ក្រសួងពាណិជ្ជកម្ម កម្ពុជាបន្តចរចាលើលទ្ធភាព ស្នើសុំឲ្យភាគីអេមីរ៉ាតអារ៉ាប់រួម បើកច្រកទីផ្សារបន្ថែម
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បាននិងកំពុងបន្តចរចាលើលទ្ធភាពស្នើសុំឲ្យភាគីអេមីរ៉ាតអារ៉ាប់រួម បើកច្រកទីផ្សារបន្ថែម លើវិស័យកសិកម្មទេសចរណ៍ និងការដឹកជញ្ជូន ខណៈប្រទេសនេះជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់មជ្ឈឹមបូព៌ា ដែលរួមចំណែកប្រមាណ ៧៧% នៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាជាមួយតំបន់នេះ។
ក្នុងកិច្ចប្រជុំអន្តរក្រសួង ពិគ្រោះយោបល់លើការចរចាជំពូក ស្តីពីពាណិជ្ជកម្មសេវាកម្ម ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នៅក្រសួងពាណិជ្ជកម្ម
លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងពីវឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងនេះ ដែល បានប្រព្រឹត្តទៅចំនួន0២ជុំរួចមកហើយ ដោយទទួលបាននូវលទ្ធផលល្អគួរឱ្យកត់សម្គាល់។ ក្នុងអង្គប្រជុំ ក៏បានពិភាក្សាលើលទ្ធភាពរបស់កម្ពុជាក្នុងការផ្តល់ឱ្យតាមការស្នើសុំរបស់ភាគីអេមីរ៉ាតអារ៉ាប់រួម និងការស្នើអ្វីបន្ថែមពីលើការផ្តល់ឱ្យរបស់ភាគីអេមីរ៉ាតអារ៉ាប់រួម ពាក់ព័ន្ធនឹងការបើកច្រកទីផ្សារ (Market Access) និងប្រព្រឹត្តកម្មជាតិ (National Treatment) ចំពោះវិស័យ/អនុវិស័យសំខាន់ៗ រួមមាន៖ ពាណិជ្ជកម្ម វិនិយោគ កសិកម្ម សុខាភិ បាល វិស្វកម្មសំណង់ស៊ីវិល ទេសចរណ៍ ការដឹកជញ្ជូន និងការស្រាវជ្រាវជាដើម។
ចំពោះការវិភាគសម្រាប់ការបើកច្រកទីផ្សារសេវា ត្រូវផ្អែកជាមូលដ្ឋានលើកត្តាមួយចំនួន រួមមាន៖ សមត្ថភាពឧស្សាហកម្មក្នុងស្រុក, សក្តានុពលនាពេលបច្ចុប្បន្ននិងអនាគត, តម្រូវការចំាបាច់, មិនមានផលប៉ះពាល់ដល់ឧស្សាហកម្មក្នុងស្រុក ឬប៉ះពាល់តិចតួចបំផុតបើប្រៀបធៀបនឹងការបើកវិសយ/អនុវិស័យដ៏ទៃ។
លោកស្រី រដ្ឋលេខាធិការបានលើកឡើងថាការចរចាពាណិជ្ជកម្មសេវាកម្មមានសារៈសំខាន់ សម្រាប់ឧត្តមប្រយោជន៍សេដ្ឋកិច្ចជាតិ និងសំណូមពរឱ្យមានការចូលរួមពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធតាមវិស័យ ក្នុងកិច្ចពិគ្រោះយោបល់ នឹងផ្តល់ធាតុចូលក៍ដូចជាលើកឡើងនូវបញ្ហាប្រឈមសំខាន់ៗ ដើម្បីឱ្យក្រុមមន្ត្រីចរចាអន្តរក្រសួងយល់ច្បាស់ពីតម្រូវការ ធានាការទទួលបានអត្ថប្រយោជន៍ជាអតិបរមា និងការពង្រឹកសមត្ថភាពឧស្សាហកម្មក្នុងស្រុក សម្រាប់ពាណិជ្ជករ ធុរជន និងវិនិយោគិនកម្ពុជា។
ថ្មីៗកន្លងមកនេះលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ក៏បានបញ្ជាក់ក្នុងកិច្ចប្រជុំប្រកាសបើកការចរចាជុំទី២ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមថា អេមីរ៉ាតអារ៉ាប់រួម គឺជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់មជ្ឈឹមបូព៌ា ដែលរួមចំណែកប្រមាណ ៧៧% នៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាជាមួយតំបន់នេះ។ ក្នុងរយៈពេល ០៨ខែ នៃឆ្នាំ២០២២នេះ ពាណិជ្ជកម្មទ្វេភាគី សម្រេចបានទឹកប្រាក់សរុបប្រមាណ ២៧៩ លានដុល្លារអាម៉េរិក ជាមួយនឹងកំណើន ៤០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងន័យនេះ កិច្ចព្រមព្រៀង Cambodia-UAE CEPA នឹងបន្តជំរុញភាពរីកចម្រើននៃទំនាក់ទំនងពាណិជ្ជកម្មទំនិញរវាងប្រទេសទាំងពីរ តាមរយៈការបើកទីផ្សារឲ្យទូលំទូលាយ ការបង្កើតកាលានុវត្តភាពសម្រាប់ការវិនិយោគ និងបង្កើនបរិយាកាសសេរីភាវូបនីយកម្មលើវិស័យសំខាន់ៗផ្សេងទៀត ក្នុងបុព្វហេតុកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងចីរភាព។
សូមបញ្ជាក់ថា៖ កន្លងទៅ ក្រសួងពាណិជ្ជកម្ម បាននិងកំពុងចរចាកិច្ចព្រម ព្រៀងថ្មីបន្ថែមទៀត សម្រាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលអង្ករស្ថិតនៅក្នុងទំនិញអាទិភាពមួយដែលយើងរំពឹងថា នឹងពង្រីកនូវសក្តានុពលទីផ្សារថ្មីនៅក្នុងតំបន់មជ្ឈឹមបូព៌ា ដែលបច្ចុប្បន្នទីផ្សារតំបន់នេះនៅមានកម្រិតតិចតួចបំផុត ដែលយើងសង្ឈឹមថា នឹងជួយបង្កើនការនាំចេញអង្ករកម្ពុជាកាន់តែច្រើនឡើងថែមទៀត៕.
សំរិត