ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលព្រហ្មទណ្ឌ ស្រុកស្វាយចេក ឃាត់ខ្លួនបុរសម្នាក់ ប្រើអំពើហិង្សាដោយយក កាំបិតប៉័ងតោកាប់លើបុរស២នាក់ បណ្តាលអោយរងរបួសធ្ងន់

40

ស្រុកស្វាយចេក ៖ សមត្ថកិច្ចបានអោយដឹងថា បុរសម្នាក់ត្រូវនគរបាលចាប់ឃាត់ខ្លួនភ្លាមៗបន្ទាប់ពីបានប្រើអំពើហិង្សាកាប់បុរស២នាក់ ឲ្យរងរបួសធ្ងន់ស្រាលដោយពុំដឹងមូលហេតុ ។

ករណីនេះបានកើតឡើងនៅវេលាម៉ោង០៧និង២០នាទីព្រឹក ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ នៅភូមិខ្លែងពណ៌ជើង ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី គក់ សុភ័ក្ត្រ អធិការរង ទទួលផ្នែកការងារព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ក្រោយពីទទួលនបានព័ត៌មាន ពីហេតុការណ៍នៃអំពើហិង្សានេះ លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានចាត់ឲ្យលោកដឹកនាំកម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្លក្រាម ចុះបង្ក្រាបនិងឃាត់ជនបង្កនាំមកអធិការដ្ឋាន ដើម្បីអនុវត្តតាមនីតិវិធី ។

លោកអធិការរង បានបញ្ជាក់ថា ជនដៃដល់ឈ្មោះ លន់ ឡាត់ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិ ខ្លែងពណ៌ជើង ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ចំណែកជនរងគ្រោះមានឈ្មោះ សរ ធីម ភេទប្រុស អាយុ៣៨ឆ្នាំ និងឈ្មោះ អ៊ុក សារ៉ាន ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិឃុំជាមួយជនបង្ក ។

លោកវរសេនីយ៍ត្រី គក់ សុភ័ក្ត្រ បានបញ្ជាក់ទៀតថា ដំបូងជនបង្កបានធ្វើសកម្មភាពកាន់កាំបិតប៉័ងតោដើរទៅកាប់ឈ្មោះ សរ ធីម កំពុងអង្គុយលេងជាមួយកូនស្រីនៅមុខផ្ទះ ដោយពុំដឹងមូលហេតុ បណ្តាលឲ្យត្រូវចំខ្នងដៃស្តាំដេរ៣៩ថ្នេរ ។ បន្ទាប់មកជនរងគ្រោះក៏បានរត់ទៅឲ្យឈ្មោះ អ៊ុក សារ៉ាន ជួយ ។ ពេលនោះជនបង្កបានកាប់ទៅលើឈ្មោះ អ៊ុក សារ៉ាន បន្ថែមទៀតបណ្តាលឲ្យត្រូវចំនួន០៣កន្លែង ផ្នែកក្បាល០១កន្លែង ដេរ១៥ថ្នេរ ខ្នង០១កន្លែងដេរ០៧ថ្នេរ និងចិញ្ចើម០១កន្លែង ដេរ០៣ថ្នេរ ។

ជនបង្កកម្លាំងនគរបាលជំនាញផ្នែកព្រហ្មទណ្ឌ កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធី ។

បើតាមការឲ្យដឹងពីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្លក្រាម ជនបង្កឈ្មោះ លន់ ឡាត់ កើតជំងឺសរសៃប្រសាទរយៈពេល០៣ខែមកហើយ ប៉ុន្តែពុំមានលិខិតបញ្ជាក់ពីពេទ្យនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង