ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ចេញសារលិខិត ក្នុងឱកាសប្រារព្ធទិវាអន្ដរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា

188

 

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតក្នុងឱកាសប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។

ក្នុងឱកាសដ៏មហោឡារិកនៃការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះសម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការរៀបចំទិវាដ៏មានសារៈសំខាន់នេះជាមួយបណ្តាប្រទេសនានា និងការិយាល័យអង្គការសហ ប្រជាជាតិសម្រាប់ត្រួតពិនិត្យគ្រឿងញៀននិងបទឧក្រិដ្ឋ ដែលជារៀងរាល់ឆ្នាំតែងតែបានដាក់ចេញនូវ ប្រធានបទផ្សេងៗ អាស្រ័យតាមស្ថានភាព បរិបទ និងភាពចំបាច់សម្រាប់ឆ្នាំនីមួយៗ។ សម្រាប់ឆ្នាំ ២០២២នេះ ដោយយល់ឃើញពីផលប៉ះពាល់ និងបញ្ហានានា ដែលពិភពលោកយើងទាំងមូលបាន និងកំពុងប្រឈមយ៉ាងធ្ងន់ស្ទើរលើគ្រប់វិស័យ ពិសេសសេដ្ឋកិច្ច សង្គមកិច្ច សុខុមាលភាព សង្គម និង មនុស្សធម៌ ដែលបាននឹងកំពុងបង្កឡើងដោយជំងឺឆ្លងរាតត្បាតកូវីដ-១៩ និងសង្គ្រាមនៅប្រទេស អ៊ុយក្រែននោះ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ត្រួតពិនិត្យគ្រឿងញៀននិងបទឧក្រិដ្ឋ (UNODC) បានដាក់ចេញប្រធានបទ “ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាពនិងមនុស្សធម៌” (Addressing drug challenges in heath and humanitarian crises) ដើម្បីជំរុញនូវការលើកកម្ពស់ប្រសិទ្ធភាពនៃ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងកាលៈទេសៈដែលពិភពលោកបាននិងកំពុងជួបប្រទះទៅ នឹងបញ្ហាប្រឈមជាច្រើន ជាពិសេសក្នុងបរិបទនៃវិបត្តិសុខភាពនិងមនុស្សធម៌។

ក្នុងនាមសមាជិកនៃអនុសញ្ញា និងពិធីសារស្តីពីគ្រឿងញៀនរបស់អង្គការសហប្រជាជាតិ ព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់អនុវត្តន៍ និងបំពេញកាតព្វកិច្ចយ៉ាងសកម្មប្រកបដោយការ ទទួលខុសត្រូវខ្ពស់ទាំងក្នុងកម្រិតជាតិ អនុតំបន់ តំបន់ និងអន្តរជាតិក្នុងគ្រប់កាលៈទេសៈ។ ជាក់ស្តែង ក្នុងឆ្នាំ២០២២នេះ បើទោះបីជាប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលបាននិងកំពុងបន្តទទួលរង នូវបញ្ហាប្រឈមជាច្រើន ដែលបង្កឡើងដោយជំងឺកូវីដ-១៩ និងបញ្ហាសង្គ្រាមនៅប្រទេសអ៊ុយក្រែនក្ដី ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តផ្តោតការយកចិត្តទុកដាក់ ដោយចាត់ទុកការងារប្រយុទ្ធប្រឆាំង គ្រឿងញៀន នៅតែជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពនានារបស់រាជរដ្ឋាភិបាល។

ជំងឺឆ្លងរាតត្បាតកូវីដ-១៩ ដែលបាននិងកំពុងកើតមានឡើង រួមជាមួយនឹងការផ្ទុះឡើងនៃ សង្គ្រាមនៅប្រទេសអ៊ុយក្រែន ក្នុងរយៈពេលជិត៤ខែកន្លងមកនេះ បាននិងកំពុងធ្វើឱ្យពិភពលោក និង មនុស្សជាតិយើងទាំងមូលទទួលរងនូវផលប៉ះពាល់ទាំងដោយផ្ទាល់ និងដោយប្រយោលយ៉ាងធ្ងន់ធ្ងរបំផុត។ ក្នុងនោះប្រក្រតីភាពនៃដំណើរការសេដ្ឋកិច្ច វប្បធម៌ សង្គមធម៌ និងជីវភាពសង្គម ក៏ដូចជា សុខភាពសតិអារម្មណ៍ ផ្លូវកាយ ផ្លូវចិត្តរបស់បុគ្គល ត្រូវបានធ្លាក់ចុះ ប្រែប្រួល និងកែប្រែទម្លាប់គួរឱ្យ កត់សម្គាល់។ ជាមួយនេះការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាការដោះស្រាយនូវបញ្ហាផ្សេងៗ ដែលពាក់ព័ន្ធនឹងគ្រឿងញៀន ក៏បាននិងកំពុងប្រឈមជាមួយនឹងការលំបាកជាច្រើន ដូចវិស័យផ្សេងៗ ផងដែរ។ ក្នុងន័យនេះ ប្រធានបទរបស់អង្គការ យូ អ៊ិន អូ ឌី ស៊ី (UNODC) ក្នុងឆ្នាំនេះ គឺមាន គោលបំណងអំពាវនាវលើកទឹកចិត្តនិងជំរុញដល់បណ្តារដ្ឋជាសមាជិកទាំងអស់ ឱ្យបន្ដផ្ដោតការយក ចិត្តទុកដាក់បន្ថែមទៀត ក្នុងការដោះស្រាយបញ្ហាគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាព ដោយផ្អែក លើគោលការណ៍សុខភាព និងមនុស្សធម៌ជាមូលដ្ឋានចម្បង។

ជាការពិតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាពិតជាទទួលបានជោគជ័យនិងមានមោទនភាព ក្រៃលែងដែលបានបង្ការ ទប់ស្កាត់ គ្រប់គ្រង និងជួយសង្គ្រោះជីវិតប្រជាជនកម្ពុជាបានស្ទើរតែទាំងស្រុងពី គ្រោះមហន្តរាយដល់អាយុវជីវិតនៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ក្រោមគោលនយោបាយចាក់ស្រោច វ៉ាក់សាំងដល់ប្រជាជនកម្ពុជា ១០០% និងបន្តចាក់ដូសជំរុញជាបន្តបន្ទាប់រហូតមកនេះ។ ភាពជោគជ័យនេះ មិនត្រឹមតែអាចជួយសង្គ្រោះជីវិតប្រជាជនយើងពីការស្លាប់ប៉ុណ្ណោះទេ តែក៏ជាការផ្តល់ឱកាសដ៏ មានតម្លៃដល់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនគ្រប់រូបក្នុងការវិលត្រឡប់មករកប្រក្រតីភាពនៃជីវភាព សង្គម សេដ្ឋកិច្ច និងបើកដំណើការប្រទេសតាមគន្លងប្រក្រតីភាពថ្មីឡើងវិញ ក្នុងនោះរួមទាំងការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាំងលើផ្នែកព្យាបាល ស្តារនីតិសម្បទា ការងារផ្សព្វផ្សាយ អប់រំ និងការងារ អនុវត្តច្បាប់ដោយបានចាត់វិធានការតាមគ្រប់មធ្យោបាយនិងលទ្ធភាព ដើម្បីធ្វើការទប់ស្កាត់និងបង្ក្រាប បានទាន់ពេលវេលានូវរាល់ការប៉ុនប៉ង ផលិត កែច្នៃ រក្សាទុក ជួញដូរ និងចរាចរគ្រឿងញៀនខុសច្បាប់ ទាំងមកពីខាងក្រៅនិងនៅផ្ទៃក្នុងប្រទេស ហើយក្រុមឧក្រិដ្ឋជននិងជនល្មើសជាច្រើននាក់ដោយរួមទាំង មេក្លោងធំៗ និងបណ្តាញជួញដូរគ្រឿងញៀនទាំងក្នុងស្រុក និងឆ្លងដែនមួយចំនួនត្រូវបានចាប់ខ្លួន និងផ្តន្ទាទោសទៅតាមច្បាប់។ ជាក់ស្ដែងយើងបានប្រកាសបើកដាក់ឱ្យដំណើរការនូវមជ្ឈមណ្ឌលជាតិ ព្យាបាលនិងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្តនៅខេត្តព្រះសីហនុដោយទទួលយក យុវជនរងគ្រោះដោយគ្រឿងញៀនឱ្យចូលទៅស្នាក់នៅសម្រាកព្យាបាលនិងស្តារនីតិសម្បទា បណ្តុះ បណ្តាលវិជ្ជាជីវ: ចំណេះជំនាញស្របតាមទីផ្សារការងារ និងបានបន្តពង្រឹងប្រសិទ្ធភាពការផ្តល់សេវា ព្យាបាល និងស្តារនីតិសម្បទា នៅតាមមជ្ឈមណ្ឌលណ្តោះអាសន្ន មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក នៅតាមមូលដ្ឋានជូនបងប្អូន កូនក្មួយ ចៅៗដែលជាជនរងគ្រោះដោយសារគ្រឿងញៀនជាធម្មតា។ រាជរដ្ឋាភិបាល ក៏បានបន្តដាក់ចេញ និងអនុវត្តនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើក ទី៧. នៅទូទាំងប្រទេសយ៉ាងមានប្រសិទ្ធភាព ដោយបានបង្ក្រាបបទល្មើសគ្រឿងញៀនធំៗជាច្រើន ករណីចាប់យកវត្ថុតាងជាគ្រឿងញៀនបានជាច្រើនរយគីឡូក្រាម និងសារធាតុគីមីផ្សំគ្រឿងញៀន ជា ច្រើនតោនរួមជាមួយវត្ថុតាងផ្សេងៗជាច្រើនទៀត។

សមិទ្ធផលទាំងនេះ គឺជាការខិតខំប្រឹងប្រែងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់របស់សមត្ថកិច្ច និងមន្ត្រីបម្រើការងារ ក្នុងវិស័យប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមជាមួយវិស័យឯកជន សាសនា អង្គការ មនុស្សធម៌ជាតិ – អន្តរជាតិ វិស័យឯកជន និងអ្នកពាក់ព័ន្ធដទៃទៀតរបស់យើង ដែលជាសក្ខីភាព បង្ហាញពីការប្តេជ្ញាយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀនជាសេនាធិការ ក្នុងការដោះស្រាយបញ្ហាគ្រឿងញៀន ដោយប្រកាន់យកនូវតុល្យភាពរវាងបញ្ហា សុខភាព មនុស្សធម៌ និងវិធានការច្បាប់ព្រមទាំងចាត់ទុកអ្នកប្រើគ្រឿងញៀនគឺជាជនរងគ្រោះដែល ត្រូវទទួលបានការយកចិត្តទុកដាក់ព្យាបាល ស្តារនីតិសម្បទា ជាជាងទទួលនូវការចោទប្រកាន់តាមផ្លូវ ច្បាប់ ស្របតាមប្រធានបទប្រចាំឆ្នាំរបស់អង្គការ យូ អ៊ិន អូ ឌី ស៊ី ដោយឈរលើគោលការណ៍សុខភាព និងមនុស្សធម៌ជាមូលដ្ឋាន បើទោះបីស្ថិតក្នុងកាលៈទេសៈលំបាកនិងប្រឈមយ៉ាងណាក្តី។

ទោះបីយើងខិតខំប្រឹងប្រែងទទួលបានលទ្ធផលដូចខាងលើនេះក្ដី ប៉ុន្តែដោយនិន្នាការរួមជាសកល កម្ពុជាយើង ក៏ដូចជាបណ្តាប្រទេសដទៃទៀត នៅតែប្រឈមគួរឱ្យព្រួយបារម្ភពីការប៉ុនប៉ង ផលិត កែច្នៃ រក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀនទាំងក្នុងពេលបច្ចុប្បន្ននិងទៅអនាគត។ យោងលើស្ថានភាពនេះ និងក្នុងគោលដៅរក្សាបាននូវនិរន្តរភាពនៃប្រសិទ្ធភាពការងារជាបន្តទៀតនោះ ពិសេសក្នុងបរិបទពិភពលោកទាំងមូលបាននិងកំពុងប្រឈមទៅនឹងវិបត្តិនានា ពិសេសផ្នែកសុខភាព និងមនុស្សធម៌នោះ សម្តេចតេជោ សូមធ្វើការណែនាំនិងសំណូមពរ បន្ថែមទៅលើ បទបញ្ជា គោលការណ៍ណែនាំ ដែលបានដាក់ចេញកន្លងមកមួយចំនួនទៀត ដូចតទៅ៖

១- សូមអំពាវនាវដល់បងប្អូនកូនក្មួយ ព្រមទាំងចៅៗជាជនរួមជាតិទាំងអស់ ពិសេសមាតាបិតា និងអាណាព្យាបាល សូមបន្តចូលរួម និងគាំទ្រឱ្យបានកាន់តែសកម្មថែមទៀត ដើម្បីរួមគ្នា បង្ការ ទប់ស្កាត់ និងដោះស្រាយនូវរាល់បញ្ហាដែលអាចកើតមាននៅក្នុងសហគមន៍។
ជាមួយនេះ ខ្ញុំក៏សូមឱ្យមាតាបិតានិងអាណាព្យាបាល បន្តយកចិត្តទុកដាក់ថែទាំ និងអប់រំ កូនចៅឱ្យបានល្អ ដើម្បីឱ្យពួកគេលូតលាស់ធំធាត់ប្រកបដោយសុខភាពនិងសុវត្ថិភាព ចៀសផុតពីបញ្ហាគ្រឿងញៀន បញ្ហាអវិជ្ជមានក្នុងសង្គមផ្សេងៗទៀត ដើម្បីអនាគតកូន ចៅយើង។

២- គ្រប់ក្រសួង ស្ថាប័ន វិស័យឯកជន និងសាសនា ត្រូវបន្តលើកកម្ពស់ការអនុវត្តសកម្មភាព ផ្សព្វផ្សាយអប់រំពីផលប៉ះពាល់នៃគ្រឿងញៀនឱ្យបានផុលផុស និងគ្រប់គោលដៅប្រឈម។ ជាពិសេស បណ្តាញផ្សព្វផ្សាយព័ត៌មាន សិល្បករ សិល្បការិនី បណ្តាញទំនាក់ទំនង សង្គម និងហ្វេសប៊ុកផេករបស់ថ្នាក់ដឹកនាំ ដោយត្រូវបន្តអនុវត្តផ្សារភ្ជាប់ជាមួយខ្លឹមសារ ទិសស្លោក បីកុំ មួយរាយការណ៍ គឺ៖កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវ រាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចគ្រប់ករណីគ្រឿងញៀន។

៣- អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានី ខេត្ត ពិសេសក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវ នីតិសម្បទា ត្រូវបន្តពង្រឹងគុណភាពប្រសិទ្ធភាព និងភាពជឿជាក់នៃការផ្តល់សេវា ព្យាបាល ស្តារនីតិ សម្បទាទាំងនៅក្នុងមជ្ឈមណ្ឌលជាតិ មជ្ឈមណ្ឌលបណ្តោះអាសន្ន របស់រដ្ឋនិងឯកជន និងមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាពនានា ព្រមទាំងសម្របសម្រួល គាំទ្រ លើកទឹកចិត្ត និងជំរុញឱ្យអ្នកប្រើគ្រឿងញៀនឱ្យទៅទទួលយកសេវាព្យាបាល ស្ដារនីតិសម្បទា ក្នុងមូលដ្ឋានរបស់ខ្លួន។

៤- អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណ:កម្មការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿង ញៀនខុសច្បាប់លើកទី៧ គណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត និង អង្គភាព ពាក់ព័ន្ធទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ម្ចាស់ការ សម្របសម្រួល ដឹកនាំអនុវត្ត ឱ្យកាន់តែមានប្រសិទ្ធភាពនូវតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប និងដោះស្រាយនូវរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន និងគ្រប់គ្រង ត្រួតពិនិត្យសារធាតុគីមីផ្សំ នៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាសឱ្យបានហ្មត់ចត់និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីទប់ស្កាត់បានរាល់ការលួចបង្វែរពីជំនួញស្របច្បាប់យកទៅកែច្នៃ ផលិតគ្រឿងញៀនខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។

៥- គ្រប់ក្រសួង ស្ថាប័ន អង្គភាពមន្ត្រីអនុវត្តច្បាប់គ្រឿងញៀនពាក់ព័ន្ធទាំងអស់ ត្រូវបន្ត លើកកម្ពស់ការប្រើប្រាស់យន្តការនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំងក្របខ័ណ្ឌ ទ្វេភាគី ពហុភាគី ទាំងក្នុងតំបន់ និងសកលលោក ផ្លាស់ប្តូរព័ត៌មានត្រួតពិនិត្យ តាមដាន ស៊ើបអង្កេត ស្រាវជ្រាវមុខសញ្ញាចរាចរ ជួញដូរ ប្រើប្រាស់គ្រឿងញៀន និងសារធាតុគីមី ផ្សំខុសច្បាប់ឆ្លងកាត់តំបន់ព្រំដែន និងសហការរួមគ្នាបង្ក្រាបឱ្យបានទាន់ពេលវេលា និង ចំគោលដៅ។

ជាថ្មីម្ដងទៀត ខ្ញុំសូមអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច កម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ វិស័យសាសនា វិស័យឯកជន អង្គការជាតិ អន្តរជាតិ និងបងប្អូន កូនក្មួយ ចៅៗជា ជនរួមជាតិទាំងអស់ ពិសេសមាតាបិតានិងអាណាព្យាបាល សូមបន្តចូលរួមនិងគាំទ្រឱ្យបានកាន់តែសកម្មថែមទៀត ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ របស់រាជរដ្ឋាភិបាលកម្ពុជា និងរួមគ្នាបន្តទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ តាមរយ:ការអនុវត្តវិធានការសុខាភិបាល និងបន្តចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ដូសជំរុញឱ្យបានគ្រប់ៗគ្នា ៕

អត្ថបទដែលជាប់ទាក់ទង