ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខអូឡាំពិកកម្ពុជា បានទទួលគ្រឿងឥស្សរិយយសខ្ពស់បំផុត សម្រាប់ចលនាអូឡាំពិក

107

ភ្នំពេញ៖លោកបណ្ឌិតថោង ខុនជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិ
CAMSOC និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានទទួលគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត «ខ្សែកមាស» ពីក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ដើម្បីជាកិត្តិយសចំពោះការលះបង់របស់ឯកឧត្តមសម្រាប់ចលនាអូឡាំពិកនិងជំរុញឲ្យកីឡារីកចម្រើនរហូតទទួលរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗ គឺកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ី ឆ្នាំ២០២៩នៅកម្ពុជា។
ក្រោយពីបានទទួលមេដាយនេះភ្លាមៗ លោកថោង ខុនបានមានប្រសាសន៍ថា ជាមេដាយដែលបានផ្ដល់កិត្តិយសយ៉ាងក្រៃលែងដល់កម្ពុជា។បន្ថែមលើសពីនេះក៏ជាមេដាយ សម្រាប់ការផ្ដល់កិត្តិយសដល់កីឡាករ កីឡាការិនី គ្រូបង្វឹកសហព័ន្ធកីឡាជាតិនិងក្រសួងអប់រំ យុវជន និងកីឡាទៀតផង។ នេះក៏ជាកិត្តិយសរាល់ការចូលរួមពីចលនាអូឡាំពិកទាំងអស់ ដែលបានគាំទ្រចលនាអូឡាំពិកនៅកម្ពុជា។

ដោយឡែកលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មការជាតិអូឡាំពិកកម្ពុជា
( NOCC) ក៏បានចូលរួមអបអរសាទរដល់ការទទួលបានគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់ ដល់លោកបណ្ឌិតថោងខុនដែលបានលះបង់ទាំងកម្លាំងកាយចិត្តក្នុងការចូលរួមគ្រប់ចលនាអូឡាំពិក ក៏ដូចជាសកម្មភាពកីឡាកន្លងមក។
ការទទួលបាននូវគ្រឿងឥស្សរិយយសរបស់លោកបណ្ឌិតធ្វើឡើងក្នុងពិធីបើកមហា
សន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីនៅថ្ងៃទី០៤ខែតុលានេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។

មហាសន្និបាតនេះដែរក៏មានឥស្សរជន និងថ្នាក់ដឹកនាំចលនាកីឡាអូឡាំពិកអាស៊ី និងអន្ដរជាតិប្រមាណ៤០០នាក់មកពី៥៥ប្រទេសជុំវិញពិភពលោកចូលរួមក្នុងនោះមានប្រតិភូមកពីបណ្តាប្រទេសក្រុមប្រឹក្សាអូឡាំពិកអាស៊ីចំនួន៤៥ប្រទេសគឺជាព្រឹត្តិការណ៍ដ៏មានសំខាន់សម្រាប់ការជជែកពិភាក្សាលើព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ី និងធ្វើឡើងជារៀងរាល់ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង