ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ឃួង ស្រេង ដឹកនាំមន្រ្តីចុះបោសសំអាត និងបាញ់ទឹកលាងតាមដងផ្លូវ ម៉ៅសេទុង ក្រោយពីទទួលរងការលិចលង់ ដោយជំនន់ទឹកភ្លៀងយ៉ាងខ្លាំង កាលពីព្រលប់ថ្ងៃទី០៣ខែកក្កដា

60

 

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នៅព្រឹកថ្ងៃទី០៤ខែកក្កដាឆ្នាំ២០២៣នេះ បានដឹកនាំមន្ទីរជំនាញនិងអាជ្ញាធរខណ្ឌទួលគោក ចុះធ្វើការបោសសំអាតនិងបាញ់ទឹកលាងតាមដងផ្លូវ ម៉ៅសេទុង ក្នុងភូមិសាស្ត្រខណ្ឌទួលគោក ក្រោយពីទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀងយ៉ាងខ្លាំងកាលពីព្រលប់ថ្ងៃទី០៣ខែកក្កដាម្សិលមិញ។

ក្នុងឱកាសនោះឯកឧត្តម ឃួង ស្រេងបានធ្វើការណែនាំឲ្យមន្ទីរសាធារណការដឹកជញ្ជូនរាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌ ធ្វើការបោសនិងលាងសម្អាតឲ្យស្អាត នៅតាមបណ្ដោយផ្លូវមួយចំនួន ដែលទទួលរងការលិចលង់កាលពីយប់មិញ ដូចជាផ្លូវម៉ៅសេទុង ផ្លូវកម្ពុជាក្រោម ផ្លូវ២០០៤និងបណ្តាលផ្លូវមួយចំនួនទៀត សំខាន់គឺសម្អាតអោយបានស្អាតក្នុងថ្ងៃនេះតែម្តង ដើម្បីអោយរាជធានីភ្នំពេញមានអនាម័យស្អាត បរិស្ថានល្អ ដូចធម្មតាឡើងវិញ។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងផងដែរថា កាលពីព្រលប់និងយប់ថ្ងៃទី០៣ខែកក្កដា ម្សិលម៉ិញភ្លៀងបានបង្អុលឡើងយ៉ាងខ្លាំង ដែលជាកម្ពស់ទឹកភ្លៀងខ្ពស់ខ្លាំងមិនធ្លាប់មាន ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ដោយកំពស់ទឹកមាន រហូតដល់ ១៥៣ មីលី្លម៉ែត្រ ( វាស់នៅស្ថានីយ៍បឹងត្របែក ) ដែលបានធ្វើឲ្យតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ បានទទួលរងការលិចលង់ ។ប៉ុន្តែទោះបីជាយ៉ាងក្តី ក្រោយពីមានការណែនាំពីឯកឧត្តម ឃួង ស្រេង ក្រុមការងារនៃមន្ទីរសាធារណការដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រើប្រាស់ មន្ត្រីនិងកម្មករទាំងអស់ដើម្បីធ្វើយ៉ាងណាអោយទឹកបានស្រកអស់ពីផ្លូវ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋ។

លោកសាំ ពិសិដ្ឋ ក៏បានបញ្ជាក់អោយដឹងទៀតថា នៅព្រឹកថ្ងៃទី០៤ កក្កដានេះ ដោយមានការណែនាំនិងចុះពិនិត្យដោយផ្ទាល់ នៅលើបណ្តោយផ្លូវម៉ៅសេទុង ឯកឧត្តម ឃួង ស្រេង បានជម្រុញឲ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ប្រើប្រាស់កម្មករទាំងអស់ជាមួយនឹងការប្រើប្រាស់រថយន្តបាញ់ទឹកចំនួន ១៨ គ្រឿង ដើម្បីលាងសម្អាតតាមបណ្ដោយផ្លូវម៉ៅសុទុង ក៏ដូចជាផ្លូវកម្ពុជាក្រោម និងបណ្តា ផ្លូវមួយចំនួនទៀតដែលមានកាកសំណល់ភក់និងសំរាមនៅលើទ្រូងផ្លូវ។

លោកសាំ ពិសិដ្ឋ បានបញ្ជាក់ផងដែរថា ទន្ទឹមនិងកម្រិតទុកភ្លៀងខ្លាំងរហូតដល់កំពស់១៥៣មីលី្លម៉ែត្រនេះ ស្ថានីយ៍បូមទឹករបស់យើង ដែលមានសមត្ថភាពបូមទឹក បានខ្លាំងជាងមុន៣ដងនោះ បានធ្វើសកម្មភាពបូមទឹកទាំងយប់ ដែលបានធ្វើឲ្យតំបន់មួយចំនួនបានស្រកចុះទៅវិញលឿន។ ក្នុងនោះផ្លូវកម្ពុជាក្រោមបានស្របអស់នៅម៉ោង១២យប់ ផ្លូវ២០០៤បានស្រកអស់នៅម៉ោង១យប់ និងផ្លូវម៉ៅសេទុងនេះ បានស្រកអស់នៅម៉ោងប្រមាណ៣ទៀបភ្លឺ។
ដោយឡែកនៅព្រឹកថ្ងៃដដែលនេះតំបន់មួយចំនួន នៅបឹងទំពន់ គឺបាននិងកំពុងទទួលរងការលិចលង់នៅឡើយ ព្រោះតំបន់នោះទៀបជាងគេ។ ប៉ុន្តែទោះបីយ៉ាងណាក្តី ក្រោមការខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ ពីអាជ្ញាធររាជធានីនៅម៉ោង១១ឬ១២ថ្ងៃនេះ ទឹកនិងអាចច្រកចុះអស់ពីតំបន់ទាំងនោះហើយ៕

អត្ថបទដែលជាប់ទាក់ទង