រថយន្តដឹកកម្មករ បើកបត់ខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យក្រឡាប់ រងរបួសធ្ងន់ស្រាលចំនួន២៧ នាក់ នៅស្រុកឧដុង្គ
កំពង់ស្ពឺ ៖ នៅវេលាម៉ោង០៦និង១៥នាទីព្រឹក ថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចលើផ្លូវលំភូមិច្រកពពូល ឃុំជំពូព្រឹក្ស ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តដឹកកម្មករបើកបរខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យក្រឡាប់រងរបួសធ្ងន់ស្រាលចំនួន ២៧នាក់ ។
តាមការបញ្ជាក់ពីសមត្ថកិច្ច បានអោយដឹងថា មុនពេលកើតហេតុ រថយន្តខាងលើម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ 3A-2816 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ(បានចុះគេចខ្លួនបាត់) ដឹកកម្មករ-កម្មការនី ចំនួន៥០នាក់ ស្រី៤៤នាក់(របួសចំនួន២៧នាក់ (ស្រី២៦នាក់) ក្នុងនោះរបួសធ្ងន់ចំនួន១១នាក់ (ស្រី១០នាក់) ។ កម្មករកម្មការនីទាំងអស់បម្រើការងារនៅក្នុងរោងចក្រស៊ីគ្លូ ស្ថិតនៅក្នុងភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ រថយន្តខាងលើបើកបរក្នុងទិសដៅពីជើងទៅត្បូង លុះ មកដល់ចំណុចបានបត់ទៅខាងលិចផ្លូវ ។ ដោយសារផ្លូវមានសភាពកោងខ្លាំងទើបបណ្តាលរថយន្តនោះផ្អៀងក្រឡាប់តែម្តង ។
ក្រោយពីកើតហេតុត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ) ។ ចំណែករថយន្តខាងលើបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជំពូព្រឹក្ស ដើម្បីអនុវត្តតាមនីតិវិធី ៕