ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហែម គីរី៖ធ្លាប់ជាកីឡាករ ជាគ្រូបង្វឹកនេះ ជាលើកដំបូងហើយ ដែលទង់ជាតិខ្មែរនៅពីលើគេ

134

ភ្នំពេញ៖ អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកលោក ហែម គីរី និយាយថា នេះជាលើកទី១ ក្នុងឆាកជីវិត ដែលធ្លាប់ជាកីឡាករ ជាគ្រូបង្វឹក និងជាអគ្គលេខាធិការបានស្តាប់លឺភ្លេងជាតិទង់ជាតិខ្មែរយើងនៅលើគេនេះជាមោទនភាពណាស់។
លោកបានមានប្រសាសន៍បែបនេះ ក្រោយពីដឹកនាំប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីហែលទឹកពាក់ជើងទា (Fin Swimming) កម្ពុជា ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Fin swimming’s World Cup Round Swimming Pool 2022 នៅប្រទេស។
នេះជាសមិទ្ធផលថ្មីៗ នៃការឈ្នះមេដាយសំរឹទ្ធ១គ្រឿង នៅស៊ីហ្គេម លើកទី៣១ នៅវៀតណាម ដែលជាជំហានទី១ និងការឈ្នះមេដាយមាស-សំរឹទ្ធ ៤គ្រឿង ពីការប្រកួត Fin swimming’s World Cup នៅប្រទេសថៃ ជាជំហានទី២ ដើម្បីឈានឆ្ពោះទៅដណ្តើមមេដាយ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នាឆ្នាំ២០២៣វាបានក្លាយជាកំណត់ត្រាជាប្រវត្តិសាស្ត្រថ្មីជូនជាតិ។

លោក ហែម គីរី បន្តថា លទ្ធផលទាំងនេះ បានបង្ហាញអោយឃើញថា សហព័ន្ធខ្មែរកីឡាហែលទឹក មិនបាននៅស្ងៀមមួយកន្លែងនោះទេ គឺយើងបានខិតខំប្រឹងប្រែង ពុះពារគ្រប់យ៉ាង ដើម្បីស្វែងរកលទ្ធផល ហើយលទ្ធផលនេះ ក៏មិនមែនកើតឡើងឯងៗដែរ បើសិនជាមិនមានការជួយជម្រុញ ជួយលើកទឹកចិត្តពីកីឡាករ កីឡាការិនីផ្ទាល់នោះទេ។
ការចូលរួមប្រកួតលើកនេះក៏ទទួលបានការកោតសរសើរពីបណ្តាប្រទេសចូលរួមទាំងអស់ ពីសមត្ថភាពអត្តពលិក ជាពិសេសកីឡាការិនី កាំង មុយនីន ដែលឈ្នះមេដាយមាស៣គ្រឿងនិងសំរឹទ្ធ ១គ្រឿង។

ក្រៅពីនោះកីឡាករ-កីឡាការិនី៥រូបផ្សេងទៀតក៏បានបង្ហាញនូវកម្រិតបច្ចេកទេស
ខ្ពស់ផងដែរ ជាពិសេសកីឡាការិនី ឃឺន ប៊ុនពេជ្រមរកត ដោយធ្វើបានចំណាត់ថ្នាក់លេខ៤ ក្បែរនឹងឈ្នះមេដាយសំរឹទ្ធ។ រីឯកីឡាករ ៤នាក់ បានស្ថិតនៅលេខរៀងទី១០ ឬទី៥ទាំងអស់។

នេះជាមោទនភាពមួយបើប្រៀបធៀបនឹងស៊ីហ្គេមលើកទី៣១នៅវៀតណាមកន្លងទៅ។ យើងប្តេជ្ញាថានឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីដណ្តើមមេដាយក្នុងពេលកម្ពុជាធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ ជាមួយនឹងក្តីសង្ឃឹមខ្ពស់ថា Fin Swimming កម្ពុជា នឹងធ្វើបានល្អជាក់ជាមិនខាន។ ជាគោលដៅនៃការត្រៀមខ្លួនឆ្ពោះទៅស៊ីហ្គេម ២០២៣ គឺនឹងបំពេញបន្ថែមលើកង្វះខាតផ្នែកសម្ភារហ្វឹកហាត់ និងត្រៀមបញ្ជូនកីឡាករ កីឡាការិនី ទៅហ្វឹកហាត់នៅក្រៅប្រទេសផងដែរ»។ នេះជាការលើកឡើងរបស់លោក ហែម គីរី។

សូមបញ្ជាក់ថា ការប្រកួត Fin swimming’s World Cup Round Swimming Pool 2022 នៅខេត្តភូកេត ប្រទេសថៃនេះ មានកីឡាករ កីឡាការិនីសរុបចំនួន ២៣០នាក់ មកពី១៦ប្រទេសចូលរួម។ ជាលទ្ធផល កម្ពុជាដណ្តើមបានមេដាយសរុប ៤គ្រឿង មាស៣ និងសំរិទ្ធ ១គ្រឿង ឈរនៅចំណាត់ថ្នាក់លេខ៥ ក្នុងចំណោម ១៦ប្រទេស ខណៈវៀតណាម ឈរលេខ១ ឥណ្ឌូណេស៊ី លេខ២ និងម្ចាស់ផ្ទះថៃ ឈរលេខ៣៕

អត្ថបទដែលជាប់ទាក់ទង