ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកួតអុកចត្រង្គជើងឯកជាតិ ចម្រាញ់រកអ្នកខ្លាំង បញ្ចូលក្រុមជម្រើសជាតិ

165

ភ្នំពេញ:សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានរៀបចំការប្រកួតជើងឯកជាតិឆ្នាំ២០១៨ រយៈពេល២ថ្ងៃគឺថ្ងៃទី២០ដល់២១មិថុនា ដើម្បីចម្រាញ់រកអ្នកខ្លាំង ដើម្បីបញ្ចូលជាក្រុមជម្រើសជាតិ ។

លោកឧត្តមសេនីយ៍ឯកតែម ម៉ឺនអគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីប្រកាសបើកការប្រកួត ។ ជាមួយគ្នានេះលោកឧត្តមសេនីយ៍បានសំណូមពរឲ្យអាជ្ញាកណ្ដាល ចៅក្រម និងកីឡាករត្រូវប្រកាន់គោលការណ៍Fair- Play ជាធំ ។

លោកឈាវ បូរ៉ាអគ្គលេខាធិការសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ដែលធ្លាប់គ្រងតំណែងជាស្ដេចេអុក២រជ្ជកាលជាប់ៗគ្នានាឆ្នាំ២០១៤ និង២០១៥នោះ ក៏បានចូលរួមប្រកួតដែរ ។

លោកអគ្គលេខាធិការបានឲ្យដឹងថា មានអ្នកខ្លាំងៗទាំងស្ដេចអុក អតីតស្ដេចអុកជើងឯករង ចំនួន៤៨នាក់ មកចូលរួមក្នុងការប្រកួតប្រចាំឆ្នាំដ៏ធំនេះ ។

លោកគ្រួច ចន្ថារិទ្ធដែលជាគ្រូបង្វឹកអុកចត្រង្គជម្រើសជាតិ និង ជាអ្នកគ្រប់គ្រងការប្រកួតនេះបានប្រាប់ឲ្យដឹងថាការប្រកួតចែកចេញជា ៨ ពូលដោយមួយពូលៗមានកីឡាករ៦រូប ។នៅក្នុងពូលកីឡាករមួយរូបៗត្រូវលេង៥ប្រកួត(៥ក្ដារ )ដែលមួយក្ដារៗ មានរយៈពេលអតិបរមាមួយម៉ោង ។សម្រាប់អ្នកប្រកួតឈ្នះបានមួយពិន្ទុ ស្មើបានកន្លះពិន្ទុ និង ចាញ់បានសូន្យពិន្ទុ ។ការប្រកួតនេះបន្ទាប់ពីកីឡាករមួយរូបក្នុងពូលនីមួយៗ លេងបាន៥ក្ដារហើយនោះគណៈកម្មការនឹងធ្វើការបូកពិន្ទុ ។កីឡាករ២រូបនៃពូលនីមួយៗ ដែលមានពិន្ទុលើគេនោះ នឹងក្លាយជាកីឡាករជម្រើសជាតិ ។

លោកគ្រួច ចន្ថារិទ្ធបន្តថាសហព័ន្ធមានគម្រោងស្នើទៅក្រសួងអប់រំយុវជន និង កីឡាសុំប្រមូលផ្ដុំកីឡាអុកចត្រង្កជម្រើសជាតិចំនួន១៦រូប នាឆ្នាំ២០១៩ ហេតុនេះកីឡាករ២រូបនៃក្បាលពូលនីមួយៗនឹងក្លាយជាកីឡាករជម្រើសជាតិ ។

គួរបញ្ជាក់ថាស្ដេចអុកទាំងជើងចាស់ជើងថ្មីដែលចូលរួមនោះមានឈាវ បូរ៉ាស្ដេចអុកឆ្ន់២០១៤ និង ២០១៥។

ហូយ សូណាស្ដេចអុកឆ្នាំ២០១៦ ហេង សៅឌីស្ដេចអុកឆ្នាំ២០១៧ និង សុខ លឹមហេងស្ដេចអុកឆ្នាំ២០១៨ ។ក្រៅពីនោះមានការចូលរួម ពីសំណាកជើងខ្លាំងជាច្រើនទៀតដូចជាឆយ វីរ៉ាស្ដេចអុកឆ្នាំ២០១០ ព្រមទាំងបណ្ដាជើងឯករងនានាដូចជារស់ រិទ្ធីយ៉ា ម៉េង សេរីសម្បត្តិ ប៊ូ ជុនម៉ានីកា ប៉ោ សារិទ្ធ និង ម៉ាត់ សេនជាដើម ៕

អត្ថបទដែលជាប់ទាក់ទង