សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន
ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីវេលាម៉ោង១៤ និង៥៥នាទីរសៀលថ្ងៃទី១១កក្កដា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញគៅរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្រ្តី។
នៅពីមុខរូបថតសព ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន សម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេច ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាសលកម្ពុជា បានលំឱនកាយវាចាចិត្តគោរពដោយសេចក្តីអាឡោះអាល័យ និងសោកស្តាយបំផុត ជាមួយរដ្ឋាភិបាល និងប្រជាជនជប៉ុន និងក្រុមគ្រួសារសព ចំពោះមរណភាពរបស់ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ដែលជាការបាត់បង់ដ៏ធំធេង និងឈឺចាប់មិនអាចពិពណ៌នាបាន។ នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធជាផ្លូវការនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញសរសេរ និងចុះហត្ថលេខាលើសៀវភៅរំលែកទុក្ខ ដែលមានខ្លឹមសារជាអាទិ៍ថា តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងរូបខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយរដ្ឋាភិបាល និងប្រជាជនជប៉ុន និងក្រុមគ្រួសារសព ចំពោះមរណភាពរបស់ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ដែលជាការបាត់បង់ដ៏ធំធេង និងឈឺចាប់មិនអាចពិពណ៌នាបាន។
នៅក្នុងខ្លឹមសារដែលបានសរសេរ ក្នុងសៀវភៅរំលែកទុក្ខ បាន បន្តថា មរណភាពរបស់ឯកឧត្តម អាបេ ស៊ីនហ្សូ មិនគ្រាន់តែជាការបាត់បង់ នូវរដ្ឋបុរសស្នេហាជាតិម្នាក់របស់ជប៉ុន ដែលបានដឹកនាំឲ្យមានការរីកចំរើន និងលើកកម្ពស់តួនាទី របស់ជប៉ុន នៅលើឆាកអន្តរជាតិ និងតំបន់ ប៉ុណ្ណោះទេ តែជាការបាត់បង់នូវ មិត្តភក្តិដ៏ល្អពិតប្រាកដមួយរូប របស់ប្រជាជនកម្ពុជា និងរូបខ្ញុំផ្ទាល់ ដែលបានរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី កម្ពុជា ជប៉ុន រហូតដល់ភាពជាដៃគូយុទ្ធសាស្រ្ត កាលពីឆ្នាំ២០១៣ ក៏ដូចជាបានជំរុញការផ្តល់ជំនួយគាំទ្រ ដល់ការអភិវឌ្ឍនៅកម្ពុជាផងដែរ។ កាយវិការដ៏សប្បរស និងមនោសញ្ចេតនាស្មោះស័្មគ្ររបស់ ឯកឧត្តម អាបេ ស៊ីនហ្សូ នឹងត្រូវបានចងចាំដិតដាមជាប់ជានិច្ច ក្នុងទឹកចិត្តរបស់ប្រជាជនកម្ពុជា ក៏ដូចជារូបខ្ញុំជារៀងរហូត។
ក្នុងកាលៈទេសៈដ៏សែនសោកសង្រេងនេះ ខ្ញុំសូមបួងសួងសូមឲ្យវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម អាបេ ស៊ីនហ្សូ បានទៅសោយសុខ ក្នុងសុគតិភព កុំបីឃ្លាងឃ្លាតឡើយ។ សូមជូនដំណើរឯកឧត្តមជាលើកចុងក្រោយ។ ឯកឧត្តម ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំកម្ពុជា បានគោរពថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានសរសេរនូវសារលិខិតរំលែកទុក្ខភ្លាមៗ បន្ទាប់ពីទទួលបានដំណឹងថា ឯកឧត្តម អាបេ ស៊ីនហ្សូ បានទទួលមរណភាព កាលពីរសៀលថ្ងៃទី៨កក្កដា ពិសេសបានថ្លែងសារផ្ទាល់មាត់ ដើម្បីឲ្យប្រជាជនកម្ពុជានៅទូទាំងប្រទេស ចូលរួមកាន់ទុក្ខមួយថ្ងៃ គឺនៅថ្ងៃទី១០កក្កដាឆ្នាំ២០២២ តាមរយៈការបង្ហូតលពីវេលាម៉ោង១១ គណៈប្រតីភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន ដោយផ្ទាល់នៅស្ថានឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា។
សូមបញ្ជាក់ដែរថា នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធផ្លូវការនោះដែរ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់មួយចំនួនទៀត បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងសរសេរលើសៀវភៅរំលែកទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន នៅស្ថានឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជាផងដែរ។ សូមបញ្ជាក់ថា ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន បានទទួលមរណភាពកាលពីវេលាម៉ោង១៥រសៀលថ្ងៃទី៨កក្កដា ឆ្នាំ២០២២ បន្ទាប់ពីខ្មាន់កាំភ្លើងវ័យជាង៤១ឆ្នាំម្នាក់ បានធ្វើការបាញ់ប្រហារមកលើឯកឧត្តម អាបេ ស៊ីនហ្សូ ក្នុងឱកាសដែលរូបឯកឧត្តមអញ្ជើញថ្លែង ក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោតជ្រើរើសព្រឹទ្ធសភាជប៉ុន នៅទីក្រុងណារា ភាគខាងលិចប្រទេសជប៉ុន កាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី៨កក្កដា ឆ្នាំ២០២២។
ស្ថានឯកអគ្គរាជទូតជបន៉ុន ក្នុងរាជធានីភ្នំពេញ និងស្ថានឯកអគ្គកុងសុងជប៉ុន ប្រចាំខេត្តសៀមរាប បានបើកឲ្យប្រជាជនកម្ពុជា ក៏ដូចជាភ្ញៀវអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ តាមពេលវេលាដែលបានគ្រោងទុក៕