ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានអង្គការ CDI ជួបសម្តែងការគួរសម

208

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Andres Pastrana ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ ហៅកាត់ថា CDI ចូលជួបសម្តែងគួរសម និងពិភាក្សារការងារមួយចំនួន។

សូមបញ្ជាក់ថា លោក Andres Pastrana អញ្ជើញមកប្រទេសកម្ពុជានាពេលនេះ ដើម្បីចូលរួមសង្កេតការណ៍លើដំណើការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់នៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនាស្អែកនេះ។

ក្នុងជំនួបនេះ ឯកឧត្តម Andres Pastrana និងក្រុមប្រតិភូសូមគោរពសំដែងនូវការរំលែកទុក្ខដ៏ក្រៀមក្រំចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានបាត់បង់បងប្រុសជាទីស្រលាញ់ គឺសម្ដេចទេពញ្ញាណ ហ៊ុន ណេង ដែលបានទទួលមរណភាពកាលពីពេលថ្មីៗកន្លងទៅនេះ។ ឯកឧត្តមក៏បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមពិតជាមានកិត្តិយសណាស់ដែលបានអញ្ជើញមកធ្វើជាអ្នកសង្កេតការណ៍ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ នៅកម្ពុជានាពេលនេះ។ ឯកឧត្តមបានបន្ថែមថា នេះជាលើកទី៣ ហើយ ដែលឯកឧត្តមបានមកសង្កេតការណ៍បោះឆ្នោតនៅប្រទេសកម្ពុជា ដែលលើកទី១ គឺនៅក្នុងឆ្នាំ ២០១៧ លើកទី២ ឆ្នាំ២០១៨ និងលើកទី៣ គឺនៅឆ្នាំ២០២២នេះ។ឯកឧត្តមបានជូនពរអោយដំណើរការបោះឆ្នោត ឃុំ សង្កាត់ នៅថ្ងៃស្អែកនេះ បានដំណើរការដោយរលូន និងប្រកបដោយភាពជោគជ័យ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ឯកឧត្តម Andres Pastrana និងគណៈប្រតិភូទាំងអស់របស់ CDI ចំពោះការចូលរួមរំលែកទុក្ខដល់សម្ដេច ដែលបានបាត់បង់បងប្រុសរបស់សម្ដេចកាលពីពេលថ្មីៗនេះ។ សម្តេចតេជោក៏បានអរគុណចំពោះឯកឧត្តមប្រធានប្រតិភូ ដែលបានសម្ដែងនូវការអបអរសាទរចំពោះការចាត់វិធានការរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានយកជោគជ័យរបស់ប្រទេសកម្ពុជាស្របតាមយុទ្ធសាស្ត្រផ្ការីកដែលសម្ដេចបានដាក់ចេញ។ សម្ដេចតេជោបានមានប្រសាសន៍ទៀតថា តាមរយៈ វិធានធានការប្រយុទ្ធប្រឆាំងកូវីដ-១៩បានជោគជ័យនេះហើយ ទើបធ្វើអោយកម្ពុជាអាចរៀបចំដំណើរការបោះឆ្នោត ឃុំ សង្កាត់ បាននាពេលនេះ។ សម្ដេចតេជោបានមានប្រសាសន៍ទៀតថារហូតមកដល់ថ្ងៃនេះ រយៈពេលជាង ២០ថ្ងៃហើយ ដែលកម្ពុជាមិនមានការឆ្លងជំងឺកូវីដ-១៩ឆ្លងថ្មីនោះទេ។ ជាទីបញ្ចប់ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះឯកឧត្តម Andres Pastrana ដែលបានដឹកនាំប្រតិភូ CDI មកសង្កេតការណ៍បោះឆ្នោតនៅថ្ងៃស្អែកនេះ៕

 

អត្ថបទដែលជាប់ទាក់ទង