ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកសេដ្ឋកិច្ច ៖ ការកើនឡើងនៃតម្លៃប្រេង និងឧស្ម័នជាសកល មិនបានធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់ការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុបនោះទេ

198

ភ្នំពេញ៖ អ្នកសេដ្ឋកិច្ចកម្ពុជា បានបញ្ជាក់ថា៖ ការកើនឡើងនៃតម្លៃប្រេង និងឧស្ម័នសកល មិនបានធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់ការនាំចេ ញអង្ករកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបនោះទេ តែ បានធ្វើអោយតម្លៃនាំចេញអង្ករបានកើន ឡើង ប្រមាណ១០ភាគរយ ជាមួយនឹងកំណើននាំចេញ បានកើនឡើងប្រមាណ៥០ ភាគ រយ គិតត្រឹម៥ខែដំបូងក្នុងឆ្នាំនេះ។

លោក ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យ ដឹងថា៖ ថ្វីត្បិតតែតម្លៃប្រេងឥន្ទនះ និងឧស្ម័នសកលមានការកើនឡើង ដែលអាចបង្កផលប៉ះពាល់ទៅដល់ការដឹកជញ្ជូន តម្លៃដើមផលិត និងខ្សែសង្វាក់ផលិតកម្មនៃបណ្ដាលប្រទេសមួយចំនួនដែលជាអ្នកផលិត និងនាំចេញស្រូវអង្ករទៅកាន់ទីផ្សារអឺរ៉ុប ហើយក្នុងនោះកម្ពុជា ក៏ជាប្រទេសមួយក្នុងចំណោមប្រទេសផលិតដទៃទៀត ដែលបានរងនូវប៉ះពាល់នេះផងដែរ តែយ៉ាងណាក៏ដោយ ការកើនឡើងនៃតម្លៃប្រេងឥន្ទនះសកល បានធ្វើអោយតម្លៃនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប មានការកើនឡើងប្រមាណ១០ភាគរយ និងការនាំចេញអង្ករវិញ មានការកើនឡើងប្រមាណ៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោកបានបញ្ជាក់ថា ក្រោយមានវិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងបញ្ហាវិបត្តិស្បៀងអាហារសកល បានធ្វើអោយការនាំចេញអង្ករកម្ពុជា ដែលមានប្រភេទអង្ករធម្មតា អង្ករប្រណិត និងអង្ករក្រអូប មានតម្លៃចន្លោះពី៤០០ដុល្លារ ទៅ៥០០ដុល្លារ និងតម្លៃខ្ពស់ជាងនេះ ទៅតាមប្រភេទអង្ករ។
លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice Cambodia និងជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអោយ ដឹងថា បើយើងមើលទៅទីផ្សារអាស៊ានវិញ កំណើននៃការនាំចេញ មិនមានអ្វីប្រែប្រួលច្រើនទេ ដោយសារតែអាស៊ានក៏ជាប្រទេសផលិតស្រូវអង្ករដែរ ដូច្នេះការនាំចេញអង្ករយើងទៅកាន់ប្រទេសអាស៊ាននៅមានចំនួនមិនច្រើនដូចទីផ្សារចិន និងប្រទេសនៅប៉ែកអឺរ៉ុបនោះទេ។

បើតាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈក្រុមហ៊ុនចំនួន ៥៣ក្រុមហ៊ុន បានអង្ករចំនួន ២៨ម៉ឺនតោន ដែលគិតជាទំហំទឹកប្រាក់ប្រមាណ ១៧៣ លានដុល្លារ សហរដ្ឋអា មេរិក ដែលក្នុងនោះ មានប្រទេសចិន រួមទាំង តំបន់ស្វយ័តហុងកុង ម៉ាកាវ មានកំណើនប្រមាណ ២៣% បើធៀបទៅនឹង រយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ ដោយការនាំចេញទៅកាន់ ប្រទេសនានានៅក្នុងទ្វីបអ៊ឺរ៉ុប មានចំនួន ២៣ប្រទេស កើនឡើងប្រមាណ ៥០% ការនាំចេញទៅកាន់ ប្រទេសក្នុងសមាជិកអាស៊ាន កើនឡើងប្រមាណ ១៧% និងការនាំ ចេញទៅកាន់គោលដៅផ្សេងៗ មានប្រមាណ ៧%។

សូមបញ្ជាក់ថា៖ ប្រទេសចិន នៅតែឈរជាទីផ្សារនាំមុខគេ សម្រាប់ការនាំចេញអង្ករររបស់កម្ពុជា ដោយ ៥ខែមកនេះ ចិន កាន់កាប់ចំណែក ៥២% នៃការនាំចេញអង្ករសរុបរបស់កម្ពុជា ចំណែកសហភាពអឺរ៉ុប ជាអ្នកទិញអង្ករកម្ពុជា លំដាប់ទី២ ហើយអាស៊ាន ក៏ជាទីផ្សារនាំចេញបន្ទាប់របស់កម្ពុជាផងដែរ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង