ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចឃាត់ខ្លួនអ្នកលក់ដាវសាំម៉ូរ៉ៃ ដោយគ្មានច្បាប់អនុញ្ញាត ដកហូតបានដាវជិត២០០ដើម

225

 

ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២នេះ បានបង្ហាញមុខជនសង្ស័យម្នាក់ ដែលពាក់ព័ន្ធករណីលក់-ទិញអាវុធដោយគ្មានការអនុញ្ញាត (ដាវសាំម៉ូរ៉ៃ) ដែលស្ថិតនៅចំណុចបន្ទប់ជួលលេខ១០៧ ផ្លូវលេខ៦៧បេតេ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងបទល្មើសជាក់ស្តែង ប្រព្រឹត្តនៅចំណុចស្ថានីយ័ប្រេងឥន្ធនៈ PTT ផ្លូវព្រះមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដោយជនសង្ស័យបានដាក់លក់ដាវសាំម៉ូរ៉ៃ នៅលើគណនីហ្វេសប៊ុករបស់ឈ្មោះ Seven Tii និងតាមផេកឈ្មោះ Seven Cambo Samoria ហើយឲ្យអតិថិជនដែលចង់ទិញដាវសាំម៉ូរ៉ៃខាងលេី ធ្វេីការទំនាក់ទំនងតាមរយៈទូរសព្ទ័ដៃលេខ ០៨៥ ៥២២ ២៨១។

ក្រោយមកនៅវេលាម៉ោងប្រហែល០៤៖០០នាទីរសៀល មានអតិថិជនម្នាក់បានទិញដាវសាំម៉ូរ៉ៃប្រវែង ៧០សង់ទីម៉ែត្រ ពីជនសង្ស័យខាងលើ ដោយលក់ក្នុងតម្លៃ៥០ដុល្លារ ហើយនៅវេលាម៉ោង០៥៖០០នាទីថ្ងៃខែឆ្នាំដដែល ជនសង្ស័យបានយកដាវសាំម៉ូរ៉ៃប្រវែង ៧០សង់ទីម៉ែត្រ ទៅប្រគល់ឲ្យអតិថិជននៅចំណុចកើតហេតុខាងលើ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើការឃាត់ខ្លួន និងចាប់ដកហូតយកដាវសាំម៉ូរ៉ៃប្រវែង ៧០សង់ទីម៉ែត្រ ចំនួនមួយដើមតែម្តង។

លោកវរសេនីយ៍ឯក ប៊ុន សត្យា បានបន្ដថា ដោយមានការអនុញ្ញាតដោយផ្ទាល់មាត់តាមទូរសព្ទ័ដៃពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននាំខ្លួនជនសង្ស័យខាងលើ ដោយសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុន២ និងមានការអនុញ្ញាតពីម្ចាស់ផ្ទះជួល កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការឆែកឆេរបន្ទប់ស្នាក់នៅរបស់ជនសង្ស័យក្នុងបន្ទប់លេខ១០៧ ផ្ទះជួលលេខ៣៧០ ផ្លូវលេខ៦៧បេតេ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។

លោក ប៊ុន សត្យា បានបន្តទៀតថា ក្រោយពីបានធ្វើការឆែកឆេរបន្ទប់ជនសង្ស័យខាងលើរួចមក កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការរកឃើញដាវសាំម៉ូរ៉ៃចំនួន១៩១ដើមបន្ថែមទៀត ហើយបានយកដាវ និងជនសង្ស័យខាងលើ មកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំបន្ត។

ជនសង្ស័យខាងលើមានឈ្មោះ ទីវ ឈុនទី អាយុ២៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលលេខ៣៧០ បន្ទប់លេខ១០៧ ផ្លូវលេខ៦៧បេតេ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកឯវត្ថុតាងដែលកម្លាំងសមត្ថកិច្ចជំនាញបានដកហូតរួមមាន៖ ដាវសាំម៉ូរ៉ៃ ចំនួន១៩១ដើម។

ក្រោយពីធ្វើការបង្ហាញមុខជនសង្ស័យ រួមនឹងវត្ថុតាងខាងលើរួចមក កម្លាំងសមត្ថកិច្ចជំនាញបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង