ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ.ជ.ប ពិនិត្យ និងសម្រេចលើបណ្តឹង/ សំណុំរឿងចំនួនប្រាំបី ដែលប្តឹងតវ៉ា និងប្តឹងជំទាស់ទៅ នឹងសេចក្តីសម្រេច របស់គណៈកម្មការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

169

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៩:០០ នៅសាលប្រជុំ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើបណ្តឹង/សំណុំរឿងចំនួនប្រាំបី ដែលប្តឹងតវ៉ា និងប្តឹងជំទាស់ទៅនឹង សេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ ពាក់ព័ន្ធទៅនឹងសកម្មភាពឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

ក្នុងសំណុំរឿងលេខ ១៥០ ១៥១ ១៥២ ១៥៣ ១៥៤ ១៥៧ និងលេខ ១៥៨ មានដើមបណ្តឹង ជាប្រជាពលរដ្ឋ និងជាបេក្ខជនគណបក្សប្រជាជនកម្ពុជា ដែលបានប្តឹងជំទាស់ និងប្តឹងតវាទៅនឹង សេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដែលមិនបានផាកពិន័យ ជាប្រាក់ និងលុបឈ្មោះបេក្ខភាពឈរឈ្មោះរបស់គណបក្សភ្លើងទៀន នៅសង្កាត់កាកាបទី១ នៅសង្កាត់អូឡាំពិក នៅសង្កាត់វាលវង់ នៅសង្កាត់ក្រាំងធ្នង់ នៅសង្កាត់បាក់ខែង នៅសង្កាត់ បឹងកេងកងទី៣ និងនៅសង្កាត់បឹងកេងកងទី២ ក្នុងរាជធានីភ្នំពេញ ដែលបានធ្វើសកម្មភាព ឃោសនាដោយប្រើសារនយោបាយវាយប្រហារ លាបពណ៍ លើគូប្រជែង ញុះញង់ឱ្យមានការ រើសអើង និងប្រមាថជាសាធារណៈចំពោះមេឃុំ ចៅសង្កាត់ របស់គណបក្សប្រជាជនកម្ពុជាដែល កំពុងដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍក្នុងមូលដ្ឋាននាពេលបច្ចុប្បន្ន។

ក្នុងសំណុំរឿងលេខ ១៥៦ ដើមបណ្តឹងឈ្មោះ សុខ ស្រីនួន ភេទស្រី កើតថ្ងៃទី២ ខែមីនា ឆ្នាំ១៩៨៧ មានទីលំនៅ ភូមិអ្នកតាទ្វារ ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ជាយក្ខជនគណបក្ស ភ្លើងទៀន បានប្តឹងជំទាស់ទៅនឹងសេចក្តីសម្រេច ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២០បស់គណកម្មការ រៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ ដែលសម្រេចជាកពិន័យរូបខ្លួន ចំនួន ៥.០០០.០០០ រៀល។

បន្ទាប់ពីបានពិនិត្យសំណុំរឿងទាំងអស់ និងពិភាក្សាលើអង្គហេតុ និងអង្គច្បាប់រួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចឆ្លើយតបជាលិខិតរដ្ឋបាលទៅដើមបណ្តឹងវិញលើសំណុំរឿងលេខ ១៥០ ១៥១ ១៥២ ១៥៣ ១៥៤ ១៥៧ និងលេខ ១៥៨ ដោយខ្លឹមសារលិខិតបានបញ្ជាក់ថា សេចក្ដី សម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដែលបានសម្រេចឱ្យគណបក្ស ភ្លើងទៀនរាជធានីភ្នំពេញ បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពឃោសនាបោះឆ្នោត ដែលផ្ទុយពី ច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់នេះ បទបញ្ជ និងនីតិវិធីនៃការបោះឆ្នោត និងក្រមសីលធម៌របស់គណបក្សនយោបាយមានលក្ខណៈធួនល្មម ទៅនឹងទង្វើប្រព្រឹត្តកំហុសរបស់គណបក្សភ្លើងទៀនរាជធានីភ្នំពេញហើយ។

ដោយឡែកចំពោះសំណុំរឿងលេខ ១៥៦ គ.ជ.ប បានសម្រេចបដិសេធពាក្យបណ្តឹងរបស់ ដើមបណ្តឹងឈ្មោះ សុខ ស្រីនួន ដោយតម្កល់សេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តត្បូងឃ្មុំ ដែលសម្រេចជាកពិន័យឈ្មោះ សុខ ស្រីនួន ចំនួន ៥.០០០.០០០ (ប្រាំលាន) រៀល ស្ថិតក្នុងកម្រិតអប្បបរិមា ស្របតាមមាត្រា ១៨១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ហើយ។

សេចក្តីសម្រេចរបស់ គ.ជ.ប ពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ជាសេចក្តីសម្រេចស្ថាពរបិទផ្លូវតវ៉ា៕

អត្ថបទដែលជាប់ទាក់ទង