ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធបាញ់កាំភ្លើង ធ្វើមហាសន្និបាត បញ្ចប់អាណត្តិទី២

151

ភ្នំពេញ៖ ប្រមុខសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាឯកឧត្តម នាយឧត្តមសេនីយ៍មៀច សុផាន់ណាជំរុញឲ្យគណៈកម្មាធិការប្រតិបត្តិសហព័ន្ធបន្តការប្តេជ្ញាចិត្តឲ្យបានខ្ពស់ដើម្បីពង្រឹងការអភិវឌ្ឍវិស័យកីឡាបាញ់កាំភ្លើងកម្ពុជាឲ្យកាន់តែរីកចម្រើនជាពិសេសគឺដើម្បីទទួលបានឱកាសរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ស្របពេលដែលប្រភេទកីឡាបាញ់កាំភ្លើង ស្ថិតក្នុងបញ្ជីបម្រុងនៅឡើយ។

ឯកឧត្តមថ្លែងបែបនេះនៅក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី២និងបោះឆ្នោតជ្រើស
រើសសមាជិកគណៈកម្មាធិការប្រតិបត្តិសម្រាប់អាណត្តិទី៣សម្រាប់ឆ្នាំ២០២២២០២៦នៅទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីថ្មីៗនេះ។

ឯកឧត្តមនាយឧត្តមសេនីយ៍បានលើកបង្ហាញយុទ្ធសាស្ដ្រចម្បងៗមួយចំនួនដែលសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធត្រូវរួមគ្នាគ្នាសម្រេចឲ្យបាននូគោលដៅដើម្បីស្វែងរកឱកាសបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ក្រោយកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេល ៦៤ឆ្នាំ។

ប្រភេទកីឡាបាញ់កាំភ្លើងស្ថិតក្នុងបញ្ជីកីឡាបម្រុងនៅឡើយបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ បានអនុម័តនូវកីឡា ៣៩ប្រភេទ សម្រាប់ស៊ីហ្គេមនៅកម្ពុជា កាលពីអំឡុងពាក់កណ្តាលខែកក្កដា ឆ្នាំ២០២២មកនេះ។
ក្នុងអាណត្តិថ្មីនេះ គណៈកម្មាធិការប្រតិបត្តិថ្មីរបស់សហព័ន្ធត្រូវធ្វើកិច្ចការជាច្រើន ដោយត្រូវលះបង់ពេលវេលាធនធានឆន្ទៈនិងស្មារតីក្នុងគោលដៅជំរុញឲ្យការអភិវឌ្ឍវិស័យកីឡាមួយនេះឲ្យកាន់តែរីកធំធាត់បន្ថែមទៀត។
ជាមួយគ្នានោះឯកឧត្តមក៏បានលើកបង្ហាញផែនការយុទ្ធសាស្ដ្រចម្បងៗដើម្បីសម្រេចឲ្យខានតែបាន មុនពេល ការប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ២០២៣ ចូលមកដល់ ដូចជា ត្រូវសម្រេចឲ្យបាននូវការរៀបចំទីតាំងឬទីលានប្រកួតសម្រាប់ឆ្នាំ២០២៣។រៀបចំក្រុមមន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រម សម្រាប់ឆ្នាំ២០២៣ និងធានាឲ្យបាននូវការដណ្ដើមមេដាយ ពោលគឺមិនមែនរៀបចំស៊ីហ្គេម ហើយឲ្យមេដាយគេនោះទេ។

ឯកឧត្តមមៀចសុផាន់ណាបានជំរុញឲ្យសមាជិកគណៈកម្មាធិការប្រតិបត្តិថ្មីរបស់សហព័ន្ធត្រូវពួតដៃគ្នាដោះស្រាយនិងស្វែងរកគ្រប់មធ្យោបាយនានាដើម្បីបង្ហាញដល់គណៈកម្មាធិការជាតិ CAMSOC និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងការស្វែងរកការគាំទ្រ និងផ្ដល់លទ្ធភាពដល់កីឡាបាញ់កាំភ្លើង នៃគោលដៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។

តាមរយៈការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្ដិថ្មីនេះ គឺមានចំនួន ១៩រូប ដោយឯកឧត្តម មៀច សុផាន់ណា ទទួលបានការគាំទ្របន្ដធ្វើជាប្រធាន អមដោយអនុប្រធាន ៦រូប គឺមានឯកឧត្តម ចាប ភក្ដី, ឯកឧត្តម វ៉ាត់ ចំរើន, ឯកឧត្តម សោម ចន្ទឌីណា, ឯកឧត្តម តាន់ សុខវិជ្ជា, ឯកឧត្តម ទៀ ណារ៉ាវុធ និងលោក ស៊ី មិញចាវ លោក កែវ ហុកលី ជាអគ្គលេខាធិការ អមដោយអគ្គលេខាធិការរង៦រូប។ ចំពោះលោក ខៃ វណ្ណៈ ត្រូវបានគាំទ្រធ្វើជាអគ្គហិរញ្ញឹក រួមជាមួយអគ្គហិរញ្ញឹករង ២រូប និងសមាជិក ២រូបទៀត៕

អត្ថបទដែលជាប់ទាក់ទង