ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ.ជ.ប សរុបព្រឹត្តិការណ៍ទូទៅ នៃដំណើរការ ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

205

ភ្នំពេញ៖ ឯកឧត្ដម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្ដីពីការសរុបព្រឹត្តិការណ៍ទូទៅនៃដំណើរការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ការបិទដំណើរការឃោសនាបោះឆ្នោត ការបិទផ្សាយបញ្ជីបោះឆ្នោតផ្លូវការនៅតាមការិយាល័យបោះឆ្នោត នារសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ នៅទីស្ដីការ គ.ជ.ប ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពី ការបូកសរុបព្រឹត្តិការណ៍ទូទៅនៃដំណើរការឃោសនាបោះឆ្នោត ការបិទដំណើរការឃោសនាបោះឆ្នោត និងការបិទផ្សាយបញ្ជីបោះឆ្នោតផ្លូវការនៅតាមការិយាល័យបោះឆ្នោត ក្រោមអធិបតីភាព របស់ ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប ជាប្រធានក្រុមប្រតិកម្មព័ត៌មាន និងជាប្រធាន ដឹកនាំកិច្ចប្រជុំ។

ឯកឧត្តម ឌឹម សុវណ្ណារុំ បានមានប្រសាសន៍ថា ថ្ងៃចុងក្រោយនៃការឃោសនាបោះឆ្នោត គ្រប់សកម្មភាពឃោសនាទាំងអស់ត្រូវតែបញ្ឈប់ ២៤ម៉ោងមុនថ្ងៃបោះឆ្នោត។ ជនណា ឬគណបក្ស នយោបាយណាដែលបំពានការហាមឃាត់នេះនឹងត្រូវទទួលពិន័យតាមច្បាប់ស្តីពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ជាធរមាន។

ឯកឧត្តម ឌឹម សុវណ្ណ បានមានប្រសាសន៍បន្តទៀតថា ផ្អែកលើទិដ្ឋភាពជារួម បរិយា កាសនៃការឃោសនារបស់គណបក្សនយោបាយ ដើម្បីរកការគាំទ្រពីប្រជាពលរដ្ឋក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា និងមានសណ្តាប់ធ្នាប់ របៀបរៀបរយ ដែលធានាបាននូវសន្តិសុខ សុវត្ថិភាព ដល់បេក្ខជន អ្នកចូលរួម និងប្រជាពលរដ្ឋ។ ឯកឧត្តមបន្តទៀតថា យោងតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត គិតត្រឹមម៉ោងពីររសៀលថ្ងៃទី៣ ខែមិថុនា នេះ ឃោសនាបោះឆ្នោតជារួមដូចខាងក្រោម៖ អាចបូកសរុបព្រឹត្តិការណ៍ ៖ មានសកម្មភាពហែក្បួនឃោសនា ដែលគណបក្សនយោបាយទាំង ១៧បានធ្វើនៅតាមឃុំ សង្កាត់។ ជាការកត់សម្គាល់ ការហែក្បួនធំៗត្រូវបានធ្វើនៅតាមខេត្ត រាជធានី នៅថ្ងៃ ទី១ នៃការឃោសនា (ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២) និងថ្ងៃចុងក្រោយនេះ (ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២)។

មានសកម្មភាពជួបជុំជាលក្ខណៈប្រមូលផ្ដុំរវាងបេក្ខជនជាមួយអ្នកគាំទ្រនៅតាមឃុំ សង្កាត់ ដែលគណបក្សនយោបាយទាំង ១៧ បានដាក់បញ្ជីបេក្ខជន។

គណបក្សនយោបាយទាំង ១៧ ក៏បានធ្វើសកម្មភាពឃោសនាក្នុងរូបភាពផ្សេងទៀត ស្របតាមនីតិវិធី។

ឯកឧត្តម ឌឹម សុវណ្ណារុំ មានប្រសាសន៍ថា រយៈពេល ១៤ថ្ងៃ នៃយុទ្ធនាការឃោសនារក សំឡេងឆ្នោត ពុំមានភាពមិនប្រក្រតីធ្ងន់ធ្ងរណាមួយបានកើតឡើង ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរ ការឃោសនាបោះឆ្នោត ឬកើតមានអំពើហឹង្សាឡើយ។ មានបញ្ហាបន្តិចបន្តួចដូចជា៖

