ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី កោតសរសើរមន្ត្រីរបស់ រដ្ឋបាលរាជធានីភ្នំពេញ ដែលបានយក អស់កម្លាំងកាយចិត្ត ក្នុងការចូលរួម ទប់ស្កាត់ជម្ងឺកូវីដ-១៩ រហូតទទួលបានជោគជ័យ

229

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីរាជធានីភ្នំពេញ បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះមន្ត្រីរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការចូលរួមទប់ស្កាត់ជម្ងឺកូវីដ-១៩ ជាមួយសម្តេចតេជោ ហ៊ុន សែន រហូត

ទទួលបានជោគជ័យ ដែលធ្វើអោយជម្ងឺកូវីដ-១៩ ក្នុងរយៈពេល២៦ថ្ងៃនេះ មិននៅកម្ពុជា ។
ការលើកឡើងបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើង ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ការជោគជ័យទៅលើការគ្រប់គ្រងជម្ងឺកូវីដ-១៩ ទៅតាមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន គឺពិតជា មានការចូលរួមចំណែកមិនអាចខ្វះបានពីបងប្អូនមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បើទោះបីបងប្អូនមួយចំនួនបានឆ្លងនូវជម្ងឺកាចសាហាវនេះក៏ដោយក៏បងប្អូនមិនរុញរា តស៊ូជាមួយសម្តេចតេជោហ៊ុន សែន រហូតទទួលបានជោគជ័យ ដែលបានធ្វើអោយប្រទេសជាតិវិលទៅរកប្រក្រតីភាពជាធម្មតាឡើងវិញ។
លោក ឃួង ស្រេង ក៏បានថ្លែងនូវការកោតសរសើរចំពោះមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញផងដែរ ដែលបានបំរើសេវាយ៉ាងល្អជូនប្រជាពលរដ្ឋ ហើយលោកសូមអោយបន្តខិតខំបំរើសេវានេះ អោយកាន់តែល្អបន្ថែមទៀត។ បន្ថែមពីនេះ លោកឃួង ស្រេង សូមអោយបងប្អូនជាមន្ត្រីទាំងអស់ ត្រូវទៅបំពេញតួនាទីជាប្រជាពលរដ្ឋ ដោយទៅចូលរួមបោះឆ្នោតអោយបានគ្រប់គ្នានៅថ្ងៃទី០៥ មិថុនានេះ។
លោក ឃួង ស្រេង ក្នុងឱកាសនោះដែរ ក៏បានមានប្រសាសន៍លើកឡើងពីរបបប៉ុលពត ៣ឆ្នាំ៨ខែនិង២០ឆ្នាំ ដែលប្រជាពលរដ្ឋកម្ពុជាបានទទួលរងនូវទុក្ខវេទនាបំផុត ដោយប្រជាពលរដ្ឋកម្ពុជា ហូបមិនឆ្អែត ធ្វើទារុណកម្ម កាប់សម្លាប់យ៉ាងរង្គាល ។ តែដោយគុណសម្តេចតេជោ ហ៊ុន សែន សម្តេចបានរំដោះប្រទេសកម្ពុជាដ៏កំសត់មួយនេះ ចេញពីរបបដ៏យង់ខ្នងនិងខ្មៅងងឹតនេះ ចេញពីចំណុចសូន្យ ដោយមិនមានអ្វីៗទាំងអស់ និងបានធ្វើអោយប្រទេសជាតិមានការអភិវឌ្ឍរីកចំរើនរហូតមកដល់ពេលបច្ចុប្បន្ននេះ។
លោកឃួង ស្រេង សូមអោយប្អូនៗជាមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ត្រូវយល់អោយបានច្បាស់ពីប្រវត្តសាស្ត្រពិតរបស់កម្ពុជាពិសេសនៅក្នុងរបបប៉ុលពត និងពីវីរៈភាពរបស់សម្តេចតេជោហ៊ុន សែន បើគ្មានសម្តេចតេជោហ៊ុន សែនទេ ប្រទេសជាតិមិនមានអ្វីដូចពេលនេះទេ។
លោកឃួង ស្រេង សូមអោយបងប្អូនត្រូវ ដឹងខ្លួនឯងអោយបានច្បាស់ ថាចេញពីពិភពអី ហើយដើរទៅចំណុចណា៕

អត្ថបទដែលជាប់ទាក់ទង