ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មាជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បើកកិច្ចប្រជុំសមយុទ្ធស្តីពីការឆ្លើយតបគ្រោះរញ្ជួយ ដីក្នុងតំបន់ទីប្រជុំជននៅកម្ពុជា

94

ភ្នំពេញ៖ លោក គីម វីរៈ ទីប្រឹក្សានិងជានាយកកម្មវិធីជាតិ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ត រាយ និង ឧត្ដមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ និងជាប្រធានក្រុមជំនួយការលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៅនៃក្រសួងការពារជាតិ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ បានចូលរួម លំហាត់សមយុទ្ធឆ្លើយតបគ្រោះរញ្ជួយដីក្នុងតំបន់ទីប្រជុំជន ដែលរៀបចំដោយប្រទេសកម្ពុជា និងប្រទេសចិន។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីតំណាងប្រទេសជាសមាជិក វេទិកាតំបន់អាស៊ាន ក្រុមរុករក និងសង្រ្គោះអន្តរជាតិ (USAR) ក្រុមជំនួយការលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួងការពារជាតិ និងកងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ ប្រទេសកម្ពុជា ចំនួន ១៦០រូប។

តាមរយៈកិច្ចប្រជុំនេះ ក្នុងនាមជាសហប្រធាន ឯកឧត្តម គីម វីរៈ បានសម្តែងការរីករាយ និងអរគុណ ចំពោះសហប្រធានចិន ដែលបានសហការរៀបចំ សមយុទ្ធស្តីពីការឆ្លើយតបគ្រោះរញ្ជួយដីក្នុងតំបន់ទីប្រជុំជន តាមប្រព័ន្ធវីដេអូ នាពេលនេះ។ ពាក់ព័ន្ធនិងសមយុទ្ធស្តីពីការឆ្លើយតបគ្រោះរញ្ជួយដីក្នុងតំបន់ទីប្រជុំជន ឯកឧត្តម គីម វីរៈ បានថ្លែងកត់សម្គាល់ផងដែរថាស្របពេលនៃការរីក ចម្រើនក្នុងសង្គមជាតិ និងបច្ចេកវិទ្យា ក៏មានការកើនឡើងនៃការគំរាមកំហែងនៃការប្រែប្រួលអាកាសធាតុ ដែលបង្កឱ្យមានគ្រោះមហន្តរាយកើតមានឡើងកាន់តែញឹកញាប់ក្នុងសភាពកាន់តែធ្ងន់ធ្ងរ នាំឱ្យមានការបាត់អាយុជីវិត និងខូចខាតទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធផងដែរ។ ស្ថិតក្រោមស្ថានភាពនេះ ការគ្រប់គ្រង គ្រោះមហន្តរាយ ក្លាយជាប្រធានបទដ៏សំខាន់មួយសម្រាប់ពិភពលោក ពិសេស សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាតំបន់ងាយរងគ្រោះចំពោះគ្រោះមហន្តរាយដោយធម្មជាតិ ដូចជា ទឹកជំនន់ រាំងស្ងួត ខ្យល់ព្យុះ ការរញ្ជួយដីជាដើម។

លោក បានបន្តថា ឆ្លើយតបទៅគ្រោះមហន្តរាយដែលកើតមាននៅកម្ពុជាកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមាន លោក នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម ជាមេបញ្ជាការនៅសមរភូមិមុខនៃគ្រោះមហន្តរាយ បានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការឆ្លើយតបសង្គ្រោះគ្រោះមហន្តរាយដែលកើតមានឡើង។ជាមួយគ្នានោះកម្ពុជាតែងតែប្រកាន់យកនូវវប្បធម៌ ចែករំលែក ក្នុងស្មារតីជួយគ្នាទៅវិញទៅមកសម្រាប់ការសង្រ្គោះបន្ទាន់ ដោយប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប ដែលមានកងកម្លាំងប្រដាប់អាវុធ បានដើរតួយ៉ាងសំខាន់ក្នុងការជួយសង្រ្គោះគ្រោះមហន្តរាយ។ ដូចនេះកម្ពុជា បានប្តេជ្ញាធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សំដៅកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ នៅក្នុងប្រទេស ក៏ដូចជា នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយយកចិត្តទុកដាក់ ស្របតាម «ក្របខ័ណ្ឌការងារសេនដាយ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ឆ្នាំ២០១៥-២០៣០»។
លោកទេសរដ្ឋមន្ត្រី គន់ គីម លោក គីម វីរៈ បានសម្តែង ការវាយតម្លៃខ្ពស់ជូនចំពោះសហប្រធានចិន និងគណៈកម្មការរៀបចំ ដែល បានខិតខំប្រឹងប្រែងគាំទ្រ និងរៀបចំសមយុទ្ធនេះ។

សូមបញ្ជាក់ថា“សមយុទ្ធស្តីពីការឆ្លើយតបគ្រោះរញ្ជួយដីក្នុងតំបន់ទីប្រជុំជន” មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ខែមិថុនា ឆ្នាំ២០២២ ដែលមានគោលបំណងសំខាន់ គឺពង្រឹងសមត្ថភាពក្រុមរុករកសង្គ្រោះជាតិ-អន្តរជាតិ និងលើកកម្ពស់ភាពជាដៃគូក្នុងចំ ណោមប្រទេសជាសមាជិកវេទិកាតំបន់អាស៊ានទាំងអស់ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង