ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាយកឱកាស បុណ្យសមុទ្រនៅព្រះសីហនុ បង្អួតគោលដៅទេសចរណ៍ឆ្នេរទៅកាន់សកលលោក

86

 

ព្រះសីហនុ៖ កម្ពុជាមានបំណងយកឱកាសរៀបចំបុណ្យសមុទ្រនៅខេត្តព្រះសីហនុនាចុងឆ្នាំ២០២២នេះ ជាឱកាសក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍ឆ្នេរសមុទ្ររបស់ខ្លួន ទៅកាន់សមាជិកក្លិបឆ្នេរសមុទ្រដែលបំផុតលើសកលលោក ដោយកម្ពុជាក៏ជាសមាជិកនៃអង្គការនេះដែរ។

ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ ជាមួយគ្នានោះកម្ពុជាក៏នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូផងដែរ ក្រោមប្រធានបទ «ឆ្នេរនៃស ន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម»។

នៅកិច្ចប្រជុំត្រៀមរៀបចំបុណ្យសមុទ្រនាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឱ្យរដ្ឋបាលខេត្តព្រះសីហនុត្រូវមានស្ដង់មួយសម្រាប់បង្ហាញស្នាដៃរបស់ខ្លួន ពិសេសពាក់ព័ន្ធនឹងការអភិវឌ្ឍឆ្នេរសមុទ្រដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយម ទៅកាន់ប្រជាជន ភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាគណៈប្រតិភូអន្តរជាតិដែលនឹងចូលរួមកម្សាន្តក្នុងពិធីបុណ្យសមុទ្រនោះ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ក្នុងពេលរៀបចំមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកនាពេលខាងមុខនោះ ប្រធានក្លិបនឹងផ្សព្វផ្សាយអំពីគំរូដ៏ល្អរបស់កម្ពុជា និងខេត្តព្រះសីហនុដែលបានខិតខំអភិវឌ្ឍគ្រប់គ្រងឆ្នេរសមុទ្រប្រកបដោយការទទួលខុសត្រូវខ្ពស់ បង្ហាញទៅសមាជិកក្លិបឆ្នេរទាំងអស់ដែលបច្ចុប្បន្នមាន២៦ប្រទេស។

ឯកឧត្តមបញ្ជាក់ថា «ការដែលក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោកសម្រេចមករៀបចំមហាសន្និបាតរបស់ខ្លួននេះ គឺមិនមែនជារឿងចៃដន្យនោះឡើយ ព្រោះគេបានមើលឃើញការអភិវឌ្ឍឆ្នេរសមុទ្ររបស់កម្ពុជា គឺមានការទទួលខុសត្រូវខ្ពស់»។

ដូច្នេះហើយឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានណែនាំដល់រដ្ឋបាលខេត្តព្រះសីហនុត្រូវមានស្ដង់ពិព័រណ៍សមរម្យមួយក្នុងពិធីបុណ្យសមុទ្រនាពេលខាងមុខ រចនាឱ្យបានស្អាតទាក់ទាញ ដើម្បីបង្ហាញអំពីសមិទ្ធផល ការអភិវឌ្ឍ ការគ្រប់គ្រងឆ្នេរសមុទ្រនៅក្នុងខេត្តរបស់ខ្លួន។

នាឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានទទួលនូវការណែនាំរបស់លោករដ្ឋមន្ត្រី ថោង ខុន ដើម្បីរៀបចំឱ្យមានស្ដង់ពិព័រណ៍បង្ហាញអំពីការអភិវឌ្ឍឆ្នេរសមុទ្រ កោះ ទីក្រុងព្រះសីហនុ និងគោលដៅដែលមានសក្ដានុពលផ្សេងទៀតនៅក្នុងខេត្តព្រះសីហនុ។ ឯកឧត្តមក៏បានចាត់ចែងដល់អភិបាលរងខេត្ត និងក្រុមការងារជំនាញចាប់អនុវត្តកិច្ចការងារនេះប្រកបដោយការយកចិត្តទុកដាក់។

គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) ធ្លាប់បានឱ្យដឹងថា ដោយសារកម្ពុជាមានការប្តេជ្ញាចិត្តច្បាស់លាស់និងមុឺងម៉ាត់ក្នុងការគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរនិងឆ្នេរសមុទ្រ ទើបមហាសន្និបាតក្លិបឆ្នេរលើកទី១៥ ឆ្នាំ២០១៩ នៅឆ្នេរតូយ៉ាម៉ា ប្រទេសជប៉ុន បានសម្រេចបោះឆ្នោតជាឯកច្ឆន្ទយកកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាត ហើយជាពិសេសក្លិបឆ្នេរមានការសប្បាយចិត្តរីករាយបំផុត ដោយកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោនាយកមន្ត្រី បានចាក់ស្រោចវ៉ាក់សាំងកូវីដ-១៩ និងបានបើកដំណើរការប្រទេសឡើងវិញមុនគេក្នុងគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍ផងនោះ ដែលអាចបើកដំណើរការសកម្មភាពសង្គម សេដ្ឋកិច្ចក្នុងគន្លងប្រក្រតីភាពថ្មី ហើយដែលអាចរៀបចំព្រឹត្តិការណ៍ធំៗបានដោយផ្ទាល់ប្រកបដោយសុវត្ថិភាព រួមទាំងពិធីបុណ្យសមុទ្រ និងមហាសន្និបាតក្លិបឆ្នេរដែលស្អាតជាងគេលើសកលលោក តាមផែនការដែលបានគ្រោងទុកនៅឆ្នាំ២០២២នេះ បន្ទាប់ពីបានខកខានក្នុងការរៀបចំមហាសន្និបាតដោយផ្ទាល់២លើក កាលពីឆ្នាំ២០២០ នៅអ៉ីស្រាអែល និងនៅអង់ហ្គោឡានៅឆ្នាំ២០២១មក៕

អត្ថបទដែលជាប់ទាក់ទង