ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកួតនៅអាមេរិក ដើម្បីបន្សាំខ្លួន ជាមួយកីឡាករខ្លាំងៗ

132

ភ្នំពេញ៖កីឡាករ សាលី អូម៉ើត និងកីឡាករ ៤រូបទៀត កំពុងហ្វឹកហាត់ត្រៀមចូលរួមការប្រកួតកីឡាម៉ូតូទឹក ជ្រើសរើសជើឯងពិភពលោក Jet Ski World Series Season 2022 ជុំទី២ នៅ Lake Havasu City, រដ្ឋ Arizona សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៥ដល់៩ ខែតុលា ឆ្នាំ២០២២។
កីឡាករ សាលី អូម៉ើត បានបញ្ជាក់ថា ការប្រកួតកីឡាម៉ូតូទឹក នៅសហរដ្ឋអាមេរិកនេះ ក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជា ៥រូប រួមមាន កីឡាករ សាលី អូម៉ើត, សាលី ហ្វីលីន, មីន ម៉ូស្តាន់, មីន អូស្មាន់ និងកីឡាករ កៃ វ៉ាន់ស៊ីដែន កំពុងធ្វើការហ្វឹកហាត់យ៉ាងខ្លាំង ត្រៀមប្រកួតប្រជែងជាមួយអត្តពលិកខ្លាំងៗ ធ្លាប់ឈ្នះពានកម្រិតទ្វីបអាស៊ី អឺរ៉ុប និងពិភពលោក មកពីបណ្តាទ្វីបនានាជុំវិញពិភពលោក។
ការប្រកួតនេះ ជាការបន្សាំខ្លួនរបស់អត្តពលិកជម្រើសរើសជាតិម៉ូតូទឹកកម្ពុជាដើម្បី ពង្រឹងសមត្ថភាព ដកស្រង់បច្ចេកទេស ត្រៀមដណ្តើមមេដាយ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។

សាលីអ៊ូម៉ើតបាននិយាយថាការចូលរួមលើកនេះរំពឹងដណ្ដើមបានជោគជ័យច្រើនជាងនៅប្រទេសប៉ូឡូញដោយមានសារមានការត្រៀមខ្លួនបានល្អទាំងការហ្វឹកហាត់មានរយៈពេលវែងនិងមានសម្ភារសម្រាប់ធ្វើការប្រកួតល្អ។ប៉ុន្តែក៏នៅមានបញ្ហាប្រឈមខ្លះៗដោយសារការផ្ញើម៉ូតូទឹកពីប្រទេសថៃ មកអាមេរិក ថ្លៃពេក គឺផ្ញើមកតែ៣គ្រឿង រីឯ២គ្រឿងទៀត ត្រូវជួលម៉ូតូទឹកម្ចាស់ផ្ទះ សម្រាប់កីឡា២រូប ដើម្បីបន្ថយការចំណាយ។
កីឡាកររូបនេះ បន្ថែមថា កីឡាករម៉ូតូទឹកចំនួន ៥នាក់ ចូលរួមការប្រកួត Jet Ski World Series ខាងលើនេះ ទទួលបានការឧបត្តម្ភទាំងស្រុងការហូបចុកស្នាក់នៅនិងសំបុត្រយន្តហោះ ពីលោក Karl Heindrich Knauf ម្ចាស់ក្លឹបម៉ូតូទឹក Flamingo នៅប្រទេសថៃ។
អ៊ូម៉ើតបន្តថា សម្រាប់វិញ្ញាសាប្រកួត នៅ World Series នៅសហរដ្ឋអាមេរិក និងប្រទេសថៃនាចុងឆ្នាំ២០២២នេះសុទ្ធសឹងជាវិញ្ញាសាសក្តានុពលសម្រាប់អត្តពលិកជម្រើសជាតិម៉ូតូទឹក ដុសខាត់សមត្ថភាព ជាមួយជើងខ្លាំងលំដាប់ទ្វីប ត្រៀមប្រជែងមេដាយពី Sea Games ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ការប្រកួតកីឡាម៉ូតូទឹក ជ្រើសរើសជើងឯកពិភពលោក Jet Ski World Series Season 2022 ជុំទី២ នៅអាមេរិក កម្ពុជាបញ្ជូនកីឡាករ ៥រូប រួមមាន កីឡាករ សាលី អូម៉ើត ប្រកួត៥វិញ្ញាសា គឺវិញ្ញាសា Novice runabout 1100stock , Amateur runabout 1100stock , Pro am ski lites , Pro am four stroke ski lites , Pro am ski superstock។ ចំណែកឯ សាលី ហ្វីលីន ប្រកួត២វិញ្ញាសា គឺវិញ្ញាសា Amatuer runabout 1100 LTD , PRO AM RUNABOUT 1100 Stock ។ រីឯ មីន ម៉ូស្តាន់ ប្រកួត២វិញ្ញាសា គឺវិញ្ញាសា Amateur ski GP , Pro am ski superstock។ ដោយឡែក មីន អូស្មាន់ និងកីឡាករ កៃ វ៉ាន់ស៊ីដែន ប្រកួត១វិញ្ញាសា គឺវិញ្ញាសា Novice ski stock ដូចគ្នា៕

អត្ថបទដែលជាប់ទាក់ទង