លះបង់អត្តពលកម្មចាប់ យកហែលទឹក បានទទួលជោគជ័យមែន
ភ្នំពេញ៖កីឡាករពិការភាពយ៉ុនមួយបានចំណាយពេលស្ទើរតែ៥ឆ្នាំក្នុងការលេងកីឡាតែទីបំផុតគេសម្រេចនូវមហិច្ឆតាររប់ខ្លួនដោយដណ្ដើមបានមេដាយប្រាក់១គ្រឿងនិងសំរិទ្ធ១គ្រឿងពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១នៅទីក្រុងសូឡូប្រទេសឥណ្ឌូនេស៊ីដែលទើបតែបញ្ចប់ទៅនាពេលថ្មីៗនេះ ។
កីឡាករ យ៉ុន មួយ ទទួលបានមេដាយ ២គ្រឿង លើប្រភេទកីឡាហែលទឹក ក្នុងនោះមេដាយប្រាក់ លើវិញ្ញាសាហែលសេរី ចម្ងាយ ២០០ម៉ែត្រ ប្រភេទ SM8 និងមេដាយសំរឹទ្ធ វិញ្ញាសាហែលមេអំបៅ ចម្ងាយ ៥០ម៉ែត្រ ប្រភេទ S8។
អតីតកាលរបស់គេគឺលេងកីឡាអត្តពលកម្មតែគេប្ដូរមកលេងកីឡាហែលទឹកនៅក្នុងឆ្នាំ២០១៨ និងបានប៉ុនប៉ងច្រើនលើកច្រើនសារ ក្នុងការចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម តែខកខានដោយសារវិបត្តិជំងឺកូវីដ-១៩។
កីឡាករយ៉ុនមួយបាននិយាយថារូបគេពិតជាមានមោទនភាពដោយសារតែការប្រកួតនេះ ជាការប្រកួតលើកដំបូងរបស់គេ អាចទទួលបានរហូតទៅដល់មេដាយ ២គ្រឿង។
រូបគេធ្លាប់តែចូលរួមព្រឹត្តិការណ៍យុវជនប៉ុន្តែនៅឆ្នាំ២០២២នេះគឺថ្មីសម្រាប់គេក្នុងការបង្កើតនូវប្រវត្តិសាស្រ្តសម្រាប់ខ្លួនឯងនៅក្នុងការចូលរួមព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម។
ពេលដែលគេទៅប្រទេសឥណ្ឌូនេស៊ីគេបានគិតជាស្រេចហើយថារូបគេត្រូវតែឈ្នះការប្រកួតនេះព្រោះតាំងពីឆ្នាំ២០១៨រហូតដល់ឆ្នាំ២០២២គឺអត់ដែលចេញទៅប្រកួតអាស៊ានប៉ារ៉ាហ្គេម ដោយសារមានការផ្ទុះកូវីដ ធ្វើឲ្យខកខាន ហើយកាលនោះគេជាយុវជនជំនាន់ក្រោយ ហេតុនេះគេត្រូវតែដាក់ចិត្តថា ត្រូវតែឈ្នះ ព្រោះការប្រកួតនេះមានលក្ខណៈធំសម្រាប់គេ បន្ទាប់ពីគេខិតខំជាប្រឹងច្រើនឆ្នាំមកនោះ។
គេចាប់ផ្ដើមហាត់តាំងពីឆ្នាំ២០១៨ដល់ឆ្នាំ២០២២គឺ៥ឆ្នាំអត់ដែលបានចេញប្រកួតសោះ ដោយសារតែកូវីដ១៩។ ដូច្នេះ លើកនេះខ្ញុំត្រូវតែយកឈ្នះ ហើយឆ្នាំ២០២៣ យើងធ្វើម្ចាស់ផ្ទះ អ៊ីចឹងខ្ញុំត្រូវបញ្ចេញសមត្ថភាពឲ្យអស់ក្រោយទុក៥ឆ្នាំហើយមិនដែលបានបញ្ចេញសមត្ថភាពសោះ រហូតបានប្រាក់១ និងសំរឹទ្ធ១។ ទោះមិនបានមាស ប៉ុន្តែរយៈពេល ៥ឆ្នាំមក ខ្ញុំអត់ដែលប្រកួតថ្នាក់អន្តរជាតិ ធ្លាប់តែថ្នាក់ជាតិ។
យ៉ុន មួយគិតថាការចេញទៅប្រកួតនៅឥណ្ឌូនេស៊ីនេះបើអត់បានមេដាយគឺប្រៀបដូច
៥ឆ្នាំដែលខ្ញុំហ្វឹកហាត់មកចោលទទេ។ហេតុនេះត្រូវតែប្តេជ្ញាចិត្តធ្វើយ៉ាងណាបញ្ចេញសមត្ថ
ភាពឲ្យអស់ នៅអាស៊ានប៉ារ៉ាហ្គេម។
កត្តាដែលនាំឲ្យមានការប្តេជ្ញាចិត្តរហូតដល់ឈ្នះមេដាយនេះសំខាន់ជាងគេទី១គឺក្រុមគ្រួសារ ដែលតែងតែលើកទឹកចិត្ត។ ទី២ គឺថ្នាក់ដឹកនាំ។ ទី៣ សហព័ន្ធខ្មែរកីឡាហែលទឹក តែងតែផ្ដល់គ្រូជម្រើសជាតិដែលមានបច្ចេកទេស និងបទពិសោធន៍ច្រើនឆ្នាំ និងទី៤ គឺមិត្តភ័ក្តិ ដែលតែងតែផ្ដល់កម្លាំងចិត្តដល់រូបខ្លួន។
សម្រាប់អាស៊ានហ្គេមឆ្នាំ២០២៣យ៉ុនមួយបានតាំងចិត្តរួចហើយហើយនឹងខំប្រឹងហ្វឹកហាត់បន្ថែមទៀតដើម្បីគ្រងមេដាយច្រើនជាងការទៅប្រកួតនៅឥណ្ឌូនេស៊ី។នៅឆ្នាំ២០២៣នេះ គេប្ដេជ្ញាថាអាច នឹងយកមេដាយមាសឲ្យបាន។
កីឡាកររូបនេះកើតនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ១៩៩៣ នៅភូមិពន្លៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ កីឡាកររូបនេះចាប់ផ្ដើមដំបូងឡើយ ជាកីឡាករអត្តពលកម្ម រយៈពេល៤ឆ្នាំ(២០១២-២០១៦)លុះចូលដល់ឆ្នាំ២០១៨រូបគេបានចូលរួមលេងលើប្រភេទកី
ឡាហែលទឹក។
ហ្វឹកហាត់បាន ៦ខែ ក៏បានចេញទៅប្រកួតជើងឯកយុវជន (Youth Para Sports Camp) នៅប្រទេសកូរ៉េខាងត្បូងដោយទទួលបានមេដាយមាស។ចូលដល់ឆ្នាំ២០១៩ក៏បានជាប់ជម្រើសជាតិឈុតធំ និងទើបតែបានចេញទៅប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកដំបូងឆ្នាំ២០២២នេះ៕