ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ល្បុក្កតោឈ្នះមេដាយមាស ១គ្រឿងប្រាក់៤គ្រឿង ក្នុងព្រឹត្តិការណ៍ International Martial Arts Contest

69

ភ្នំពេញ៖ក្នុងការប្រកួតកីឡាយុទ្ធសិល្ប៍ក្បាច់គុនពិភពលោក-IMAC (International Martial Arts Contest) លើ៧វិញ្ញាសា នៅសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២២កីឡាករ កីឡាការិនីគុនល្បុក្កតោចំនួន៨នាក់ ដណ្តើមបានមេដាយមាស ១គ្រឿង និងមេដាយប្រាក់ ៤គ្រឿង។
អគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា លោក អួរ តារា គូសបញ្ជាក់ថា គណ:កម្មាធិការរៀបចំការប្រកួត បានបែងចែកចំណាត់ថ្នាក់ជា៥ គឺលេខ១ ដល់លេខ៥ ដោយកីឡាករ កីឡាការិនីគុនល្បុក្កតោកម្ពុជា ដណ្តើមបានលទ្ធផល ដូចជាកីឡាការិនី ពិធី ច័ន្ទឆវី មេដាយមាស លើវិញ្ញាសាទ្វារមេគុនអាវុធ។ កីឡាករ គីម ទិត្យ សុវឌ្ឈន: មេដាយប្រាក់ ទ្វារមេគុនអាវុធ។ កីឡាករ អោក រិតធានី និងកីឡាករ យ៉ឹម វុត្ថា មេដាយប្រាក់ ទ្វារមេគុនដៃក្រុម។ កីឡាករ អ៊ៃ សំអុន និង កីឡាការិនី ស៊ិន សៀវសៀន មេដាយប្រាក់ ទ្វារមេគុនអាវុធក្រុម។ កីឡាករ អ៊ៃ សំអុន, គីម ទិត្យសុវឌ្ឍនៈ, ពេជ្រ ពន្លឺ, អោក រិតធានី, យ៉ឹម វុត្ថា, ស៊ិន សៀវសៀន, យស សញ្ចនា និង ពុធ ចាន់ឆវី មេដាយប្រាក់ លើវិញ្ញាសាសម្តែងជាក្រុម។ កីឡាករ ពេជ្រ ពន្លឺ ទទួលបានចំណាត់ថ្នាក់លេខ ៤ ទ្វារមេគុនដៃ។ កីឡាការិនី យស សញ្ចនា ដណ្តើមបានលេខ៥ លើវិញ្ញាសាទ្វារមេគុនដៃ។
លោកអគ្គលេខាធិការរងបន្តថា នៅឆ្នាំ២០២២នេះ សម្ព័ន្ធកីឡាយុទ្ធសិល្ប៍ពិភពលោក (World Martial Art Union) បានរៀបចំការប្រកួត International Martial Arts Contest នេះ ដោយមាន១០ប្រទេសចូលរួមប្រកួតប្រជែងបន្ទាប់ពីព្រឹត្តិការណ៍ដូចគ្នានេះបានរៀបចំប្រកួតតាមប្រព័ន្ធអនឡាញ កាលពីឆ្នាំ២០២១។
សម្រាប់ការចូលរួមប្រកួតរបស់ក្រុមគុនល្បុក្កតោកម្ពុជាចំនួន១០រូប (គ្រូបង្វឹក២រូប) ត្រូវបានបញ្ជូនដោយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។

លោកអគ្គលេខាធិការរងបានអះអាងបន្តថាបើយើងពិនិត្យមើលលើលទ្ធផលជាមេ
ដាយមាស និងមេដាយប្រាក់ចំនួន ៤គ្រឿង ក្នុងព្រឹត្តិការណ៍ក្បាច់គុនពិភពលោកនេះ គឺជាផលវិជ្ជមាននៃភាពរីកចម្រើនលើគុណភាពបច្ចេកទេសបន្ថែមរបស់កីឡាករ កីឡាការិនី
គុនល្បុក្កតោកម្ពុជា ក្នុងដំណើរត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង