ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិចិន២នាក់ យកកាំបិតចាក់ប្លន់រថយន្ដពីជនជាតិខ្មែរ នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន

54

ព្រះសីហនុ៖ នៅយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋរាយការណ៍ថា អ្នកបើកបររថយន្តរបស់គាត់ បានជិះរថយន្ត១គ្រឿង ម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា C.K.7899 ដឹកភ្ញៀវជាជនជាតិចិន ២នាក់ ពីភ្នំពេញមកខេត្តព្រះសីហនុ តាមផ្លូវល្បឿនលឿន លុះដល់ចំណុចស្ថានីយប្រេងតូតាល់ ស្ថិតក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ស្រាប់តែជនជាតិចិនទាំង២នាក់ បានហៅឲ្យគាត់ឈប់ និងបានព្រួតគ្នាវាយ ប្រើកំាបិតចាក់គាត់ប្លន់យករថយន្ត រួចបានបើករថយន្តគេចខ្លួន។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកបានបញ្ជាកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលចរាចរណ៍ប្រចាំផ្លូវល្បឿនលឿន និងខាងក្រុមហ៊ុនផ្លូវល្បឿនលឿន ធ្វើការឃាត់រថយន្តខាងលើ និងជនសង្ស័យចំនួន២នាក់ ជនជាតិចិន នៅចំណុចបញ្ជរបង់ប្រាក់ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

លោកស្នងការបានបញ្ជាក់ថា ជនសង្ស័យចំនួន២នាក់ ទី១៖ឈ្មោះ JIN JR-HAN និងទី២៖ឈ្មោះ KANG JIH-YAO ឬឈ្មោះ SAE-E PHANSAK (ឈ្មោះក្នុងលិខិតឆ្លងដែនថៃ) ជនជាតិចិន (ចិនតៃវ៉ាន់ សញ្ជាតិថៃ)។ សម្ភារដកហូតបាន រថយន្ត១គ្រឿង ម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខកម្ពុជាC.K.7899 និងសម្ភារមួយចំនួនទៀត។

ករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសាកសួរតាមនីតិវិធីជំនាញ ខណៈជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

 

អត្ថបទដែលជាប់ទាក់ទង