ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទង់ជាតិនៃបណ្ដាប្រទេសសមាជិក អាស៊ានប៉ារ៉ាហ្គេម បានបង្ហូតឡើងនាល្ងាចម្សិលម៉ិញ

90

 

ភ្នំពេញ៖នាកីឡដ្ឋាន STADION MANAHAN នៃទីក្រុងសូឡូប្រ ទេសឥណ្ឌូនេស៊ីនាល្ងាចថ្ងៃទី២៧កក្កដា មុនព្រឹត្តិការណ៍កីឡាជនពិការប្រចាំតំបន់ លើកទី១១ ប្រារព្ធពិធីបើកការប្រកួតផ្លូវការនាថ្ងៃទី៣០ខែកក្កដានោះទង់ជាតិកម្ពុជានិងទង់ជាតិបណ្ដាប្រទេសសមាជិកនៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមត្រូវបានប្រារព្ធពិធីបង្ហូតឡើងរួចរាល់ហើយ។

អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានិងជានាយបេសកកម្មអាស៊ានប៉ារ៉ាហ្គេមកម្ពុជាលោកយីវាសនាបានដឹកនាំប្រតិភូនិងអត្តពលិកជនពិការ១០ចូលរួមកម្មវិធីនេះ(ការចូលរួមត្រូវបានកំណត់ចំនួនដើម្បីបង្ការជំងឺកូវីដ-១៩)ហើយមន្ដ្រីជាន់ខ្ពស់នៃម្ចាស់ផ្ទះ
ឥណ្ឌូនេស៊ីក៏បានថ្លែងសុទ្ធរកថាស្វាគមន៍និងថ្លែងអំណរគុណដល់ប្រតិភូកីឡាគ្រប់បណ្ដាប្រទេស ដែលបានចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២២ នេះផងដែរ។

លោកយី វាសនាបានបង្ហាញនូវមោទនភាព បន្ទាប់ពីទង់ជាតិកម្ពុជាត្រូវបានបង្ហូតឡើង ដោយទទួលបានការគោរពពីបណ្ដាប្រទេសចូលរួមដូចគ្នា។លោកសង្កត់ធ្ងន់ថាយើងបាន
បញ្ចប់ពិធីបង្ហូតទង់ជាតិប្រកបដោយមោទនភាពជាតិខ្មែរយើងហើយទង់ជាតិខ្មែរបានបង្ហោះនៅទីក្រុងសូឡូ។ សូមអរគុណដល់បងប្អូនដែលបានគាំទ្រកីឡាយើង។ ចាប់ពីថ្ងៃទី២៨កក្កដាទៅ គឺជាពេលដែលយើងនឹងរៀបចំកិច្ចប្រជុំ និងកម្មវិធីប្រកួត។
ទង់ជាតិត្រូវបានបង្ហូតឡើងតាមលំដាប់នៃអក្សរឡាតាំងដោយទង់ជាតិនៃប្រទេស
ព្រុយណេបង្ហូតឡើងមុនគេបន្ទាប់មកកម្ពុជា ចំពោះឥណ្ឌូនេស៊ីដែលជាម្ចាស់ផ្ទះបង្ហូតឡើង
ក្រោយគេគឺក្រោយប្រទេសវៀតណាមទៅទៀតដែលនេះជាទម្លាប់សម្រាប់ម្ចាស់ផ្ទះ។
ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ដែលឥណ្ឌូនេស៊ី ទទួលយកធ្វើម្ចាស់ផ្ទះ បន្ទាប់ពីវៀតណាម សម្រេចលុបចោលនេះ នឹងដំណើរការប្រកួតពីថ្ងៃទី៣០ ខែកក្កដា រហូតដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២។ កម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនីសរុបចំនួន ១១៥នាក់លើ១១ប្រភេទកីឡាចូលរួមព្រឹត្តិការណ៍នេះរួមជាមួយប្រតិភូនិងមន្ដ្រីជំនាញជាច្រើនទៀត ដើម្បីសិក្សា និងដកស្រង់បទពិសោធន៍ត្រៀមបន្ដវេនធ្វើម្ចាស់ផ្ទះកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣ ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង