ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ចេញសារាចរ ស្តីពីការពង្រឹងបន្ថែមលើការងារគ្រប់គ្រងសកម្មភាពមីន

88

 

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សកម្មភាពបោសសម្អាតមីនត្រូវបានរាជរដ្ឋាភិបាលកំណត់យកជាអាទិភាពចម្បង ដើម្បីរួមចំណែក ក្នុងការកាត់បន្ថយភាពក្រីក្រនិងជំរុញការអភិវឌ្ឍ។ ព្រះរាជាណាចក្រកម្ពុជាបានកំណត់នូវចក្ខុវិស័យយ៉ាង ច្បាស់លាស់ថា ប្រទេសកម្ពុជាជាប្រទេសដែលគ្មានមីន ការគំរាមកំហែងដោយសំណល់ជាតិផ្ទុះពីសង្គ្រាម ត្រូវបានកាត់បន្ថយឱ្យនៅកម្រិតអប្បបរមា ហើយការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងការអភិវឌ្ឍមនុស្សអាចប្រព្រឹត្ត ទៅដោយសុវត្ថិភាព។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ដោយកំណត់យក ឆ្នាំ២០២៥ ជាឆ្នាំដែលកម្ពុជាគ្មានមីន។ ដើម្បីសម្រេចបានជោគជ័យតាមផែនការយុទ្ធសាស្ត្រនេះ រាជរដ្ឋាភិបាលធ្វើការណែនាំដូចខាងក្រោម៖

១-ស្នើបន្តកិច្ចសហប្រតិបត្តិការគាំទ្ររបស់ដៃគូអភិវឌ្ឍ ប្រទេសជាមិត្ត វិស័យឯកជន និងសប្បុរសជន ទាំងផ្នែកបច្ចេកទេស ថវិកា និងសម្ភារ ក្នុងបេសកកម្មបោសសម្អាតមីននៅកម្ពុជា ដើម្បីឈានដល់ការ សម្រេចបាននូវគោលបំណងនៃផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន២០១៨-២០២៥ និងការសម្រេច បានគោលដៅ កម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០២៥។

២-ក្រសួង ស្ថាប័ន ដែលអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអភិវឌ្ឍន៍ ត្រូវសហការជាមួយ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្គ្រោះជនពិការដោយសារមីន ដើម្បីពិគ្រោះយោបល់ អំពីស្ថានភាពនៃការគម្រាមដោយសារគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះលើទីតាំងដែលត្រូវអនុវត្តគម្រោង ក៏ដូចជាកំណត់នូវវិធានការចាំបាច់ និងវិធីសាស្ត្រដើម្បីបញ្ចៀសនូវហានិភ័យនានាដែលអាចកើតមាន។ ការចុះកិច្ចសន្យា ត្រូវធ្វើឡើងតែជាមួយប្រតិបត្តិករបោសសម្អាតមីន ដែលមានអាជ្ញាបណ្ណ និងបណ្ណទទួល ស្គាល់នៅមានសុពលភាពពីអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្គ្រោះជនពិការដោយសារមីន ប៉ុណ្ណោះ ដើម្បីលើកកម្ពស់ និងធានានូវការគោរពស្តង់ដានៃការបោសសម្អាតមីននិងសំណល់ជាតិផ្ទុះពី សង្គ្រាម ប្រកបទៅដោយគុណភាព និងធានាបាននូវសុវត្ថិភាពពេញលេញ។

៣-គ្រប់ក្រុមហ៊ុនអាជីវកម្ម និងអ្នកសាងសង់គម្រោងឯកជន ត្រូវសហការនិងពិភាក្សាជាមួយអាជ្ញាធរ កម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្គ្រោះជនពិការដោយសារមីន ដើម្បីកំណត់អត្តសញ្ញាណពិត ប្រាកដនៃទីតាំងដែលមានការគម្រាមដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម និងចាំបាច់ត្រូវបោស សម្អាតជាមុន មុននឹងចាប់ផ្តើមអនុវត្តការសាងសង់ឬធ្វើសកម្មភាពនានារបស់ខ្លួន។

៤-សូមលើកទឹកចិត្តដល់ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធឱ្យបន្តយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសុខាភិបាល និងព្យាបាលជំងឺដោយឥតគិតថ្លៃប្រកបដោយវិជ្ជាជីវៈដល់ប្រតិបត្តិករបោសសម្អាតមីន។

៥-អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្គ្រោះជនពិការដោយសារមីន ត្រូវកែសម្រួល លិខិតបទដ្ឋានគតិយុត្តនិងឯកសារពាក់ព័ន្ធនានា ដើម្បីធានានូវសុខដុមនីយកម្មរចនាសម្ព័ន្ធនៃការគ្រប់គ្រង សកម្មភាពមីន និងត្រូវបន្តអនុវត្ត យន្តការភូមិអស់មីន ឱ្យបានជោគជ័យ។

៦-ប្រតិបត្តិករបោសសម្អាតមីនជាតិ អន្តរជាតិ ត្រូវសហការជាមួយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាព កំចាត់មីននិងសង្គ្រោះជនពិការដោយសារមីន ក្នុងការពង្រឹងបន្ថែមលើការងារគ្រប់គ្រង សកម្មភាពមីន និង ការបញ្ជូនកងកម្លាំងដែលជាជនជាតិខ្មែរក្នុងការងារ សកម្មភាពមីនទៅបំពេញបេសកកម្មនៅក្រៅប្រទេស។

៧-អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្គ្រោះជនពិការដោយសារមីន ត្រូវធ្វើការសិក្សាអំពីលទ្ធភាព នៃការកាត់បន្ថយផ្ទៃដីដែលមានការគំរាមដោយសារមីន តាមវិធីសាស្ត្រមិនបច្ចេកទេសប្រកបទៅដោយសុវត្ថិភាព ប្រសិទ្ធភាព និងប្រសិទ្ធផលឱ្យបានពេញលេញតាមតែអាចធ្វើទៅបាន សំដៅបង្កើនល្បឿនការបោសសម្អាតមីននៅកម្ពុជា។ ទទួលបានសារាចរនេះ គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិង សង្គ្រោះជនពិការដោយសារមីន ប្រតិបត្តិករបោសសម្អាតមីន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវអនុវត្តឱ្យ មានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង