ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងទ័ពកម្ពុជា-ចិន គឺពិតជាបានពង្រឹងពង្រីកកាន់តែជិតស្និទ្ធ និងរឹងមាំថែមទៀតលើកិច្ចសហប្រតិបត្តិការជាដៃគូគ្រប់ជ្រុងជ្រោយ និងជាមិត្តដែលថែប

107

 

ភ្នំពេញ ៖ អគ្គបញ្ជាការដ្ឋាន នៅថ្ងៃទី១៤ ខែមិថុនាឆ្នាំ ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឲ្យប្រតិភូក្រុមការងារបច្ចេកទេស សាលាបណ្ឌិតសភា នៃកងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយ លោកវរសេនីយ៍ឯកពិសេស សាន ជនជីន (SHAN JUNJIN)នាយករងសាលាបណ្ឌិតសភា កងទ័ពជើងគោក កាំភ្លើងធំ និងការពារអាកាស នៃកងទ័ពរំដោះប្រជាជនចិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលប្រតិភូក្រុមការងារបច្ចេកទេសនេះ អញ្ជើញមកបំពេញបេសកកម្មការងារនៅព្រះរាជាណាចក្រកម្ពុជា ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជំនួសមុខឱ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានសំដែងនូវការស្វាគមន៍ ចំពោះវត្តមានរបស់គណៈប្រតិភូ មកកាន់ប្រទេសកម្ពុជា នាពេលនេះ។ ដោយឯកឧត្តម បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន គឺពិតជាបានពង្រឹងពង្រីកកាន់តែជិតស្និទ្ធ និងរឹងមាំថែមទៀតលើកិច្ចសហប្រតិបត្តិការជាដៃគូគ្រប់ជ្រុងជ្រោយ និងជាមិត្តដែលថែប។

ឯកឧត្តម ក៏បានសំដែងនូវអំណរគុណចំពោះបក្ស រដ្ឋាភិបាល និងកងទ័ពរំដោះប្រជាជនចិន ដែលជានិច្ចជាកាលតែងតែបានជួយឧបត្ថម្ភ គាំទ្រ ទាំងស្មារតីសម្ភារៈ ដល់កងយោធពលខេមរភូមិន្ទ លើគ្រប់ផ្នែក ជាពិសេសបានជួយកសាង និងជួយទំនប់បម្រុងលើការងារបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់វិទ្យាស្ថានទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទដែលមានទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ ឱ្យកាន់តែមានលក្ខណៈទំនើបសម្រាប់កម្ពុជានិងក្នុងតំបន់។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ថ្មីៗនេះកងទ័ពប្រទេសយើងទាំងពីរកម្ពុជា-ចិន បានបញ្ចប់ការធ្វើសមយុទ្ធរួមគ្នា នៅពេលនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងតំបន់ភ្នំជុំសែនរីករាយ នៅខេត្តកំពង់ឆ្នាំង។ដែលគិតមកដល់ពេល
នេះគឺជាសមយុទ្ធរួមគ្នា កម្ពុជា-ចិន លើកលើកទី ៥ ហើយសម្រាប់ឆ្នាំ២០២៣ ។ ដែលទំហំនៃការធ្វើសមយុទ្ធ រាល់លើករវាងកងទ័ពយើងទាំងពីរកាន់តែមានលក្ខណៈទំនើបទៅៗ និងធំឡើងៗ ជាលំដាប់ ។ ហើយយើងក៏បានឯកភាពគ្នាថា នឹងរៀបចំធ្វើសមយុទ្ធរួមគ្នាមួយទៀត នាអំឡុងពេលពាក់កណ្ដាលឆ្នាំ២០២៣
ដែលមានឈ្មោះថា សមយុទ្ធរួមគ្នាលើការងារសុខាភិបាល”ទេវតាសន្តិភាពឆ្នាំ ២០២៣ កម្ពុជា-ចិន ។

ជាការឆ្លើយតបលោកវីរៈសេនីយ៍ឯកពិសេស សាន ជនជីន ( Shan Junjin ) ក៏បានសម្ដែងនៅអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ចំពោះការចំណាយពេលវេលា ទទួលស្វាគមន៍ និងអនុញ្ញាតឲ្យក្រុមការងាររបស់លោកបានចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ លោកវីរៈសេនីយ៍ឯកពិសេស បានជម្រាបជូនឯកឧត្តម ឥត សារ៉ាត់ ថា ក្រុមការងាររបស់លោកមកកាន់កម្ពុជាលើកនេះ ចំពេលដែលកម្ពុជាទើបតែបញ្ចប់ការរៀបចំការប្រកួតកីឡាអាស៊ានហ្គេម លើកទី៣២ និងបញ្ចប់ការប្រកួតកីឡាជនពិការអូឡាំពិកអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ប្រកប
ដោយជោគជ័យ ក្នុងនាមជាម្ចាស់ផ្ទះនៃកីឡាទាំងពីរប្រចាំឆ្នាំ ២០២៣ ។

លោកវរសេនីយ៍ឯកពិសេស សាន ជនជីន ក៏បានជម្រាបជូនឯកឧត្តម នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទថា ឆ្នាំនេះគឺជាឆ្នាំខួប ៦៥ នៃការបង្កើតទំនាក់ទំនងការទូត ចិន-កម្ពុជា ហើយក៏ជាឆ្នាំមិត្តភាព រវាងចិន និងកម្ពុជាផងដែរ ។ លោក សាន ជនជីន បានបញ្ជាក់ទៀតថា នាខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញទៅបំពេញដំណើរទស្សនកិច្ចជាផ្លូវការ និងផ្លូវរដ្ឋ ជាលក្ខណៈមិត្តភាព នៅប្រទេសចិន ។ ដែលតាមរយៈនៃដំណើរទស្សនកិច្ចនេះ របស់សម្ដេចតេជោ ហ៊ុន សែន នៅប្រទេសចិននេះ បានធ្វើឲ្យទំនាក់ទំនងរវាងកងទ័ព និងប្រជាជនប្រទេសទាំងពីរ ចិន-កម្ពុជា ឈានចូលទៅក្នុងយុគ្គសម័យថ្មី និងក្នុងដំណាក់កាលថ្មី ។ លោកវរសេនីយ៍ឯកពិសេស បាន
បន្ថែមទៀតថាវិទ្យាស្ថានទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ នៅក្នុងតំបន់ភូមិសាស្ត្រនៃខេត្តកំពង់ស្ពឺ គឺជានិមិត្តរូប នៃការពង្រឹងពង្រីកចំណងទាក់ទងកិច្ចសហប្រតិបត្តិការ នៃការរឹតចំណងសាមគ្គីភាព មិត្តភាព នៃកងទ័ពប្រទេសយើងទាំងពីរ ។

លោក សាន ក៏បានជំរាបជូនឯកឧត្តមអំពីគោលបំណងរបស់ប្រតិភូក្រុមការងារបច្ចេកទេស សាលាបណ្ឌិតសភាទ័ពជើងគោក របស់កងទ័ពរំដោះប្រជាជនចិនមកកាន់កម្ពុជាលើកនេះ គឺដើម្បីពិនិត្យមើលកិច្ចដំណើរការកសាងបន្ថែម និងការងារមួយចំនួនដែលពាក់ព័ន្ធទៅដល់ការងារបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់កងយោធពលខេមរភូមិន្ទ ថាតើការបំពេញបន្ថែមវាគ្រប់គ្រាន់ទៅតាមសេចក្តីត្រូវការ ឬក៏នៅមានចំណុចខ្វះខាតលើប្រការណាមួយដ៏កិច្ចដំណើរការហ្វឹកហ្វឺនបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់កងយោធពលខេមរភូមិន្ទនៅក្នុងវិទ្យាស្ថានទ័ពជើងគោក ។ ពីព្រោះថានៅពេលខាងមុខនេះកងទ័ពរំដោះប្រជាជនចិន និងផ្ដល់ការកសាងនៅអាគារសិក្សាថ្មី ដល់វិទ្យាស្ថាននេះ ដែលស្ថិតនៅលើគម្រោងកំពុងកសាងក្នុងដំណាក់កាលកសាងចុងក្រោយ ។

លោកបានបន្ថែមទៀតថា តាមការកំណត់របស់ថ្នាក់ដឹកនាំកងទ័ពរំដោះប្រជាជនចិន និងកំណត់ថា នៅខែតុលា ខាងមុខនេះនឹងបញ្ចប់គម្រោងសាងសង់ ។ លោក សាន ក៏បានជម្រាបជូនឯកឧត្តម ដែលថា ក្នុងដំណើរបំពេញបេសកកម្មនេះដែរក្រុមការងារបច្ចេកទេសនៃសាលាបណ្ឌិតសភា ទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន ក៏នឹងពិនិត្យរៀបចំអំពីវិធានការ ការពារ ថែរក្សា រាល់អាគារគ្រឿងបំពាក់ និងសមិទ្ធផលទាំងឡាយដែលសាងសង់ នឹងបានផ្ដល់ឱ្យរួចរាល់ ក្នុងវិទ្យាស្ថានទ័ពជើងគោក ថាត្រូវមានវិធានការយ៉ាងណា ដើម្បីថែរក្សា ការពាររាល់សមិទ្ធិផលទាំងអស់នោះ សម្រាប់ការប្រើប្រាស់ជំនួយដល់ការបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងវិទ្យាស្ថានឲ្យធានាបានការប្រើប្រាស់បានយូរអង្វែង និងប្រកបដោយគុណភាព ហើយក្លាយជាវិទ្យាស្ថានមួយ មានលក្ខណៈទំនើបកម្មនៅក្នុងតំបន់ក្លាយជាគំរូ នៃកិច្ចសហប្រតិបត្តិការទំនាក់ទំនងគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ក្នុងទំនាក់ទំនងប្រវត្តិសាស្រ្ត ចិន-កម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង