ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមវ៉ាត់ ចំរើន បន្តដឹកនាំចំបាប់​ចំពោះអគ្គលេខាត្រូវបានផ្លាស់ប្ដូរ

124

ភ្នំពេញ៖មហាសន្និបាតសហព័ន្ធកីឡាចំបាប់កម្ពុជាបញ្ចប់អាណត្តិចាស់និងបន្តអាណត្តិថ្មីទី៧ឆ្នាំ២០២១-២០២៥បានផ្តល់សេចក្តីទុកចិត្តគាំទ្រជាឯកច្ឆន្ទនូវសមាសភាពសមាជិកគណៈ
កម្មការប្រតិបត្តិអាណត្តិថ្មី ចំនួន៩រូប រួមមាន៖ ឯកឧត្តម វ៉ាត់ ចំរើន ជាប្រធានសហព័ន្ធ លោក ខេស៊ី បាណេត អនុប្រធានទី១ លោក ហុក ឈាងគីម អនុប្រធានទី២ កញ្ញា កាង ណុចបវរ អគ្គលេខាធិការជំនួសលោកធិន វិចិត្រ លោក នរះ យុទ្ធ និងសមាជិក៣រូប គឺលោក កាង ដែនពិសិដ្ឋ លោក នុត សេរីរដ្ឋា និងលោក យឹង សុផាណារ៉ា។

ជាមួយនឹងការសម្រួចគោលដៅបច្ចេកទេសឲ្យកាន់តែមុតស្រួច ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ថ្នាក់ដឹកនាំក៏បានស្នើឲ្យគ្រួសារសហព័ន្ធចំបាប់រួបរួមឆន្ទៈ ធ្វើការលះបង់ និងធ្វើឲ្យមានសុខដុមនីយកម្ម ដើម្បីសម្រេចឲ្យបាននូវបេសកកម្មជាប្រវត្តិសាស្ត្រនេះ។

ឯកឧត្តមវ៉ាត់ ចំរើនប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាបានផ្តល់តម្លៃដ៏មហាសាលនៃ
សុខដុមនីយកម្មដែលជាគន្លឹះក្នុងការរួបរួមគ្នាដើរលើមាគ៌ាអភិវឌ្ឍឆ្ពោះទៅសម្រេចជោគជ័យជាប្រវត្តិសាស្ត្រជាលើកដំបូងនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ឯកឧត្តមបញ្ជាក់ថាពេលនេះយើងមានគណៈកម្មការប្រតិបត្តិថ្មីហើយៗយើងមានភារកិច្ចជាច្រើនដែលត្រូវធ្វើបន្ត។ការងារជាច្រើននេះយើងត្រូវការឆន្ទៈនិងសេចក្តីក្លាហានដើម្បីធ្វើវាឲ្យសម្រេចនូវបេសកកម្មរបស់យើង។
តាមគោលការណ៍របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)គណៈកម្មាធិការជាតិរៀបចំការប្រកួត កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣(CAMSOC)ក៏ដូចជាក្រសួងអប់រំយុវជននិងកីឡា បានដាក់សន្ទស្សន៍មេដាយមាសឲ្យប្រភេទកីឡាចំបាប់កម្ពុជាដណ្តើមឲ្យបានយ៉ាងតិចចំនួន២គ្រឿង។

ប៉ុន្តែមហិច្ឆតារបស់យើងគឺរួមគ្នាធ្វើយ៉ាងណាដណ្តើមមេដាយមាសឲ្យបានច្រើនជាងមុនក្នុងប្រវត្តិស៊ីហ្គេមដែលចំបាប់កម្ពុជាធ្លាប់ដណ្តើមបានមេដាយមាស៤គ្រឿង កាលពីស៊ីហ្គេម នៅប្រទេសមីយ៉ាន់ម៉ា។ មានន័យថា ពេលកម្ពុជាធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ គឺប្រភេទកីឡាចំបាប់មានមហិច្ឆតាចង់បានមេដាយមាសច្រើនជាង៤។
ប្រមុខសហព័ន្ធកីឡាចំបាប់រូបនេះអះអាងថាសហព័ន្ធមានផែនការអភិវឌ្ឍជំនាញ
ច្បាស់លាស់ដូច្នេះហើយសុខដុមនីយកម្មគឺជារឿងសំខាន់បំផុតដើម្បីបើកផ្លូវនៃដំណើរការអភិវឌ្ឍជាជំហានៗដោយគ្មានឧបសគ្គ។

ឯកឧត្តមវ៉ាត់ចំរើនបានរំលេចនូវបុគ្គលសំខាន់ៗក្នុងដំណើការអភិវឌ្ឍនេះ ដោយមានគ្រូបង្គោលជម្រើសជាតិចំបាប់កម្ពុជាជាជនជាតិអ៊ីរ៉ង់ លោក Komeil Ghasemi ដែលមកជួយបង្ហាត់ ក្រុមកីឡាករ កីឡាការិនីកម្ពុជា ក្នុងឆ្នាំ២០២២ ដែលគ្រូបង្វឹករូបនេះជាអតីតម្ចាស់មេដាយមាសអូឡាំពិក។
អ្វីដែលពិសេស គឺសហព័ន្ធចំបាប់កម្ពុជាទទួលបានការ ឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកា ខ្ទង់ម៉ឺនដុល្លារ ក្នុង១ឆ្នាំៗ ពីលោក ខេស៊ី បាណេត អនុប្រធានទី១សហព័ន្ធកីឡាចំបាប់កម្ពុជាព្រមទាំងជាមួយនឹងកិច្ចការទំនាក់ទំនងយ៉ាងជិត
ស្និទ្ធជាមួយសហព័ន្ធកីឡាចំបាប់ពិភពលោក និងអាស៊ីជាដើម។

ប្រធានសហព័ន្ធចំបាប់រូបនេះបញ្ជាក់ទៀតថា ក្នុងផែនការឆ្ពោះទៅស៊ីហ្គេម ២០២៣ មិនមែនត្រឹមតែសម្រួចតែទៅលើបច្ចេកទេសដណ្តើមមេដាយតែមួយមុខទេគឺសហព័ន្ធក៏ត្រូវអភិវឌ្ឍលើផ្នែកការរៀបចំធ្វើជាម្ចាស់ផ្ទះផងដែរ។ ដូច្នេះការទទួលរៀបចំ ស៊ីហ្គេម ២០២៣ សហព័ន្ធចំបាប់កម្ពុជាមានអាជ្ញាកណ្តាលកម្រិតអន្តរជាតិតែ២នាក់ប៉ុណ្ណោះ។
ការធ្វើម្ចាស់ផ្ទះយ៉ាងហោចណាស់ត្រូវមានអាជ្ញាកណ្តាលអន្តរជាតិរបស់ខ្លួនពី៥ទៅ៦នាក់ដែរ។ តាមរយៈផែនការទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ នាខែធ្នូឆ្នាំ២០២២ខាងមុខនេះសហព័ន្ធដាក់ដាក់ គោលដៅអភិវឌ្ឍធនធានអាជ្ញាកណ្តាលអន្តរជាតិឲ្យបានច្រើនបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង