ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រើទីលានតិចបំផុត៤ សម្រាប់បាល់ទាត់ទាំងបុរស-នារី នាស៊ីហ្គេមឆ្នាំ២០២៣

118

ភ្នំពេញ៖សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះសម្រាប់ប្រភេទកីឡាបាល់ទាត់ទាំងបុរសនិងនារីនឹងត្រូវប្រើប្រាស់ទីលានយ៉ាងតិចបំផុតក៏៤ដែរ ។
តាមការគ្រោងទុកព្រឹត្តិការណ៍នេះនឹងដំណើរការជាផ្លូវការពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣។លោកវ៉ាត់ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣(CAMSOC) បានបញ្ជាក់ថាដូចជាពហុកីឡដ្ឋានជាតិមរតកតេជោ, ពហុកីឡដ្ឋានជាតិអូឡាំពិក, កីឡដ្ឋានព្រីនស៍របស់ក្លិបវិសាខានិងកីឡដ្ឋានកងយោធពលខេមរភូមិន្ទ(ស្តាតចាស់)ដែលនឹងបម្រើឱ្យការប្រកួតបាល់ទាត់បុរសនិងនារីសម្រាប់ការប្រកួត
ផ្លូវការចន្លោះពី៤ទៅ៥កីឡដ្ឋានដោយមិនគិតពីទីលានសម្រាប់ហ្វឹកហាត់របស់ក្រុមជម្រើស
ជាតិ ក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលចូលរួមនោះឡើយ។

ជាមួយនឹងការត្រៀមរៀបចំទីលានប្រកួតស៊ីហ្គេម២០២៣នេះទីលានពហុកីឡដ្ឋានជាតិអូឡាំពិក ត្រូវបានជួសជុលផ្លាស់ប្តូរពីស្មៅសប្បនិមិត្តមកជាស្មៅធម្មជាតិវិញ។ការជួសជុលទីលានបាល់ទាត់អូឡាំពិកនេះដើម្បីឆ្លើយតបទៅនឹងស្ដង់ដារអន្តរជាតិរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) សម្រាប់ ស៊ីហ្គេម ឆ្នាំ២០២៣។
ក្រៅពីផ្លាស់ប្តូរស្មៅធម្មជាតិ ពហុកីឡដ្ឋានជាតិអូឡាំពិកក៏នឹងត្រូវបំពាក់កៅអី ៣៥ ០០០កៅអីនិងបំពាក់ភ្លើងបំភ្លឺទីលានឱ្យស្របតាមស្តង់ដារ FIFA ដូចគ្នាដែរ។គម្រោងជួសជុលកែលម្អនេះនឹងត្រូវធ្វើឡើងនាខែវិច្ឆិកា ឆ្នាំ២០២២ និងគ្រោងបញ្ចប់នាខែមករា ឆ្នាំ២០២៣។
ការរៀបចំជួសជុលកែលម្អនិងត្រួតពិនិត្យលក្ខណៈបច្ចេកទេស នៃទីលានប្រកួតនានា ឱ្យបានគ្រប់ជ្រុងជ្រោយនេះគឺជាការត្រៀមខ្លួនឱ្យមានល្អប្រសើរស្របតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ (CAMSOC) និងលោកបណ្ឌិតថោង ខុនរដ្ឋមន្ដ្រីក្រសួង
ទេសចរណ៍និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិ (CAMSOC) ។

គណៈកម្មការជំនាញនានា ត្រូវគោរពឱ្យបានដាច់ខាត នូវស្ដង់ដារតែមួយរបស់អន្ដរជាតិដើម្បីថែរក្សាឱ្យបាននូវសេចក្ដីថ្លៃថ្នូរ និងស័ក្ដិសមកិត្តិយសជាតិក្នុងនាមម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង