ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា និងអូស្ត្រាលី បន្តកិច្ចសហប្រតិបត្តិការដ៏ល្អបច្ចុប្បន្ន

136

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោកជំទាវ Kathryn Campbell រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី បានសម្តែងការពេញចិត្តចំពោះមិត្តភាពដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការដ៏ល្អក្នុងអំឡុងពេល៧០ ឆ្នាំកន្លងមកនេះ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងបានឯកភាពប្តេជ្ញ ចិត្តបន្តមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ។ ការពេញចិត្ត និងការប្តេជ្ញាចិត្តទាំងនេះ ត្រូវបាន សម្ដែងចេញនៅក្នុងជំនួបនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ក្នុងអំឡុងពេល ទស្សនកិច្ចរបស់ លោកជំទាវ Kathryn Campbell នៅកម្ពុជា ពីថ្ងៃទី ១២-១៤ ខែមិថុនា ឆ្នាំ ២០២២។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងសាជាថ្មីនូវការវាយតម្លៃរបស់កម្ពុជាចំពោះ ការគាំទ្រ និងជំនួយរបស់អូស្ត្រាលីដល់ដំណើរការសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ជាពិសេស នៅ លើវិស័យអប់រំ សុខាភិបាល ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ការពារជាតិនិងសន្តិសុខ និង បានកត់សម្គាល់អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចពិគ្រោះយោបល់ឧត្តមមន្ត្រីលើកទី៣ នៅទីក្រុង កង់បេរ៉ា។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចែករំលែកជាមួយលោកជំទាវរដ្ឋលេខាធិការ Kathryn Campbell អំពីការវិវត្តនៃសភាពការណ៍នៅមីយ៉ាន់ម៉ា ដោយគូសបញ្ជាក់ពីភាពស្មុគស្មាញ នៃវិបត្តិ និងការប្រឈមមុខនានាក្នុងការស្វែងរកដំណោះស្រាយសមស្របមួយ ដែលតម្រូវឱ្យមាន ការយោគយល់គ្នា ភាពអត់ធ្មត់ និងការអត់ឱនពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក៏ដូចជាកិច្ចខិតខំប្រឹង ប្រែងរួម ឯកភាព និងសាមគ្គីភាព ក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន និងគ្រប់ភាគីទាំងអស់ ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីវឌ្ឍនភាពក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ធ៥ ចំណុចរបស់អាស៊ានស្ដីពីមីយ៉ាន់ម៉ា រួមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្ដម ក្នុងការរៀបចំការងារ, ជាមូលដ្ឋាន ក្នុងអំឡុងពេលនៃទស្សនកិច្ចលើកទីមួយរបស់ឯកឧត្តមទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែល ពីថ្ងៃទី ២១-២២ ខែមីនា ឆ្នាំ២០២២ សម្រាប់អាទិភាពបន្ទាន់ចំនួន៣ រួមមាន ទី)
(១) អំពើហឹង្សា (២) ការធានាឱ្យបាននូវការផ្តល់ជំនួយមនុស្សធម៌ទាន់ពេលវេលាដោយគ្មានការរើសអើង និង (៣) ការកសាងបរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនានយោបាយប្រកប ដោយបរិយាប័ន្ន ដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។ ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរអំពីលទ្ធផលសំខាន់ៗ ចំនួនបីដែលសម្រេចបានក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌សម្រាប់មីយ៉ាន់ម៉ា ដែល កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ រួមមាន៖ ១) ក្របខ័ណ្ឌនៃការ រៀបចំការផ្តល់ជំនួយមនុស្សធម៌អាស៊ាន ២) ការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងប្រតិបត្តិការ នៃការផ្តល់ជំនួយមនុស្សធម៌ និង ៣) ក្របខ័ណ្ឌសម្រាប់ការគ្រប់គ្រងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមីយ៉ាន់ម៉ា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានជម្រាបជូនផងដែរអំពីការរៀបចំដំណើរទស្សនកិច្ចជាលើកទីពីរ របស់ឯកឧត្តមទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលគ្រោងធ្វើនៅចុងខែនេះ ដោយសង្កត់ធ្ងន់ថា ការជួប ពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធ គឺស្ថិតក្នុងចំណោមការផ្តោតការយកចិត្តទុកដាក់របស់ឯកឧត្តមនា ពេលនោះ ស្របតាមអាណត្តិរបស់ប្រេសិតពិសេស។

លោកជំទាវរដ្ឋលេខាធិការ Kathryn Campbell បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងការស្វែង រកដំណោះស្រាយចំពោះវិបត្តិបច្ចុប្បន្ននៅមីយ៉ាន់ម៉ា និងបានអះអាងអំពីការគាំទ្ររបស់អូស្ត្រាលី សម្រាប់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង