ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាស៊ានប៉ារ៉ាហ្គេម សន្សំពេលវេលា នៃការធ្វើដំណើរទៅប្រកួត

97

ភ្នំពេញ៖គណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ឥណ្ឌូនេស៊ីឆ្នាំ២០២២(INASPOC)បានប្រកាស់សន្សំពេលវេលានៃការធ្វើដំណើររបស់អត្តពលិកនិងមន្ត្រីពីកន្លែងស្នាក់នៅទៅកន្លែងប្រកួត។

លោក Gibran Rakabuming Raka ជាអភិបាលក្រុង Solo និងជាប្រធាន INASPOC បាននិយាយថាការធ្វើដំណើរសម្រាប់អត្តពលិកនិងមន្ត្រីពីសណ្ឋាគារទៅកន្លែងប្រកួតដែលនៅជិតបំផុត អាចចំណាយពេលត្រឹមតែ ៥នាទី ខណៈកន្លែងប្រកួតឆ្ងាយបំផុត នឹងចំណាយពេល ១០នាទីប៉ុណ្ណោះ។
ដើម្បីគាំទ្រដល់ការដឹកជញ្ជូនអត្តពលិកនិងអ្នករួមដំណើរពីសណ្ឋាគារទៅកាន់ទីលានប្រកួតនោះ រថយន្តក្រុងចំនួន ៦៥គ្រឿង ពីក្រសួងដឹកជញ្ជូន ត្រូវបានរៀបចំឡើង។ ចំនួនឡានក្រុងពិតជានឹងបន្តកើនឡើង។

លោក Gibran បានពន្យល់ថា ការបើកព្រឹត្តិការណ៍ ASEAN Para Games ឆ្នាំ២០២២ នឹងធ្វើឡើងនៅកីឡដ្ឋាន Solo Manahan នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។
ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២។ មានអត្តពលិក ប្រតិភូ និងគ្រូបង្វឹក មកពីបណ្តាប្រទេសទាំង១១ ក្នុងតំបន់ ចំនួនច្រើនជាង ១,៦០០នាក់ ចូលរួមលើកីឡាចំនួន ១៤ប្រភេទ។

កីឡាទាំង ១៤ប្រភេទនោះ រួមមាន អត្តពលកម្ម, បាញ់ធ្នូ, វាយសី, បូស្យា, បាល់ទាត់៧ម្ខាង (ចលករខួរក្បាល), អុក, បាល់បោះជនពិការភ្នែក, យូដូ, លើកទម្ងន់, ហែលទឹក, វាយកូនឃ្លីលើតុ, វាយកូនបាល់លើរទេះ, បាល់ទះអង្គុយ និងបាល់បោះរទេះ។ ចំពោះកម្ពុជា នឹងចូលរួមប្រកួតលើ ១១ប្រភេទកីឡា រួមមាន អត្តពលកម្ម, ហែលទឹក, បាល់ទះអង្គុយបុរស និងនារី, បាល់បោះរទេះបុរស និងនារី, បាល់បោះជនពិការភ្នែក, បាល់ទាត់៧ម្ខាង (ចលករខួរក្បាល), វាយកូនឃ្លីលើតុ, វាយសី, លើកទម្ងន់, អុក និង បូស្យា៕

អត្ថបទដែលជាប់ទាក់ទង