ការប្រើប្រាស់ពាក្យពេចន៍ដៀមដាម ប្រមាថ រើសអើង
ការចាក់មេក្រូនៅម៉ោងហាមឃាត់ការហែកស្លាកគណបក្ស

សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ យកម៉ោងប្រចាំការទៅហែក្បួនឃោសនាឱ្យគណបក្ស នយោបាយ។

ពាក់ព័ន្ធនឹងការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតនៅការិយាល័យបោះឆ្នោត ឯកឧត្តម ឌឹម សុវណ្ណារុំ មានប្រសាសន៍ថា នៅមួយថ្ងៃមុនថ្ងៃបោះឆ្នោត គឺនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ ប្រធានការិយាល័យបោះឆ្នោតត្រូវចាត់ឱ្យបិទផ្សាយបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត និង បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ ចំនួន ១ច្បាប់ នៅមុខទីតាំងការិយាល័យបោះឆ្នោត។ ការបិទផ្សាយ នេះត្រូវធានាថា អាចផ្ដល់លក្ខណៈងាយស្រួលចំពោះប្រជាពលរដ្ឋ ពិសេសជនមានពិការភាព (ជនពិការជិះរទេះ) ក្នុងការមកពិនិត្យឈ្មោះរបស់ខ្លួនតាមការិយាល័យបោះឆ្នោត និងត្រូវធានាថា បញ្ជីនោះត្រូវបានបិទនៅទីតាំងដែលមិនមានការជ្រាបលិចជាហេតុបណ្តាលឱ្យសើម ឬប៉ះពាល់ ដល់បញ្ជីបោះឆ្នោត។

ឆ្លើយបំភ្លឺទៅនឹងសំណួររបស់ភាគីពាក់ព័ន្ធដែលចូលរួមកិច្ចប្រជុំនោះ ពាក់ព័ន្ធនឹងប័ណ្ណ ព័ត៌មានអ្នកបោះឆ្នោត គ.ជ.ប ជម្រាបជូនថា ប័ណ្ណនេះគឺជាការផ្តល់ព័ត៌មានជូនអ្នកបោះឆ្នោត មិន មែនជាឯកសារសម្រាប់បោះឆ្នោតទេ។ នៅថ្ងៃបោះឆ្នោត អ្នកបោះឆ្នោតអាចយកប័ណ្ណនេះទៅ ជាមួយបាន ដើម្បីជូនមន្ត្រីការិយាល័យបោះឆ្នោតឱ្យងាយស្រួលរកឈ្មោះឃើញរហ័សៗ។

ចំពោះកាលបរិច្ឆេទនៃការបោះឆ្នោត គ.ជប បានផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមគ្រប់ មធ្យោបាយ គឺតាមវិទ្យុ ទូរទស្សន៍ ចងបដានៅទីសាធារណៈ ចាក់មេក្រូចល័តនៅតាមឃុំ សង្កាត់ ដើម្បីឱ្យអ្នកបោះឆ្នោតបានដឹងថា ថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ ជាថ្ងៃបោះឆ្នោត។

មួយទៀត ពាក់ព័ន្ធនឹងបណ្តឹងក្នុងពេលឃោសនាបោះឆ្នោតនេះ គ.ជ.ប ពុំមានការលុបឈ្មោះ បេក្ខជន ឬបញ្ជីបេក្ខជននៃគណបក្សនយោបាយណាមួយទេ។ បញ្ជីបេក្ខជននៃគណបក្សនយោបាយ ដែល គ.ជ.ប បានសម្រេចជាផ្លូវការហើយ គឺរក្សានៅទាំងអស់។ ចំពោះនីតិវិធីនៃការដោះស្រាយ ពាក្យបណ្តឹងក្នុងអំឡុងពេលឃោសនាបោះឆ្នោត នៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ជាយន្តការដោះស្រាយពាក្យបណ្តឹងដោយការផ្សះផ្សារ។ ករណ៏មិនសះជា អ្នកប្តឹងអាច ប្តឹងបន្តទៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប)។ ភាគីដែលមិនពេញចិត្ត នឹងសេចក្តីសម្រេចរបស់ គធ.ខប អាចប្ដឹងបន្តទៅ គ.ជប ដែលជាស្ថាប័នដោះស្រាយវិវាទ ឃោសនាបោះឆ្នោតចុងក្រោយបិទផ្លូវតវ៉ា។

មុនបិទបញ្ចប់កិច្ចប្រជុំ ឯកឧត្តម ឌឹម សុវណ្ណារុំ បានបង្ហាញការសង្ឃឹមជឿជាក់យ៉ាង មុតមាំថា ឯកឧត្តម លោក លោកស្រី តំណាងភាគីពាក់ព័ន្ធទាំងអស់ ពិសេសគ្រប់គណបក្សនយោបាយ នឹងបិទបញ្ចប់សកម្មភាពឃោសនាដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ហើយរក្សាភាពស្ងប់ស្ងាត់ ដើម្បីទុកឱកាសឱ្យប្រជាពលរដ្ឋបានត្រៀមខ្លួន ត្រៀមឯកសារទៅបោះឆ្នោតនៅថ្ងៃបោះឆ្នោត។

ឯកឧត្តមក៏បានអំពាវនាវផងដែរចំពោះប្រជាពលរដ្ឋ សូមត្រៀមឯកសារ ដែលរួមមានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត និងសូមអញ្ជើញ ទៅបោះឆ្នោតទាំងអស់គ្នា ដោយគ្មានការភ័យខ្លាច ដោយសេរី និងធានាការសម្ងាត់ ដើម្បីអភិវឌ្ឍ ឃុំ សង្កាត់របស់ខ្លួន។

នេះជាកិច្ចប្រជុំលើកទី៨ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ សមាសភាពភាគីពាក់ព័ន្ធចូលរួមក្នុងកិច្ចប្រជុំនោះមានប្រមាណជាង ៦០នាក់ មកពី ក្រសួង ស្ថាប័ននានាដូចជា ក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួង ការពារជាតិ ក្រសួងព័ត៌មាន អគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទីស្ដីការ គណៈរដ្ឋមន្ត្រី តំណាងស្ថានទូតជប៉ុន តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែន រដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មាន។

ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ជាថ្ងៃទីដប់បួន និងជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គណបក្សនយោបាយដែលមាន បញ្ជីបេក្ខជនឈរឈ្មោះ បានធ្វើសកម្មភាពឃោសនាអំពីគោលនយោបាយ និងកម្មវិធីនយោបាយ របស់គណបក្សនយោបាយខ្លួន តាមកម្មវិធីដែលគណបក្សនយោបាយនីមួយៗបានដាក់ជូន គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត និងគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត។

ក្នុងថ្ងៃចុងក្រោយនេះ គណបក្សនយោបាយបានធ្វើសកម្មភាពឃោសនាយ៉ាងផុលផុស នៅទូទាំងប្រទេស ជាពិសេសមានសកម្មភាពហែក្បួនទ្រង់ទ្រាយធំគួរឱ្យកត់សម្គាល់។ ជាក់ស្ដែង នៅរាជធានីភ្នំពេញ មានការហែក្បួនរបស់គណបក្សនយោបាយចំនួន ៣ដែលមានអ្នកចូលរួម សរុបប្រមាណ ៥៣.៨០០ នាក់។ រីឯនៅខេត្តសៀមរាប មានការហែក្បួនរបស់គណបក្សនយោបាយ ចំនួន ៣ ដែលមានអ្នកចូលរួមសរុបប្រមាណ ៧២.០៦៤ នាក់។ ដោយឡែក នៅខេត្តស្វាយរៀង មានការហែក្បួនរបស់គណបក្សនយោបាយចំនួន ៤ ដែលមានអ្នកចូលរួមសរុបប្រមាណ ៣១.៣៦២ នាក់។

ចំពោះសភាពការណ៍ទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ក្នុងថ្ងៃចុងក្រោយនេះ គឺបានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។

សូមបញ្ជាក់ជូនថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែល ប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ៣:០០នាទី រសៀល មានគណបក្សនយោបាយចំនួន ១៧ បានដាក់បេក្ខជនចូលរួមប្រកួតប្រជែង រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្ស ភ្លើងទៀន គណបក្សហ៊្វុនស៊ិនប៉ិច គណបក្ស ខ្មែររួបរួមជាតិ គណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សសញ្ជាតិកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សកែទម្រង់ គណបក្ស កម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្ពុជានិយម គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ខ្មែរតែមួយ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សឯកភាពជាតិខ្មែរ គណបក្សរស្មីខេមរា និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច៕

អត្ថបទដែលជាប់ទាក់ទង