ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកដ្ឋានពន្ធដារ កោះអញ្ជើញ អគ្គនាយកក្រុមហ៊ុនចំនួន២ ឲ្យចូលមកទូទាត់បំណុលពន្ធ

61

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតកោះអញ្ជើញ ដល់អគ្គនាយកក្រុមហ៊ុនចំនួន២ ដើម្បីឲ្យចូលខ្លួនមកទូទាត់បំណុលពន្ធរដ្ឋ។ នេះបើតាមលិខិត នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ។

អគ្គនាយកដ្ឋានពន្ធដារ បានជម្រាបជូន លោក សេង ឆៃហ៊ី អគ្គនាយក ក្រុមហ៊ុន ឡឺផ្លុំបូយ៉ង់ប៊ូទីក រីហ្សត & ស្ប៉ា ស្តីពីការអញ្ជើញលោក សេង ឆៃហ៊ី ចូលខ្លួនមកទូទាត់បំណុលពន្ធ។

យោង ៖ -ច្បាប់ស្តីពីសារពើពន្ធដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥២៣/០០៤ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣
-ប្រកាសលេខ ៩៦២ សហវ.ប្រក ស្តីពីការគ្រប់គ្រងបំណុលពន្ធដារ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបជូនលោកអគ្គនាយកក្រុមហ៊ុន ឡឺផ្លុំបូយ៉ង់ ប៊ូទីក រីហ្សត & ស្ប៉ា (LE FLAMBOYANT BOUTIQUE RESORT & SPA)លេខអត្តសញ្ញាណកម្មសារពើពន្ធ ៖ B122- 901638731 ចុះបញ្ជីនៅសាខាពន្ធដារខេត្តកែប ឱ្យបានជ្រាបថា ការបង់ពន្ធអាករគឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់រូប ដើម្បីរួមចំណែកក្នុងថវិកាជាតិ។ កន្លងមក អគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញលោកអគ្គនាយកមកដើម្បីដោះស្រាយ បំណុលពន្ធ តាមរយៈលិខិតអញ្ជើញលេខ ១៤៧៣ អពដ.សខ.ក ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ប៉ុន្តែក្រុមហ៊ុនមិនបាន ទូទាត់បំណុលពន្ធតាមនីតិវិធីច្បាប់។

អនុលោមតាមមាត្រា ១៩៨ កថាខណ្ឌទី៦ វាក្យខណ្ឌ ខ នៃច្បាប់ស្តីពីសារពើពន្ធ អគ្គនាយកដ្ឋានពន្ធដារ សូមអញ្ជើញលោកអគ្គនាយក មកសាខាពន្ធដារខេត្តកែប ផ្លូវបេតុងលេខ ២៣៥០ ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប មិនឱ្យលើសពី ១៥ ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទលើលិខិតអញ្ជើញក្នុងទំព័រសារព័ត៌មាននេះ ដើម្បីដោះស្រាយបំណុលពន្ធរដ្ឋ។

ក្នុងករណី មិនបានអញ្ជើញមកតាមកាលកំណត់ខាងលើនេះទេ លោកអគ្គនាយកត្រូវចាត់ទុកថាបានប្រព្រឹត្តបទ ល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ ដូចមានចែងក្នុងមាត្រា ២២៦ ២៤២ និង ២៤៣ នៃច្បាប់ស្តីពីសារពើពន្ធ ហើយ អគ្គនាយកដ្ឋានពន្ធដារ នឹងចាត់វិធានការដោយប្ដឹងទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន។

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវខ្ពស់របស់ លោកអគ្គនាយក ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវ។

អត្ថបទដែលជាប់ទាក់ទង