ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស៊ីហ្គេមឆ្នាំ២០២៣៖ វិញ្ញាសាកង់ភ្នំកម្ពុជា មានសង្ឃឹមខ្ពស់

171

ភ្នំពេញ៖សម្រាប់ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣លើប្រភេទកីឡាប្រណាំងទោចក្រយានកម្ពុជាសម្រេចដាក់ចំនួន៩វិញ្ញាសាសម្រាប់ប្រកួតដែលក្នុងនោះមានវិញ្ញាសាកង់ភ្នំ(Mountaint Bike)និងវិញ្ញាសាកង់គួក។
លោកនូ ចំរើនអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយានបានបង្ហាញនូវក្តីសង្ឃឹម
ខ្ពស់ជាងគេលើវិញ្ញាសាកង់ភ្នំដែលសង្ឃឹមខ្លាំងក្នុងការប្រជែងមេដាយ។បច្ចុប្បន្នក្រុមជម្រើសជាតិកង់ភ្នំ និងកង់គួកកម្ពុជាមានចំនួន១២នាក់ ក្នុងនោះកីឡាករ ៨នាក់ និងកីឡាការិនី៤នាក់ ក្រោមការបង្វឹកពីគ្រូបង្វឹក៤នាក់ ដែលកំពុងបន្តបោះជំរុំហ្វឹកហាត់នៅតំបន់ឧទ្យានភ្នំគូលែន ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។

លោកអគ្គលេខាធិការរូបនេះចាត់ទុកថាអ្វីដែលសហព័ន្ធនិងកីឡាករកីឡាការិនីកង់ខិតខំសម្រួចបច្ចេកទេសខ្លាំងនោះដើម្បីប្រជែងយកមេដាយនោះគឺវិញ្ញាសាកង់ភ្នំដោយសារក្រុមជម្រើសជាតិកម្ពុជាកំពុងសម្រុកការហ្វឹកហាត់នៅតំបន់ភ្នំគូលែន។កីឡាកងភ្នំកម្ពុជាទាំង៥វិញ្ញាសាកំពុងសម្រុកការហ្វឹកហាត់នៅតំបន់ភ្នំគូលែន។
សូមបញ្ជាក់ថាវិញ្ញាសាប្រណាំងកង់ទាំង៩វិញ្ញាសានោះមាន កង់ភ្នំបុរស-នារី (XCO Men-Women) បណ្តាក់បុរស-នារី (XCO Mix Relay) និង Eliminate បុរស-នារី ជាវិញ្ញាសាថ្មី ដែលជិះកង់រយៈពេលខ្លី១ជុំដែលអ្នកធ្វើសម្រេចក្នុងថិរៈវេលាតិតជាងគេនឹងទទួលបានមេដាយតែម្តង។

ចំពោះ៤វិញ្ញាសាផ្នែកកង់គួកនឹងត្រូវប្រកួត (ចេញដំណើរដល់បញ្ចប់ទី) ដែលធ្វើនៅតំបន់អង្គរវត្ត ដូចជាវិញ្ញាសា Individual Race Criterium បុរស-នារី ដែលត្រូវជិះក្នុងតំបន់អង្គរវង់ធំ ចំនួន២ជុំ ប្រមាណ៤០គីឡូម៉ែត្រ។ រីឯវិញ្ញាសា Individual Road Race បុរស-នារី ជាវិញ្ញាសាជិះចម្ងាយឆ្ងាយជាង១៥០គីឡូម៉ែត្រឡើងទៅ ហើយវិញ្ញាសានេះគ្រោងនឹងចេញដំណើរពីតំបន់អង្គរដែរឆ្ពោះទៅតំបន់ភ្នំគូលែនស្រុកបន្ទាយ
ស្រីចុះទៅស្រុកស្វាយលើ ចូលមកក្រុងសៀមរាបវិញ និងបញ្ចប់ទីនៅតំបន់អង្គរវិញ។

លោក នូ ចំរើន អះអាងថា ចំពោះក្តីសង្ឃឹមលើវិញ្ញាសាកង់ភ្នំ Eliminate នេះ គឺដោយសារកីឡាករកីឡាការិនីកម្ពុជាសុទ្ធតែវ័យក្មេងមានសក្តានុពលលើថាមពលកម្លាំងខ្លាំង ដែលត្រូវប្រកួត១ជុំ៤គីឡូម៉ែត្រដោយកីឡាករឬកីឡាការិនីណាបានបញ្ចប់ទីក្នុងថិរៈវេលាតិចជាងគេនឹងទទួលបានមេដាយតែម្តង។ជាមួយគ្នានេះអ្វីដែលជាផែនការយុទ្ធសាស្ត្ររៀបចំយកប្រៀបក្នុងការប្រជែងមេដាយនេះ គឺក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ សហព័ន្ធបានត្រៀម រៀបចំផ្លូវប្រកួត ដែលជាផ្លូវហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជា នៅស្រុកបន្ទាយស្រីនោះ។

ក្រុមជម្រើសជាតិទាំងអស់កំពុងខិតខំហ្វឹកហាត់ខ្លាំងណាស់ដើម្បីឆ្ពោះទៅដណ្តើមមេដាយជូនជាតិក្រោមការណែនាំលើកទឹកចិត្តខ្ពស់ពីឯកឧត្តមប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពា
ណិជ្ជកម្មនិងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយានដើម្បីដើរឲ្យស្របគ្នាតាមផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធក៏ដូចជាផែនការយុទ្ធសាស្ត្ររបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣(CAMSOC)ដែលបានដាក់ចេញនូវសន្ទស្សន៍មេដាយមាសយ៉ាងតិច១គ្រឿងលើប្រភេទកីឡានីមួយៗ
ជាមួយគ្នានេះដែរឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ី
ហ្គេមឆ្នាំ២០២៣ក៏បានជួយផ្តល់អនុសាសន៍ណែនាំផ្តល់ការគាំទ្រដល់ការរៀបចំប្រភេទកីឡា
កង់សម្រាប់ដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលជាកំណត់ត្រាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង