ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងទេសចរណ៍ ចេញសារាចរណែនាំក្រើនរំលឹកដល់ មន្ទីរទេសចរណ៍រាជធានី ខេត្ត និងម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ អំពីការពង្រឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល

129

ភ្នំពេញ៖ ក្រសួងទេសចរណ៍ ចេញសារាចរណែនាំក្រើនរំលឹកដល់ មន្ទីរទេសចរណ៍រាជធានី ខេត្ត និងម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ អំពីការពង្រឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ (ឬនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា-SOP)។

គោរពតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយះសារសម្លេងនាយប់ថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០២២ អំពីការរកឃើញជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាឡើងវិញ បន្ទាប់ពីអាក់ខាននូវការឆ្គង និងការស្លាប់ដោយជំងឺនេះរយៈពេល ៥១ថ្ងៃកន្លងមក ក្រសួងទេសចរណ៍ សូមក្រើនរំលឹកដល់ មន្ទីរទេសចរណ៍រាជធានី ខេត្ត និងម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ អំពីការពង្រឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ (ឬ នីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា-SOP) ដែលក្នុងនោះរួមមាន៖

១- ត្រូវបន្តពង្រឹងការអនុវត្តឱ្យបានយ៉ាងខ្ជាប់ខ្លួននូវវិធានការទាំងឡាយដែលបានដាក់ចេញដោយក្រសួង សុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ-១៩។

២- គ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ត្រូវបន្តពង្រឹងការគ្រប់គ្រងឱ្យបានល្អប្រសើរ ពិសេស ត្រូវកំណត់សមត្ថភាពផ្ទុក (Carrying Capacity) អតិបរមា ដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង សមត្ថភាពផ្ទុក (Currying Capacity Management System) ដែលរៀបចំដោយក្រសួងទេសចរណ៍ តាមរយៈគេហទំព័រ https://www.camncems.org។

៣- គ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ត្រូវធានាថាគ្រប់បុគ្គលិកបម្រើការបានចាក់វ៉ាក់សាំង កូវីដ-១៨ ទាំងដួសមូលដ្ឋាន និងដួសជំរុញ ស្របតាមការកំណត់របស់ក្រសួងសុខាភិបាល។

៤- ព្រមជាមួយនិងវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ គ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ត្រូវបន្តពង្រឹងគុណភាពសេវាកម្ម ថែរក្សាបរិស្ថាន-អនាម័យ និងរក្សាតម្លៃផលិតផល និងសេវាកម្មឱ្យបានសមរម្យ។

៥)- មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវបន្តសហការជាមួយរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមូលដ្ឋានដើម្បីពិនិត្យ និងពង្រឹងបន្ថែមនូវការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ (ឬនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា-SOP)។

៦)មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវបន្តសហការជាមួយរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមូលដ្ឋាន ណែនាំបន្តដល់គ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍។ និងតម្រូវឱ្យអ្នកគ្រប់គ្រងមូលដ្ឋាន អាជីវកម្ម ត្រូវជូនដំណឹងមកអាជ្ញាធរ មូលដ្ឋាននូវរាល់ករណីសង្ស័យ ចំពោះភ្ញៀវដែលជាប់ពាក់ព័ន្ធ នឹងជំងឺកូវីដ ១៩ (បន្ទាប់ពីស្កេន QR Code “ទប់ស្កាត់កូវីដ-១៩”)។

៧)- គ្រប់មូលដ្ឋានអាជីវកម្ម ត្រូវបន្តអនុវត្តរាល់វិធានការជាធរមាន។ ករណីខកខានមិនបានអនុវត្ត ឬ អនុវត្តមិនបានត្រឹមត្រូវ មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវស្នើសុំការសហការពីអាជ្ញាធរមូលដ្ឋាន បញ្ឈប់ប្រតិបត្តិការអាជីវកម្មនោះជាដាច់ខាត និងបន្តនីតិវិធីស្នើសុំការអនុវត្តវិធានការច្បាប់ជា ធរមាន ពិសេសច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវឺដ ១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

៨)មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវបន្តសហការជាមួយរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងដែលជាប់បំរាមហាមឃាត់ការប្រកបអាជីវកម្ម ជៀសវាងការប្រកបអាជីវកម្ម ដោយពុំបានសុំច្បាប់អនុញ្ញាតត្រឹមត្រូវ។

ទទួលបានសារាចរណែនាំនេះ គ្រប់មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវសហការជាមួយរដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរដែនដី មន្ទីរ អង្គភាពពាក់ព័ន្ធ និងផ្នែកឯកជន អនុវត្តខ្លឹមសារខាងលើនេះ ឱ្យមានប្រសិទ្ឋភាពប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង