ប្រមុខបេសកកម្ម អាស៊ានប៉ារ៉ាហ្គេមជឿថា កីឡាជនពិការកម្ពុជា នឹងបំបែកកំណត់ត្រាមេដាយ
ភ្នំពេញ៖នាយបេសកកម្មអាស៊ានប៉ារ៉ាហ្គេមកម្ពុជា លោក យី វាសនា ដែលជាអគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានបង្ហាញនូវជំនឿ ថាក្រុមអត្តពលិកជនពិការកម្ពុជានឹងអាចបំបែកកំណត់ត្រាមេដាយឆ្នាំ២០១៧នៅប្រទេសម៉ាឡេស៊ីក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១នៅប្រទេសឥណ្ឌូនេស៊ីនាពេលដ៏ខ្លីខាងមុខ។
លោកបង្ហាញនូវសុទិដ្ឋិនិយមបែបនេះប្រតិភូគ្រូបង្វឹកនិងកីឡាករកីឡាការិនីជនពិការ
កម្ពុជាបានត្រៀមខ្លួនរួចរាល់សម្រាប់គម្រោង ដែលនឹង ចេញដំណើរនៅថ្ងៃទី២៦ ខែកក្កដា ដើម្បីចូលរួមប្រកួតកីឡអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ដែលឥណ្ឌូនេស៊ី ព្រមទទួលធ្វើម្ចាស់ផ្ទះ បន្ទាប់ពីវៀតណាម លុបចោលចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២។
បន្ទាន់ពីការមើលឃើញពីការប្ដេជ្ញាចិត្ដខ្ពស់របស់កីឡាករ កីឡាការិនីម្នាក់ៗដែលខំប្រឹងហ្វឹកហាត់តាំងពីឆ្នាំ២០២០ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលថ្នាក់ដឹកនាំនិងក្រសួងអប់រំយុវជននិងកីឡាលោកជឿជាក់ថាបេសកកម្មនេះកម្ពុជានឹងមានមេដាយមាសយ៉ាងតិច ៣គ្រឿង ដ្បិតកាលអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០១៧ នៅម៉ាឡេស៊ី កម្ពុជាដណ្ដើមបានមេដាយប្រាក់ ៥ និងសំរឹទ្ធ ៥ ប៉ុណ្ណោះ។
លោកយី វាសនាបានបន្ដថា ខ្ញុំរំពឹងថា កំណត់ត្រាចាស់របស់យើង ឆ្នាំ២០១៧ យើងនឹងមិនចម្លងនោះទេ យើងនឹងរៀបចំបំបែកឯកត្តកម្មនេះ ឲ្យមានកំណត់ត្រាថ្មី ដែលខ្ញុំរំពឹងមានមេដាយមាស ៣ ប្រាក់ ១០ និងសំរឹទ្ធ ១៥។ ការលើកដូច្នេះ ព្រោះខ្ញុំមើលឃើញសកម្មភាពហ្វឹកហាត់របស់ពួកគាត់ ស្ទើរគ្មានពេលសម្រាក។ អ្វីដែលសំខាន់ ពួកគាត់ប្ដេជ្ញាចិត្តថាមិនឲ្យប្រជាពលរដ្ឋក៏ដូចជាក្រុមគ្រួសាររបស់គាត់ខកចិត្តជាមួយការប្ដេជ្ញា
ចិត្ត និងការខិតខំប្រឹងប្រែងរបស់គាត់ឡើយ។
សូមបញ្ជាក់ថា កម្ពុជាត្រៀមបញ្ជូនប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជាសរុបចំនួន ១៦៦នាក់ ចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ នាចុងខែកក្កដានេះ ក្នុងនោះមានកីឡាករ-កីឡាការិនី ១១៥នាក់ លើ ១១ប្រភេទកីឡា រួមមានកីឡាអត្តពលកម្ម ហែលទឹក បាល់ទះបុរស និងនារី បាល់បោះរទេះបុរស និងនារី បាល់ បោះជនពិការ បាល់ទាត់ម្ខាង៧នាក់ វាយកូនឃ្លីលើតុ វាយសី លើកទម្ងន់ អុក និងបូស្យា ដែលត្រូវប្រកួតលើវិញ្ញាសាសរុបចំនួន ១៣៣វិញ្ញាសា ពោលគឺមានការកើនឡើងទ្វេដង បើធៀបនឹងឆ្នាំ២០១៧ ដែលកម្ពុជាប្រកួតតែត្រឹមជាង ៦០វិញ្ញាសាប៉ុណ្ណោះ។
បេកសកម្មនេះនឹងដឹកនាំផ្ទាល់ដោយលោកហ៊ុនម៉ានីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
រីឯក្រុមកីឡាករ-កីឡាការិនីជនពិការកម្ពុជា នឹងត្រូវធ្វើដំណើរតាមយន្ដហោះពិសេស នៃក្រុមហ៊ុន Sky Angkor Airlines ដែលប្រកាសផ្ដល់ការដឹកជញ្ជូនដោយឥតគិតថ្លៃ ដល់អត្តពលិកជនពិការកម្ពុជាបន្ទាប់ពីសម្ដេចតេជោនាយករដ្ឋមន្ដ្រីបាន អនុញ្ញាតឲ្យមានយន្ដហោះដឹកជញ្ជូនពិសេសផ្ទាល់ពីរាជធានីភ្នំពេញ ទៅទីក្រុងសូឡូ ដែលជាកន្លែងប្រកួត៕