វ (រស់ ឬស្លាប់) និងរក្សាអនាម័យដៃជានិច្ច។ ប្រសិនបើបានជា ជ្រុលប៉ះពាល់ សូមកុំយកដៃទៅប៉ះពាល់សរីរាង្គណាមួយលើដងខ្លួនឱ្យសោះ និងត្រូវលាងសម្អាតដ ជាមួយសាប៊ូ ឬអាល់កុល ភ្លាមៗ។

– បុគ្គលដែលមានចេញកន្ទួលរមាស់អមដោយគ្រុនក្តៅ និងមានរោគសញ្ញាដូចខាងលើនេះ ត្រូវ ទៅពិគ្រោះជំងឺភ្លាមៗឱ្យបានត្រឹមត្រូវ ជាមួយគ្រូពេទ្យដែលនៅជិតលោកអ្នក និងត្រូវដាក់ឱ្យនៅដាច់ ពិសោធន៍ផងដែរ។

– ដោយឡែកភ្លាមៗរហូតដល់មានការធ្វើរោគវិនិច្ឆ័យបានច្បាស់លាស់ ជាមួយនឹងការធ្វើវិភាគមន្ទីរ

– អាជ្ញាធរមូលដ្ឋាន ត្រូវបន្តអប់រំសុខភាពប្រជាជន និងលើកកម្ពស់ការយល់ដឹងស្តីពីការការពារ ការចម្លងរោគនៅក្នុងសហគមន៍របស់ខ្លួន។

៣. សម្រាប់គ្រូរពេទ្យ បម្រើការនៅតាមមូលដ្ឋានសុខាភិបាល (ទាំងរដ្ឋ និងឯកជន) ៖

– ការលើកកម្ពស់ការយល់ដឹង និងការអប់រំអ្នកកំដរជំងឺ ព្រមទាំងបុគ្គលិកសុខាភិបាល ត្រូវធ្វើជាចាំបាច់ដើម្បីទប់ស្កាត់ និងបញ្ឈប់ការចម្លងបានទាន់ពេលវេលា ជាពិសេសបុគ្គលិកសុខាភិបាល ត្រូវតែ អនុវត្តវិធានការការពារផ្ទាល់ខ្លួនយ៉ាងម៉ឺងម៉ាត់ និងមានការប្រុងប្រយ័ត្ន ដោយមានការគ្រប់គ្រងការ ចម្លងរោគឆ្លងនៅក្នុងមន្ទីរពេទ្យឱ្យបានត្រឹមត្រូវ។

• អនុវត្តការពារការចម្លងរោគនៅក្នុងមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ស្របតាមលក្ខណៈបច្ចេកទេសពេទ្យ ដែលធ្លាប់បានបណ្តុះបណ្តាល និងណែនាំកន្លងមកហើយនៅក្នុងបរិបទការពារជំងឺកូដ-១៩។

ពេលជួបករណីសង្ស័យ ឬអ្នកឈឺជំងឺនេះ ត្រូវពាក់ឧបករណ៍ការពារខ្លួន (PPE) មុននឹងប៉ះពាល់ ជាមួយអ្នកជំងឺ ឬបុគ្គលដែលសង្ស័យ។

គ្រប់មន្ទីរពេទ្យ និងមណ្ឌលសុខភាពត្រូវតាមដាន និងរាយការណ៍ករណ៏សង្ស័យណាមួយដែល កើតមានឡើងដើម្បីបន្តការស៊ើបអង្កេត។

ត្រូវតាមដាន និងកំណត់អត្តសញ្ញាណករណ៍ដំបូង ចង្កោមនៃការឆ្លងមេរោគ ប្រភពនៃការឆ្លង ដើម្បីការពារការឆ្លងបន្ត ឱ្យបានឆាប់បំផុត។

ត្រូវប្រុងប្រយ័ត្ន និងតាមដានយ៉ាងហ្មត់ចត់ ចំពោះអ្នកជំងឺដែលមានចេញកន្ទួលពងរមាស់លើ ស្បែក (rash) ឬ ពងទឹកខុសពីធម្មតា (pustular) ដែលជារឿយៗ មានគ្រុនក្តៅ និងមានរោគសញ្ញាដូច បានរៀបរាប់ខាងលើនេះផងដែរ។

ពង្រឹងប្រព័ន្ធតាមដានជំងឺនៅតាមមន្ទីរពេទ្យនានា ពិតជាមានសារៈសំខាន់ណាស់ក្នុងកាលៈទេសៈ ដែលមិនទាន់មានការរាតត្បាតជំងឺនៅក្នុងប្រទេសនៅឡើយ ដើម្បីអាចរកករណីសង្ស័យ ឬករណ៍ឆ្លង បានលឿន និងអាចចាត់វិធានការណ៍សុខាភិបាលបានទាន់ពេលវេលា ចៀសវាងការពារការចម្លងបន្ត គ្នានៅក្នុងក្រុមគ្រួសារ និងសហគមន៍។

៤សម្រាប់អ្នកដំណើរចេញចូលអន្តរជាតិ ៖

– មន្ត្រីប្រចាំការនៅច្រកចេញចូលអន្តរជាតិ ត្រូវយកចិត្តទុកដាក់ពិនិត្យមើលឱ្យបានហ្មត់ចត់ នូវ អ្នកដំណើរចូលមកកម្ពុជា ប្រសិនបើបុគ្គលមានកន្ទួលរមាស់ ឬចេញពងទឹកនៅលើសរីរាង្គ អមដោយ មានគ្រុនក្តៅ និងមានរោគសញ្ញាដូចរៀបរាប់ខាងលើ រួមមានប្រវត្តិធ្វើដំណើរមកពីបណ្តាប្រទេសប៉ែក ខាងអាហ្វ្រិក ដែលមានកើតជំងឺអុតស្វាបែបអង់ដេមី (Monkeypox endemic) មានដូចជា ប្រទេសបេណាំង (Benin), កាមេរូន (Cameroon), សាធារណរដ្ឋអាហ្វ្រិកកណ្តាល (the Central African Republic), សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គូ (the Democratic Republic of the Congo), ហ្គាបុង (Gabon), ហ្គាណាដែលរកឃើញនៅលើសត្វតប៉ុណ្ណោះ (Ghana identified in animals only), កូដឌីវ័រ (Ivory Coast), លីបេរី (Liberia), នីហ្សេរីយ៉ា (Nigeria), សាធារណរដ្ឋកុងហ្គោ (the Republic of the Congo), សេរ៉ាឡេអុង (Sierra Leone), ហ្គានិងប្រទេសស៊ូដង់ខាងត្បូង (South Sudan) ត្រូវរាយការណ៍ ទៅអាជ្ញាធរសុខាភិបាលភ្លាមៗ ឬទៅលេខ ១១៥ ឬលេខដែលមានជូនខាងក្រោមនេះ៕

អត្ថបទដែលជាប់ទាក់ទង