ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វគ្គបណ្ដុះបណ្ដាល មន្ត្រីអាជ្ញាកណ្តាល-ចៅក្រម កម្រិតអន្តរជាតិ នឹងបញ្ចប់នាល្ងាចនេះ

81

 

ភ្នំពេញ៖វគ្គបណ្តុះបណ្តាលមន្ត្រីអាជ្ញាកណ្តាលចៅក្រមកម្រិតអន្តរជាតិនឹងបញ្ចប់នៅល្ងាចថ្ងៃទី៧ខែធ្នូនេះនៅខេត្តព្រះសីហនុដើម្បីត្រៀមដឹកនាំការប្រកួតនិងកាត់សេចក្តីក្នុងការប្រកួតកីឡាប្រដាល់គុនខ្មែរអាស៊ាន ពីថ្ងៃទី៩ដល់១១ ខែធ្នូ ឆ្នាំ២០២២ក្នុងឱកាសបុណ្យសមុទ្រ លើកទី៩ នៅខេត្តព្រះសីហនុ។
លោក មៀម ស៊ីសារ៉ាប្រធានសហព័ន្ធប្រដាល់គុនខ្មែរអន្តរជាតិនិងជាអ្នកចាត់ការទូទៅ ព្រឹត្តិការណ៍ជើងឯកគុនខ្មែរអាស៊ាន បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រម កម្រិតអន្តរជាតិនេះរៀបចំធ្វើឡើងក្រោមការចែករំលែកបទពិសោធពីគ្រូឧទ្ទេសមកពីសហព័ន្ធប្រដាល់គុនខ្មែរអាស៊ី ពីថ្ងៃទី៤ដល់៧ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។
សិក្ខាកាម ជាអាជ្ញាកណ្តាល-ចៅក្រមខ្មែរ មានចំនួន ៣០នាក់និងមន្ត្រីអន្តរជាតិ២៥នាក់ ដោយវគ្គនេះនឹងបញ្ចប់នាល្ងាចថ្ងៃទី៧ ខែធ្នូនេះ ក្រោមការអញ្ជើញចូលរួមពីលោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ
២០២៣ (CAMSOC)។
លោកសារ៉ាចាត់ទុកថា នេះជាវគ្គដ៏សំខាន់ ដើម្បីត្រៀមដឹកនាំការប្រកួតការកាត់សេចក្តី នៅក្នុងការប្រកួតកីឡាប្រដាល់គុនខ្មែរ ជើងឯកអាស៊ាន ពីថ្ងៃទី៩សល់១១ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ក្នុងពិធីបុណ្យសមុទ្រ។
ក្នុងនាមជាម្ចាស់ផ្ទះកម្ពុជាបានត្រៀមរៀបចំកីឡាករកីឡាការិនីសរុប១៧នាក់ដោយ
មានវិញ្ញាសាប្រកួត ផ្នែកបុរស៧ នារី៤ និងវិញ្ញាសាគុនគ្រូ២វិញ្ញាសា។ ចំពោះកីឡាករ កីឡាការិនី មកពីក្រៅប្រទេស រួមមាន៖ កីឡាករមីយ៉ាន់ម៉ា ៤នាក់ វៀតណាម ៧នាក់ ម៉ាឡេស៊ី ៣នាក់ ហ្វីលីពីន ២នាក់ និងឥណ្ឌូណេស៊ី ៧នាក់។ ផ្នែកកីឡាការិនី មកពីមីយ៉ាន់ម៉ា ២នាក់ វៀតណាម ៤នាក់ ម៉ាឡេស៊ី ម្នាក់។
លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិCAMSOCបានឲ្យដឹងថាការរៀប
ចំប្រកួតកីឡាប្រដាល់គុនខ្មែរជើងអាស៊ានក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រនេះគឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយ ក្នុងការត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។ ការចូលរួមរបស់បណ្តាប្រទេសទាំងអស់នេះ គឺជាជោគជ័យក្នុងការរៀបចំប្រដាល់គុនខ្មែរអន្តរជាតិមួយនេះដើម្បីសម្រួចគោលដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។
ការរៀបចំប្រកួតកីឡាប្រដាល់គុនខ្មែរ ជើងឯកអាស៊ីអាគ្នេយ៍ នៅក្នុងបុណ្យសមុទ្រនេះ គឺជាបុរេព្រឹត្តិការណ៍ (Pre-Sea Games) សម្រាប់ឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ហើយយើងក៏ទទួលបានការបណ្តុះបណ្តាលមន្ត្រីអាជ្ញាកណ្តាលចៅក្រមមុនពេលការប្រកួតផ្លូវការ ក្នុងការសម្រួចគោលដៅ ទាំងកីឡាករ កីឡាការិនី និងអាជ្ញាកណ្តាល-ចៅក្រម ឆ្ពោះទៅស៊ីហ្គេម ២០២៣ ដូចគ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង