ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានបេសកកម្មអចិន្ត្រៃយ៍ ច្រានចោលទាំងស្រុង នូវការធ្វើអត្ថាធិប្បាយមិនត្រឹមត្រូវ ធ្វើនយោបាយូបនីយកម្ម ជ្រើសរើសតែមួយជ្រុង

224

 

ហ្សឺណែវ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ បានច្រានចោលទាំងស្រុង នូវការធ្វើអត្ថាធិប្បាយមិនត្រឹមត្រូវ ធ្វើនយោបាយូបនីយកម្ម ជ្រើសរើសតែមួយជ្រុង កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ របស់អ្នកនាំពាក្យរបស់ការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី Liz Throssell នៅមុនការបោះឆ្នោតឃុំ-សង្កាត់ នៅកម្ពុជា។

ពាក់ព័ន្ធនឹងករណីនេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ បានបកស្រាយបំភ្លឺដូចតទៅ៖

១៖ ការជ្រើសរើសពេលវេលាអត្ថាធិប្បាយរបស់លោកស្រីបង្កឱ្យមានការចោទជាសំនួរ ព្រោះការធ្វើអត្ថាធិប្បាយនេះធ្វើឡើងបន្ទាប់ពីមានរបាយការណ៍នៃការប៉ុនប៉ងធ្វើវិទ្ធង្សនាដំណើរការបោះឆ្នោតឃុំ-សង្កាត់ នៅកម្ពុជា ត្រូវទទួលបរាជ័យ។ ការវាយតម្លៃប្រចាំថ្ងៃរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ឱ្យឃើញថា យុទ្ធនាការឃោសនាបោះឆ្នោតក្នុងរយៈពេល១៣ថ្ងៃកន្លងមកនេះ ជាទូទៅបានប្រព្រឹត្តិទៅក្នុងបរិយាកាសប្រកបដោយសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ត្រឹមត្រូវ និងសន្តិវិធី ដោយគ្មានការបំភិតបំភ័យ។ ក្នុងរយៈពេលនៃយុទ្ធនាការបោះឆ្នោត រួមទាំងថ្ងៃបិទបញ្ចប់ផងដែរ គ្រប់គណបក្សទាំងអស់ រួមទាំងបក្សប្រឆាំង បានប្រើប្រាស់សិទ្ធិរបស់ខ្លួនពេញលេញ ស្របតាមច្បាប់ និងកម្មវិធីស្នើសុំ ដោយពុំមានការគម្រាមកំហែង និងការរារាំង។

២៖ ការអះអាងរបស់អ្នកនាំពាក្យដែលថាបេក្ខជនមួយចំនួនត្រូវទទួលរងការរឹតត្បិត និង បំភិតបំភ័យ គឺជាការមិនសមហេតុផលទាល់តែសោះ។ ពាក្យបណ្ដឹងតវ៉ាពីបេក្ខជនចូលរួមការប្រកួតប្រជែងការបោះឆ្នោត ជាសក្ខីភាពបង្ហាញឱ្យឃើញពីការអនុវត្តប្រកបដោយភាពចាស់ទុំ និងស្របច្បាប់នៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិជាមូលដ្ឋានរបស់ពួកគាត់។ ពាក្យបណ្ដឹងទាំងនោះពុំគួរត្រូវបានចាត់ទុកជាការសងសឹកនិងជាការរារាំងប្រឆាំងក្រុមណាមួយនោះទេ។ សិទ្ធិចូលរួមក្នុងកិច្ចការសាធារណៈពុំមានន័យស្មើនឹងសិទ្ធិក្លែងបន្លំឯកសារ បរិហារកេរិ៍ត និងជេរប្រមាថ និងញុះញុងឱ្យមានការរើសអើង អំពើហិង្សា និងការស្អប់ខ្ពើមគ្នានោះឡើយ។ សម្ព័ន្ធភាពជាមួយគណៈបក្សនយោបាយណាមួយពុំមែនជាអាជ្ញាប័ណ្ណដើម្បីបំពានច្បាប់ដោយនិទណ្ឌភាពនោះទេ។

៣៖ ការចោទប្រកាន់របស់អ្នកនាំពាក្យខាងលើដែលថា បេក្ខជនគណបក្សប្រឆាំងស្ទាក់ស្ទើរក្នុងការដាក់ពាក្យបណ្ដឹងគឺពុំត្រឹមត្រូវនោះទេ។ ការពិតគឺ ក្នុងពេលដែលលោកស្រីកំពុងតែថ្លែងរិះគន់បែបនេះពីកម្ពុជា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានកាត់សេចក្ដីសម្រេចស្របតាមពាក្យបណ្តឹងតវ៉ារបស់បេក្ខជនបក្សប្រឆាំង គឺលុបចោលការពិន័យជាប្រាក់ និងបានសម្រេចរក្សាសិទ្ធិបោះឆ្នោតនិងឈ្មោះក្នុងបញ្ជីបោះឆ្នោតរបស់បេក្ខជនបក្សប្រឆាំងចំនួន១៥រូប ដែលបាននាំគ្នាផ្តល់អំណោយជាថវិកា ក្នុងអំឡុងពេលយុទ្ឋនាការឃោសនាបោះឆ្នោត។

៤៖ សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យខាងលើពោរពេញទៅដោយព័ត៌មានខុសឆ្គងជាច្រើន និងជ្រើសរើសតែមួយជ្រុង។ លោកស្រីពុំបានទទួលស្គាល់ទាល់តែសោះថា យ៉ាងហោចណាស់ ថ្នាក់ដឹកនាំអតីតបក្សប្រឆាំង៣២ រូប ទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ ដែលក្នុងនោះ ពួកគេជាច្រើនរូបបានបង្កើតគណបក្សនយោបាយថ្មីបន្ថែមចំនួន០៦ ចូលរួមប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច ក្នុងការបោះឆ្នោតនេះ។ ផ្ទុយទៅវិញ ស្ថាប័ន របស់លោកស្រីបែរជាអត់ឱននិងមិនហ៊ានរិះគន់ការរំលោភបំពានយ៉ាងគឃ្លើនរបស់ទណ្ឌិត សម រង្ស៊ី លើសិទ្ធិនយោបាយរបស់អ្នកដទៃ ដោយបានចាត់ទុកថា អ្នកដែលស្វែងរកការស្ដារនីតិសម្បទាសិទ្ធិនយោបាយថាជា “ជនក្បត់”។

៥៖ ការគោរពគោលការណ៍សត្យានុម័ត ភាពមិនលំអៀង និងមិនជ្រើសរើសតែមួយជ្រុង របស់អ្នកនាំពាក្យ ត្រូវបានចោទជាបញ្ហា ។ ការអធិប្បាយរបស់លោកស្រី បានគាំទ្រគណបក្សមួយ ជាគណបក្សប្រឆាំងដ៏សំខាន់នាពេលបច្ចុប្បន្ននៅកម្ពុជា ដោយមើលស្រាលគណៈបក្សដ៏ទៃផ្សេងទៀត។ ជាងនេះទៅទៀត អវត្តមាននៃគណបក្សនយោបាយមួយក្នុងការបោះឆ្នោត ដោយសារការបំពានច្បាប់ ពុំបានធ្វើឱ្យកម្ពុជាងាកចេញពីប្រព័ន្ធពហុបក្សឡើយ។ មិនថាលទ្ធផលបែបណា ការពិតមួយដែលមិនអាចប្រកែកបាននោះគឺ អ្នកបោះឆ្នោតអាចជ្រើសរើសគណបក្សមួយក្នុងចំណោមគណបក្ស១៧ ផ្សេងទៀត ដែលបានចុះឈ្មោះប្រកួតប្រជែង ហើយដែលមានសិទ្ធិនយោបាយនិងសេចក្ដីថ្លៃថ្នូស្មើៗគ្នា និងត្រូវតែទទួលបានការគោរពដូចគ្នា មិនថាបក្សធំ ឬតូច។

៦៖ ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សចាំបាច់ត្រូវ បំពេញអាណត្តិរបស់ខ្លួនដោយអនុលោម តាមសេចក្ដីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិ លេខ A/RES/48/141 ដែលបង្កើតស្ថាប័ននេះឡើង ដោយតម្រូវឱ្យការិយាល័យនេះបំពេញមុខងារក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុវត្តកាតព្វកិច្ចគោរពអធិបតេយ្យភាព និងដែនយុត្តាធិការរបស់បណ្ដារដ្ឋ។ កិច្ចសហប្រតិបត្តិការពិតប្រាកដដោយគ្មាន របៀបវារៈលាក់កំបាំងគឺជាអ្វីដែលគេរំពឹងថានឹងទទួលបានពីទីភ្នាក់ងារទាំងអស់របស់អង្គការសហប្រជាជាតិ ដែលមានតួនាទីគាំទ្រ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋជាសមាជិកឡើយ។

ជាទីបញ្ចប់ កម្ពុជាបន្តបេ្ដជ្ញាយ៉ាងមុតមាំក្នុងការបន្តដំណើរលទ្ធិប្រជាធិបតេយ្យនិងប្រព័ន្ធពហុបក្សដែលឥតងាករេរបស់ខ្លួន ទាំងក្នុងដំណើរការបោះឆ្នោតនៅឆ្នាំនេះ និងឆ្នាំបន្ទាប់ ឱ្យប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ មានសណ្ដាប់ធ្នាប់ សន្តិវិធី និងតម្លាភាព៕

អត្ថបទដែលជាប់ទាក់ទង