ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បណ្តាញសង្គមមួយចំនួន បានផ្សព្វផ្សាយព័ត៌មាន ពាក់ព័ន្ធការធ្វើអាជីវកម្ម និងការប្រើប្រាស់បារីអេឡិចត្រូនិក(E-Cigarette) នៅក្នុងរាជធានីភ្នំពេញ

53

ភ្នំពេញ ៖ នៅ ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២២ មន្ទីរប្រឆាំងគ្រឿងញៀន បានចេញសេចក្តីប្រកាសព័ត៌មានមួយថា នាពេលថ្មីៗនេះ មានបណ្តាញសង្គមមួយចំនួន បានផ្សព្វផ្សាយព័ត៌មាន ពាក់ព័ន្ធការធ្វើអាជីវកម្ម និងការប្រើប្រាស់បារីអេឡិចត្រូនិក(E-Cigarette) នៅក្នុងរាជធានីភ្នំពេញ ។

មន្ទីរប្រឆាំងគ្រឿងញៀន សូមអរគុណដល់បណ្តាញសង្គមមួយចំនួន ដែលបានជួយផ្សព្វផ្សាយ ព័ត៌មានជូនដល់សារណៈជនបានជ្រាប ជាពិសេសជូនមកអង្គភាពមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនទៀតផង ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចាត់តាំងកម្លាំងជំនាញចុះទៅជ្រាវស្រាវដល់ទីតាំងដែលមានការលក់ដូរ និងអ្នកទិញប្រើប្រាស់បារីអេឡិចត្រូនិក(E-Cigarette) នៅពេលសមត្ថកិច្ចចុះទៅស្រាវជ្រាវតាមជំនាញ គឺមិនឃើញមានធ្វើសកម្មនោះទេ ដោយសារមុខសញ្ញាបានឃើញមានផ្សព្វផ្សាយព័ត៌មាននៅលើបណ្តាញសង្គម។

មន្ទីរប្រឆាំងគ្រឿងញៀន សូមអរគុណហើយបានផ្សព្វផ្សាយជូនជ្រាប។ តែប្រសិនបើ មានឆន្ទៈចូលរួមបង្ការទប់ស្កាត់បទល្មើសនៅក្នុងសង្គម ជាពិសេសបទល្មើសគ្រឿងញៀន ពិតប្រាកដនោះ សូមមេត្តាសហការផ្តល់ព័ត៌មានមកយើងខ្ញុំ ជាសម្ងាត់សិន ដើម្បីយើងខ្ញុំមានភាពងាយស្រួលប្រើប្រាស់វិធាការជំនាញ ដោយចុះស៊ើបជាសម្ងាត់ កុំទាន់ប្រញាប់ផ្សព្វផ្សាយជាសាធារណៈ ។ ដូចជាពាក្យស្លោករបស់ សម្តេចក្រឡាហោ ស ខេង គឺ បីកុំ(កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង) មួយរាយការណ៍(ត្រូវរាយការណ៍ ផ្តល់ព័ត៌មានដល់សមត្ថកិច្ចអំពីមុខសញ្ញាបទល្មើសគ្រឿងញៀន) ។

មន្ទីរប្រឆាំងគ្រឿងញៀន សូមជម្រាបជូនព័ត៌មានដូចខាងក្រោម ៖
– កន្លងមកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចេញសេចក្តីណែនាំ លេខ ០០១/១៤ ស.ណ.ន ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ ស្តីពីការចាត់វិធានការ បង្ការ បញ្ឃប់ការប្រើប្រាស់ ការធ្វើអាជីកម្ម និងការនាំចូលផលិតស៊ីហ្សា(SISHA) និងបារីអេឡិចត្រូនិក(E-Cigarette) នៅព្រះរាជណាចក្រកម្ពុជា ។
– បន្ទាប់ពីទទួលបានសេចក្តីណែនាំខាងលើភ្លាម អង្គភាពពាក់ព័ន្ធ ជាសមត្ថកិច្ចអនុវត្តគ្រឿងញៀន នៅទូទាំងប្រទេសបានចុះផ្សព្វផ្សាយ អប់រំ ដល់បណ្តាលទីតាំងធ្វើអាជីវកម្ម និងអ្នកប្រើប្រាស់ទាំងអស់ឱ្យបញ្ឃប់ការធ្វើអាជីវកម្ម និងការប្រើប្រាស់ ។
– ទន្ទឹមនេះនៅមានទីតាំងមួយចំនួនមិនអនុវត្តតាមសេក្តីណែនាំខាងលើ នៅតែបំពាន សមត្តកិច្ចយើង ចាត់វិធានការក្តៅ ដោយធ្វើការបង្ក្រាបជាច្រើនលើកមកហើយ ព្រមទាំងរឹបអូសបានស៊ីហ្សា(SISHA) ឧបករណ៍ប្រើប្រាស់ និងបារីអេឡិចត្រូនិក(E-Cigarette) យកទៅបំផ្លាញចោល ចំពោះអ្នកធ្វើអាជីវកម្ម និងអ្នកប្រើប្រាស់ សមត្ថកិច្ចយើងធ្វើការអប់រំ និងធ្វើកិច្ចសន្យា ជាបន្តបន្ទាប់ ។ ដោយសារការធ្វើអាជីកម្ម និងការនាំចូលផលិតស៊ីហ្សា(SISHA) និងបារីអេឡិចត្រូនិក (E-Cigarette) មិនទាន់មានចែកនៅក្នុងច្បាប់នោះទេ ។

ជាចុងក្រោយមន្ទីរប្រឆាំងគ្រឿងញៀន សូមថ្លែងអរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាពលរដ្ឋ ដែលបានជួយផ្សព្វផ្សាយព័ត៌មានជូនដល់សារណៈជនជ្រាប ក្នុងគោលបំណងរួមចំណែកដល់ការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសទាំងនេះ។ ចាប់ពីពេលនេះតទៅគប្បីសហការផ្តល់ព័ត៌មានជាសម្ងាត់មកក្រុមប្រចាំបញ្ជានៃអង្គភាពមន្ទីរប្រឆាំងគ្រឿងញៀន តាមរយៈលេខទូរស័ព្ទ 011248888(Mobitel), 015222226 (Smart), 066661661(Metfone) ឬប្រអប់សំបុត្រអេឡិចត្រូនិច(E-Box) Page: Anti-drug Department ដើម្បីឲ្យអង្គភាពយើងខ្ញុំចាត់វិធានការជំនាញបង្រ្កាបបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាព។ អង្គភាពយើងខ្ញុំសូមធានារក្សានូវការសម្ងាត់ជូនចំពោះអ្នកដែលបានចូលរួមសហការផ្តល់ព័ត៌មានជាក់លាក់មកដល់សមត្ថកិច្ច។ ទន្ទឹមនោះ គួរចៀសវាងធ្វើការផ្សព្វផ្សាយជាចំហរនៅលើបណ្តាញទំនាក់ទំនងសង្គម ដែលនាំឲ្យមានហានិភ័យចំពោះសុវត្ថិភាពផ្ទាល់ខ្លួនផង និងនាំឲ្យជនល្មើសដឹងខ្លួន ផ្អាកធ្វើសកម្មភាព ឬឆក់ឱកាសរត់គេចខ្លួន៕

អត្ថបទដែលជាប់ទាក់ទង