ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លទ្ធផលសំខាន់ចំនួន៣ នៃកិច្ចប្រជុំសមាជិក ប្រតិបត្តិក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍

117

ភ្នំពេញ៖លទ្ធផលសំខាន់ចំនួន៣ដែលបានមកពីកិច្ចប្រជុំសមាជិកប្រតិបត្តិក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ដែលមានប្រតិភូជាសមាជិកចូលរួមទាំងអស់១១ប្រទេសនាល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ។
លទ្ធផលសំខាន់ទាំង៣នោះរួមមាន៖ទី១លើការកំណត់ប្រភេទកីឡាដោយកំណត់៤២ប្រភេទកីឡា ក្នុងនោះប្រភេទកីឡាសម្ដែង គេហៅថា Demonstration Sports ១ប្រភេទ ដែលយើងត្រូវបានធ្វើការសម្រេច និងសម្របសម្រួលគ្នា ក្នុងការដាក់ចូលក្នុងការប្រកួត។ យើងបានសម្រេចអស់ហើយ។

នៅសល់តែ១ឬ២ប្រភេទកីឡាប៉ុណ្ណោះដែលប្រទេសផ្សេងៗគេស្នើសុំប៉ុន្តែមិនត្រូវគេមិនដាក់កំហិតលើការស្នើសុំនោះទេដោយគេគ្រាន់តែស្នើសុំឲ្យយើងពិចារណាប៉ុណ្ណោះ។

ជារួមក្នុងការកំណត់ប្រភេទកីឡាយើងចាត់ទុកថាទទួលបានការគាំទ្រពីគណៈកម្មការប្រតិបត្តិអស់ហើយ។
ទី២អ្វីដែលយើងចង់កែប្រែមាត្រាខ្លះនៃធម្មនុញ្ញស៊ីហ្គេមគឺយើងទទួលបានជោគជ័យ
ទាំងអស់ហើយប្រទេសទាំងអស់ក៏គាំទ្រដែរពិសេសគាំទ្រឲ្យកម្ពុជាលក់សិទ្ធិទូរទស្សន៍យ៉ាងទូលំទូលាយ មិនដូចការលក់សិទ្ធិទូរទូរទស្សន៍ ដូចពេលមុន។

ការលក់សិទ្ធិទូរទស្សន៍ ក្នុងមួយប្រទេសអនុញ្ញាតឲ្យតែ១ ឬក៏លក់សិទ្ធិទូរទស្សន៍ក្នុងន័យរឹតត្បិត មិនបើកទូលាយទេ ហើយក៏មិនមានការរៀបចំឲ្យមានជំនាញ ឬក្រុមហ៊ុនជំនាញធ្វើជាភ្នាក់ងារលក់សិទ្ធិនេះដែរ។ នេះគឺជារបត់ថ្មីហើយក៏ជាជោគជ័យមួយដែរដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។

កម្ពុជាបានដឹកនាំកែប្រែរបត់ចាស់ចេញមកដល់របត់ថ្មីដើម្បីជំរុញការផ្សព្វផ្សាយឲ្យទូលំទូលាយហើយដល់ពេលដែលយើងត្រូវទទួលកម្រៃខ្លះពីការលក់សិទ្ធិទូរទស្សន៍ដើម្បីជួយកាត់បន្ថយការចំណាយរបស់រាជ
រដ្ឋាភិបាល ក្នុងនាមជាម្ចាស់ផ្ទះ។
ទី៣ក្នុងនាមជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍គឺមានកាតព្វកិច្ចក្នុងការរៀបចំឲ្យប្រទេស ដែលធ្វើម្ចាស់ផ្ទះបន្ទាប់៣ដង ដែលបើកាលណាយើងរៀបចំ៣ដង គេដាក់ឈ្មោះថា ជា “Chairman” ដែលទទួលបានជោគជ័យក្នុងអាណត្តិរបស់ខ្លួន។

ដូច្នេះយើងបានសម្រេច តាំងពីវៀតណាមមកបានបញ្ជាក់សារឡើងវិញ។មានន័យថាកម្ពុជាបានធ្វើអំណះអំណាងម្ដងទៀតថាប្រទេសទាំងអស់ទទួលស្គាល់និងទទួលយកនូវការរៀបចំប្រទេសបន្ដវេនរបស់កម្ពុជាទៅ ៣ដង ឬ ៣ស៊ីហ្គេមទៀត (៩ឆ្នាំទៀត) គឺមានឆ្នាំ២០២៥ (ថៃ) ឆ្នាំ២០២៧ ម៉ាឡេស៊ី និងឆ្នាំ២០២៩(សិង្ហបុរី)។សំខាន់គឺ៣ដងហ្នឹងតែគេអាចមើលឃើញប្រមើលទៅដល់ឆ្នាំ២០៣១ទៀតដែលខាងឡាវបានដាក់ពាក្យមកស្នើសុំធ្វើម្ចាស់ផ្ទះ។

ប្រទេសឡាវក៏អាចត្រូវបានាចាត់ទុកថាជាអ្នកបន្ដពីអាណត្តិកម្ពុជាដែរ ដូច្នេះឲ្យតែកម្ពុជា រៀបចំបាន ៣ដងបន្ដវេននេះ គឺកម្ពុជាទទួលបានជោគជ័យក្នុងនាមភាពជាអ្នកដឹកនាំរបស់ខ្លួន។
នេះជាចំណុចសំខាន់ៗ ដែលកម្ពុជាទទួលបានផ្លែផ្កាល្អ ហើយប្រទេសទាំងអស់ សប្បាយចិត្តជាមួយនឹងកម្ពុជា។

គេផ្ដល់សេចក្ដីទុកចិត្តនិងរីករាយថាកម្ពុជាមានការត្រៀមលក្ខណៈបានល្អប្រសើរបូករួមទាំងការទទួលបដិសណ្ឋារកិច្ចបានល្អក្នុងពេលប្រជុំហើយបណ្តាប្រទេសទាំងអស់សង្ឃឹមថា នៅថ្ងៃស៊ីហ្គេមខាងមុខនឹងទទួលបាននូវភាពកក់ក្ដៅបន្ថែមទៀត»។

ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣
បានអះអាងថាទាំងអស់នេះកម្ពុជានឹងយកការសម្រេចនៅក្នុងកិច្ចប្រជុំនេះទៅធ្វើការសម្រេចជាឯកច្ឆន្ទចុងក្រោយ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នាព្រឹកថ្ងៃទី១៣ នេះកក្កដាស្អែក ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ អនុប្រធានអចិន្ដ្រៃយ៍CAMSOCនិងជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ហើយនឹងមានសុន្ទរកថាបើកគន្លឹះរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ក្នុងនាមម្ចាស់ផ្ទះ ដើម្បីផ្ដល់គន្លឹះសំខាន់ និងភាពទុកចិត្តបន្ថែមទៀតដល់ប្រតិភូ និងបណ្ដាប្រទេសជាសមាជិក។

ទាំងនេះគឺជាការសម្រេចចុងក្រោយនូវអ្វីដែលសេសសល់ហើយយើងចាប់ផ្ដើមអនុវត្ដចាប់ពីឥឡូវនេះតទៅ រហូតដល់ពេលដែលយើងទទួលធ្វើម្ចាស់ផ្ទះច្បាស់លាស់នៅស៊ីហ្គេម ឆ្នាំ២០២៣។ នេះគឺជាផ្លែផ្កា ជាកិត្តិសយសជាតិ និងវិស័យកីឡាជាតិ ក៏ដូចជាគណៈកម្មាធិការ CAMSOC៕

អត្ថបទដែលជាប់ទាក់ទង