ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការលើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត

48
  1. ភ្នំពេញ៖ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងកម្ពុជា និងអាស៊ែបៃហ្សង់ លើកទី ៣ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់។ ឯកឧត្តមបណ្ឌិត ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដោយសមភាគីអាស៊ែបៃហ្សង់ ឯកឧត្តម អែលនួរ មាំម៉ាឌូវ អនុរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋអាស៊ែបៃហ្សង់។

កិច្ចពិគ្រោះយោបល់ទ្វេភាគីទាំងបីលើកនេះ គឺជាផ្លែផ្ការនៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅទីក្រុងបាគូ កាលពីឆ្នាំ ២០១៤ ។

ភាគីទាំងពីរបានពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការទ្វេភាគី នាពេលបច្ចុប្បន្ន ព្រមទាំងចែករំលែកព័ត៌មានពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្តរជាតិ ក៏ដូចជារៀបចំជាត្រីវិស័យ សម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងពេលអនាគត ដើម្បីជម្រុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។

ក្នុងឱកាសនៃកិច្ចពិគ្រោះយោបល់នេះផងដែរ ក៏មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការលើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត ដែលជាការបើកផ្លូវដល់ការលើកស្ទួយកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យការទូតបន្ថែមទៀត។

នៅរសៀលថ្ងៃដដែល ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ក៏បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ហ៊ីកម៉ាត ហាជីយ៉ែវ ទីប្រឹក្សាប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់។ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាអំពីចំណុចជាប្រយោជន៍រួមនានា ដែលអាចជម្រុញឱ្យកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកើនឡើង ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។

កិច្ចប្រជុំទាំងពីរ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល ជាមួយនិងការប្តេជ្ញារបស់ភាគីទាំងពីរក្នុងការពង្រីកចំណងមិត្តភាពរវាងកម្ពុជា និងអាស៊ែបៃហ្សង់បន្ថែមទៀត។

ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ាក៏បានកោតសរសើរ និងថ្លែងអំណរគុណក្រសួងការបរទេសអាស៊ែបៃហ្សង់ដែលបានផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ជូនដល់គណៈប្រតិភូកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង