ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ូលីសសេដ្ឋកិច្ចម្នាក់ ផ្ទុះអាវុធកាងទំនិញ ពីប្រទេសវៀតណាមចូលកម្ពុជា នៅភូមិសាស្ត្រទឹកដីខេត្តតាកែវ ត្រូវសមត្ថកិច្ចចាប់ខ្លួន

119

ខេត្ដតាកែវ ៖ មន្ត្រីនគរបាលសេដ្ឋកិច្ចម្នាក់ដែលជាអ្នកកាងទំនិញពីប្រទេសវៀតណាមចូលមកកម្ពុជា ភូមិសាស្ត្រខេត្តតាកែវត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយកំពុងបន្តនីតិវិធីកសាងសំណុំរឿងគ្រោងនឹងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី៣ ខែ កក្កដា ២០២៣ នេះ។

មន្ត្រីនគរបាលរូបនេះបានផ្ទុះអាវុធ កាងទំនិញបង្កឱ្យភ្ញាក់ផ្អើលនិងប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២៣ នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិបន្ទាយ ឃុំជីខ្មារ ស្រុកទ្រាំង ដោយរារាំងការអនុវត្តច្បាប់របស់មន្ត្រីសាធារណ: និងប្រេីប្រាស់អាវុធដោយខុសច្បាប់។ ជនបង្កឈ្មោះ ណុប សំបូរ ភេទ ប្រុសអាយុ៣១ឆ្នាំនាយរងការិយាល័យនគរបាលប្រឆាំង បទល្មេីសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មានទីលំនៅភូមិកំពង់អំពិល ឃុំ-ស្រុកបូរីជលសារ ខេត្ត តាកែវ ជិះរថយន្ត០១គ្រឿង ម៉ាក FORD RANGER WILDTRAK ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1BY -9899 បានធ្វេីសកម្មភាពរារាំង (បិទគូថ) និងបានដកកាំភ្លេីងខ្លីបាញ់ចំនួន០៥គ្រាប់ ដេីម្បីគំរាមដល់កម្លាំងគយចុះបង្ក្រាបទំនិញគេចពន្ធនាំចូល។

លុះមកដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ ដោយមានបទបញ្ជាពីលោកស្នងការ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកទ្រាំង និងកម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ ដឹកនាំដោយលោកវរ:សេនីយ៍ឯក យុង ញីវ នាយការិយាល័យ ចុះធ្វេីការស្រាវជ្រាវនៅកន្លែងកេីតហេតុ បានរកឃេីញសម្បកគ្រាប់កាំភ្លេីងពណ៌ទឹកប្រាក់ចំនួន០១គ្រាប់។

ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញា កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឃាត់ខ្លួនឈ្មោះ ណុប សំបូរ រួមជាមួយវត្ថុតាងកាំភ្លេីងខ្លីម៉ាកGLOCK លេខDZH980 គ្រាប់កាំភ្លេីងចំនួន១៥គ្រាប់ (គ្រាប់ពណ៌ទឹកប្រាក់ចំនួន ១០គ្រាប់) បង់កាំភ្លេីងចំនួន០១ និងរថយន្ត០១គ្រឿង ម៉ាក FORD RANGER WILDTRAK ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1BY-9899 យកមកសាកសួរនិងកសាងសំណុំរឿងទៅតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង