ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកទ្វារផ្ទះទទួលហ្វីលីពីន កម្ពុជារកបាន៣ពិន្ទុ

297

ភ្នំពេញ៖ក្នុងព្រឹត្តិការណ៍AFF Mitsubishi Electric Cup 2022នាព្រលប់ថ្ងៃទី២០ធ្នូកម្ពុជា
ដែលបើកទ្វារផ្ទះទទួលភ្ញៀវហ្វីលីពីននោះម្ចាស់ផ្ទះកម្ពុជារកបាន៣ពិន្ទុមុនគេ។
ការប្រកួតដែលធ្វើនៅពហុកីឡដ្ឋានជាតិមរតកតេជោសម្រាប់ពានរង្វាន់ក្នុងតំបន់អាស៊ីអាគ្នេយ៍ក្រុមជម្រើសជាតិកម្ពុជា រកបាន ៣ពិន្ទុពេញតែម្ដង ។
ការប្រកួតចាប់ផ្ដើមបាន២០នាទីក្រុមជម្រើសជាតិកម្ពុជា បាននាំមុខហ្វីលីពីន ២គ្រាប់ ដែលធ្វើបានសម្រេចដោយកីឡាករ រ៉ឹង ប៊ុនហៀង នៅនាទី១៦ និងកីឡាករ អ៊ន ចាន់ប៉ូលីន នៅនាទី២០ មុនកីឡាករហ្វីលីពីន Kenshiro Michael Lontok Daniels រកបាន ១គ្រាប់វិញនៅនា ទី៤១ ។
៤៥នាទីនៃតង់ទី១ក្រុមកម្ពុជានាំមុខហ្វីលីពីន២ទល់១។ចូលដល់តង់ទី២ ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំរបស់ហ្វីលីពីនដដែលនេះKenshiro Michael Lontok Danielsរកបានមួយគ្រាប់តាមស្មើក្រុមម្ចាស់ផ្ទះ ២ទល់២ វិញ នៅនាទី៥៥ ។
ប៉ុន្ដែនៅនាទី៥៩កីឡាករ រ៉ឹង ប៊ុនហៀង បានបន្ថែមគ្រាប់នាំមុខជាថ្មីឲ្យកម្ពុជាវិញ ហើយក៏ជាគ្រាប់បាល់ជ័យជម្នះក្នុងការប្រកួតនេះផងដែរបន្ទាប់ពីអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតពេញម៉ោង ដោយកម្ពុជា បានយកឈ្នះហ្វីលីពីន ៣ទល់២ ។
ជ័យជម្នះនេះ បានធ្វើឲ្យក្រុមជម្រើសជាតិកម្ពុជា ឈរកំពូលតារាងពូល A បណ្ដោះអាសន្ន មុនធ្វើដំណើរទៅប្រទេសឥណ្ឌូនេស៊ី ដើម្បីតតាំងជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី នាថ្ងៃទី២៣ ខែធ្នូខាងមុខ ។
បន្ទាប់មកទើបកម្ពុជាត្រូវបើកទ្វារផ្ទះជាថ្មីទទួលក្រុមជម្រើសជាតិប៊្រុយណេវិញនាថ្ងៃទី២៩ ខែធ្នូ មុនការប្រកួតបញ្ចប់ពូល ជាមួយក្រុមម្ចាស់ផ្ទះថៃ នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ខាងមុខ ៕

អត្ថបទដែលជាប់ទាក់ទង