ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គសិក្ខាសាលាស្តីពី “ការចូលរួមរបស់និសិ្សតក្នុងការសិក្សាស្រាវជ្រាវវិស័យពាណិជ្ជកម្មនៅកម្ពុជា”

268

 

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ចូលរួមរបស់និសិ្សតក្នុងការសិក្សាស្រាវជ្រាវវិស័យពាណិជ្ជកម្មនៅកម្ពុជា” ដែលបានរៀបចំដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្មដោយមានការចូលរួមពីមន្ត្រី នៃក្រសួងពាណិជ្ជកម្ម សាស្ត្រាចារ្យ និងនិសិ្សតចំនួនសរុប១២១នាក់។
វគ្គសិក្ខាសាលានេះមានគោលបំណងផ្តល់នូវចំណេះដឹង អំពីដំណើរការចរចានិងអត្ថប្រយោជន៍ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា អាចមានលទ្ធភាពពង្រឹងសមត្ថភាពស្រាវជ្រាវ ដើម្បីទទួលបានឱកាសការងារនិងអាហារូបករណ៍ ទទួលបានបទពិសោធន៍ពីដំណើរការនៃការរៀបចំព្រឹត្តិបត្រពាណិជ្ជកម្មអេឡិចត្រូនិក។ ជាក់ស្តែង ការចេញផ្សាយព្រឹត្តិបត្រពាណិជ្ជកម្ម iTrade bulletin ដែលជាគម្រោងព្រឹត្តិបត្រស្រាវជ្រាវរបស់វិទ្យាស្ថាន ក្នុងការបើកឱកាសដល់អ្នកសិក្សាស្រាវជ្រាវ ទាំងក្នុងនិងក្រៅក្របខ័ណ្ឌក្រសួងពាណិជ្ជកម្ម ក្នុងការផ្សព្វផ្សាយ ក៏ដូចជាចែករំលែកបទពិសោធន៍ចំណេះដឹង មតិយោបល់ របស់ខ្លួនក្នុងការជំរុញវិស័យពាណិជកម្មនៅកម្ពុជាផងដែរ ព្រមទាំងអាចផ្តល់ជាធាតុចូលគន្លឹះល្អៗ ដល់ថ្នាក់ដឹកនាំអាចយកមកអនុវត្តជាក់ស្តែងបាន។ ជាលទ្ធផល ព្រឹត្តិបត្រពាណិជ្ជកម្មអេឡិចត្រូនិក របស់វិទ្យាស្ថានបានធ្វើការបោះផ្សាយចំនួន ៦ លេខកន្លងមក ចាប់ផ្តើមពី ខែមករា ឆ្នាំ២០២២ រហូត ដល់ខែមិថុនា ឆ្នាំ២០២២នេះ ដោយមានការចូលរួមចែករំលែកការស្រាវជ្រាវពីសាស្ត្រាចារ្យនៅក្នុងស្រុក ក្រៅស្រុក មន្ត្រីរាជការនៅក្នុង និងក្រៅក្រសួងពាណិជ្ជកម្ម។

ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋលេខាធិការ បានសម្តែងនូវគាវរកិច្ចស្វាគមន៍ចំពោះវត្តមានរបស់សិក្ខាកាមទាំងអស់ដែលបានចូលរួមក្នុងអង្គសិក្ខាសាលានេះ និងបានថ្លែងថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជាទទួលបានសន្តិភាពពេញបរិបូរណ៌ តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ ដែលធានានូវឯកភាពជាតិ ឯករាជ្យភាព អធិបតេយ្យភាព និងសិទ្ធិស្មើភាពជាមួយបណ្តាប្រទេសនានា ព្រមទាំងការរីកចម្រើនលើគ្រប់វិស័យ។ ក្រោយចូលជាសមាជិកអាស៊ាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ និង សមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ កម្ពុជាទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ច-ពាណិជ្ជកម្មអមដោយកំណើនទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធបែបរូបវ័ន្ត និងការរៀបចំតាក់តែងនូវលិខិតបទដ្ឋានគតិយុត្តនានាជាច្រើន ដែលធានាសង្គតិភាព និងស្តង់ដារបទប្បញ្ញត្តិអន្តរជាតិ។ ជាក់ស្តែង សេដ្ឋកិច្ចរបស់កម្ពុជាមានកំណើនជាមធ្យមប្រមាណ ៧% ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ។ ទោះបីជា សេដ្ឋកិច្ចកម្ពុជាមានកំណើនអវិជ្ជមានក្នុងអត្រា -៣,១% ក្នុងឆ្នាំ២០២០ ដោយសារវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ក៏កំណើននេះបានកើនឡើងវិញប្រមាណ ៣% នៅឆ្នាំ២០២១ និងត្រូវបានគេព្យាករថានឹងមានកំណើនប្រមាណ ៥,៦% នៅឆ្នាំ២០២២។

លោកជំទាវរដ្ឋលេខាធិការ បន្តថា ក្រសួងពាណិជ្ជកម្មក្រោមការដឹកនាំរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានយកចិត្តទុកដាក់ប្រកបដោយបុរេសកម្មឈានមុខ សំដៅរួមចំណែកក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញវិនិយោគ បង្កើតការងារ និងកាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល។ ទោះបីក្នុងវិបត្តិជំងឺកូវីដ-១៩ក្ដី ក្រសួងពាណិជ្ជកម្មក៏បានខិតខំធ្វើពិពិធកម្មផលិតផល និងទីផ្សារតាមរយៈគោលនយោបាយគាំទ្រសហគ្រាសនិងធុរកិច្ច កំណែទម្រង់បទដ្ឋានគតិយុត្ត និងការចរចាបើកច្រកទីផ្សារ។ ជាក់ស្តែង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) បានចូលជាធរមានក្នុងថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង នឹងត្រូវចូលជាធរមានក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ បន្ថែមពីនេះ ក្រសួងពាណិជ្ជកម្មក៏បាន និងកំពុងបង្កើតនូវបទប្បញ្ញត្តិ និងច្បាប់មួយចំនួន មានដូចជា ច្បាប់ស្ដីពីការធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិក ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្ដីពីកិច្ចសន្យាពាណិជ្ជកម្ម ច្បាប់ស្ដីពីឧបាស្រ័យពាណិជ្ជកម្ម ច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ស្ដីពីម្ហូបអាហារ ព្រមទាំងបានធ្វើវិសោធនកម្ម ច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម ច្បាប់ស្ដីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្ដីពីប្រតិបត្តិការដែលមានកិច្ចធានា ជាដើម។

ជាទីបញ្ចប់ លោកជំទាវបានផ្តល់ជាអនុសាសន៍ឱ្យសិក្ខាកាម និងអ្នកចូលរួមទាំងអស់យកចិត្តទុកដាក់លើការស្រាវជ្រាវ និងតាមដានទិន្នាការថ្មីៗទាំងក្នុងតំបន់ និងពិភពលោក ដើម្បីទទួលបាននូវចំណេះដឹង និងអាចត្រៀមខ្លួនទទួលបានឱកាសថ្មីៗបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង